ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារឲ្យមានការឈប់ជាបន្ទាន់នូវការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម
កាលពីថ្ងៃទី១០ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានទាមទារឲ្យមានការឈប់ជាបន្ទាន់នូវការវាយប្រហាររបស់ក្រុមហ៊ូទីប្រឆាំងនឹងនាវានៅសមុទ្រក្រហម ដែលរាំង ស្ទះដល់ពាណិជ្ជកម្មអន្តរជាតិ និងធ្វើឲ្យទន់ខ្សោយដល់សិទ្ធ និងសេរីភាពនៃការធ្វើនាវាចរណ៍ ព្រមទាំងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
ដំណោះស្រាយដែលរៀបចំឡើងដោយសហរដ្ឋអាម៉េរិក និងជប៉ុន ដែលត្រូវបានអនុម័តដោយ១១សម្លេង គាំទ្រ និងបួនប្រឆាំង មានរុស្ស៊ី ចិន អាល់ហ្សេរី និងមូហ្សំប៊ិច ថ្កោលទោសដោយ ប្រើពាក្យពេជន៍ សម្រាប់ការវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ូទី ទៅលើនាវាដឹកទំនិញ និងពាណិជ្ជកម្មយ៉ាងហោចណាស់ ១២គ្រឿង ចាប់តាំងពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រុមប្រឹក្សាសន្តិសុខ ដែលទទូចឲ្យមានការគោរពច្បាប់អន្តរជាតិ កត់សម្គាល់អំពីសិទ្ធរបស់រដ្ឋ សមាជិកនានាដើម្បីការពារនាវាប្រឆាំងនឹងការវាយប្រហារ។
ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅថ្ងៃទី៧ ខែតុលា រវាងអ៊ីស្រាអែល និងហាម៉ាស ក្រុម ហ៊ូទី ដែលគ្រប់គ្រងមួយផ្នែកដ៏ធំនៃប្រទេសយេម៉េន បានបង្កើនការវាយប្រហារទៅលើសមុទ្រក្រហម ដើម្បីពន្យឺតចរាចរណ៍ផ្លូវសមុទ្រអន្តរជាតិ និងបញ្ជាក់ថាធ្វើការដោយសាមគ្គីភាព ជាមួយនឹងប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា។
សម្ព័ន្ធមិត្តទី១ របស់អ៊ីស្រាអែល គឺសហរដ្ឋអាម៉េរិក កាលពីខែធ្នូ បានកៀងគរសម្ព័ន្ធមិត្តអន្តរជាតិដើម្បីការពារចរាចរណ៍ផ្លូវសមុទ្រពីការវាយប្រហាររបស់ក្រុមហ៊ូទី នៅក្នុងតំបន់យុទ្ធសាស្រ្ត ដែលជាផ្លូវពាណិជ្ជកម្មពិភពលោក ១២%។
នេះគឺជាសម្ព័ន្ធមិត្តដែលប្រទេសរុស្ស៊ីបានបរិហារ។ អគ្គរដ្ឋទូតរុស្ស៊ី លោកវ៉ាស៊ីលី ណេបេនហ្ស៊ីយ៉ា បានបរិហារថា ៖ “យើងមិនអាចមិនព្រួយបារម្ភអំពីស្ថានភាពសព្វថ្ងៃនៅសមុទ្រក្រហម(...) ហើយយើងព្រួយបារម្ភថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជារឿយ ជ្រើសរើសយកដំណោះស្រាយដោយប្រើកម្លាំងជាឯកតោភាគី”។
ដំណោះស្រាយ ដែលកត់សម្គាល់នូវការរំលោភជាទ្រង់ទ្រាយធំលើការដាក់ទណ្ឌកម្មសព្វាវុធ សម្រាប់ក្រុមហ៊ូទី បានរំឭកអំពីភាពចាំបាច់សម្រាប់រដ្ឋសមាជិកទាំងអស់គោរពកាតព្វកិច្ចចំពោះរឿងនេះ និងថ្កោលទោសការផ្តល់សព្វាវុធដល់ក្រុមហ៊ូទីដែលស្និទ្ធនឹងប្រទេសអ៊ីរ៉ង។
យោងតាមរបាយការណ៍ចុងក្រោយនៃអ្នកជំនាញដែលតែងតាំងដោយក្រុមប្រឹក្សាសន្តិសុខដើម្បីតាមដានការដាក់ទណ្ឌកម្មអំពីសព្វាវុធ តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ូទី បានពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំងក្លាទាំងជើងគោក និងជើងទឹក រួមមាននាវាមុជទឹក អាវុធមីស៊ីល និងដ្រូនផងដែរ ដោយរំលោភលើការដាក់ទណ្ឌកម្ម។
ពង្រាងច្បាប់នៃដំណោះសា្រយអំពាវនាវឲ្យដោះស្រាយស្ថានភាពឲ្យដល់ឫសគល់ រួមទាំងជម្លោះដែលរួមចំណែកធ្វើឲ្យមានភាពតានតឹងនៅក្នុងតំបន់។
លោកស្រីលីនដា ថូម៉ាស ហ្គ្រីនហ្វៀ ឯកអគ្គរដ្ឋទូតអាម៉េរិក បានអធិប្បាយថា ធ្វើការពាក់ព័ន្ធជាមួយតំបន់ហ្គាហ្សា នឹងលើកទឹកចិត្តដល់ក្រុមហ៊ូទី និងបង្កើតគ្រោះថ្នាក់មិនអាចនឹកស្មានសម្រាប់ក្រុមប្រឹក្សា វាគឺជាការរំលោភលើច្បាប់អន្តរជាតិ និងមិនទាន់រាប់បញ្ចូលការផ្តល់ជំនួយហិរញ្ញវត្ថុ និងសម្ភារៈរបស់អ៊ីរ៉ងដល់ក្រុមហ៊ូទីផង។ លោកស្រី ដែលអំពាវនាវឲ្យអ៊ីរ៉ងធ្វើការជ្រើសរើស បានអះអាងថា យើងមិនត្រូវធ្វើប្រហែលនឹងប្រភពនៃបញ្ហានោះទេ (...) យើងដឹងថា អ៊ីរ៉ងគឺបានចូលពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងការរៀបចំផែនការនៃប្រតិបត្តិការប្រឆាំងនឹងនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម”។
ចំណែក លោកស្តេហ្វាន ឌុចារីក អ្នកនាំពាក្យនៃអគ្គលេខាអង្គការសហប្រជាជាតិ បានពន្យល់ថា ៖ “យើងព្រួយបារម្ភខ្លាំងជានិច្ចពាក់ព័ន្ធនឹងស្ថានភាពនៅសមុទ្រក្រហម មិនគ្រាន់តែទាក់ទងនឹងស្ថានភាពផ្ទាល់ ហានិភ័យចំពោះពាណិជ្ជកម្មពិភពលោក បរិស្ថាន និងមនុស្ស ប៉ុន្តែក៏ជាហានិភ័យដែលធ្វើឲ្យរីករាលដាលធំឡើងនូវជម្លោះដែលកាន់តែទំលំទូលាយនៅមជ្ឈិមបូព៌ាផងដែរ។