ក្រុមបំបែកខ្លួនរុស្ស៊ីនៅត្រង់នីស្ទ្រីសុំការការពារពីរុស្ស៊ី

អាជ្ញាធរនៅត្រង់នីស្ត្រ៊ី តំបន់បំបែកខ្លួនគាំទ្ររុស្ស៊ីនៅម៉ូលដាវី កាលពីថ្ងៃពុធទី២៨ ខែ​កុម្ភៈ​បាន​សុំ​ទៅកាន់រុស្ស៊ី​នូវវិធានការការពារប្រឈមមុខនឹង​សម្ពាធ​ដែលកើនឡើងពីម៉ូលដាវី នៅចំ​កណ្តាល​នៃភាពតានតឹងដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ដោយជម្លោះអ៊ុយក្រែនជិតខាង។

ការទូតរុស្ស៊ីបានឆ្លើយតបយ៉ាងរហ័ស ដែលធានាក្នុងអាទិភាព​នៃការការពារប្រជាជន​នៅ​ត្រង់នីស្ទ្រី និងបន្ថែមថា ទីក្រុងមូស្គូ នឹងពិនិត្យដោយយកចិត្តទុកដាក់ចំពោះ​សំណើ​របស់​ទីក្រុងទីរ៉ាស្ប៉ូល ដោយមិនបានផ្តល់ការបញ្ជាក់បន្ថែមទៀតទេ។

ចំណែករដ្ឋាភិបាលម៉ូដាវី បានទាត់ចោល​ការឃោសនារបស់មេដឹកនាំក្រុមបំបែកខ្លួន និង​បញ្ជាក់​ថា តំបន់នេះទទួលបានគុណប្រយោជន៍ពីនយោបាយបាយសន្តិភាព សន្តិសុខ និង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច នៅក្នុងក្របខណ្ឌ​នៃទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។

អ្នកតំណាងរាស្រ្ត ត្រង់នីស្ទ្រី បានជួបប្រជុំគ្នានៅទីរ៉ាស្ប៉ូល ក្នុងសមាជវិសាមញ្ញ និងទាមទារ​ដល់​សភា​រុស្ស៊ីដាក់ចេញនូវវិធានការដើម្បីការពារដែនដីដ៏តូចនេះ ដែលមានពលរដ្ឋរុស្ស៊ី ច្រើន​ជាង២២០០០០នាក់ រស់នៅ ប្រឈមមុខនឹង​សំពាធ​ដែលកើនឡើងពីផ្នែកនៃ​ប្រទេស​មូដាលវី។ ពួកគេបានសរសេរនៅក្នុងសេចក្តីប្រកាសថា ត្រង់នីស្ទ្រី បានប្រឈមនឹង​ការ​គំរាម​កំហែង ដែលមាន​ជាធម្មតា មកលើសេដ្ឋកិច្ច សង្គមនុស្សធម៌ និងនយោបាយយោធា។

រដ្ឋ​មន្រ្តីកិច្ចការបរទេសនៃក្រុមបំបែកខ្លួន លោកវីតាលី អ៊ីញ៉ាទីវ បានបញ្ជាក់​នៅលើ​បណ្តាញ​ទូរទស្សន៍រុស្ស៊ី រ៉ូស៊ីយ៉ា-24 ថា ជាបឋម វាគឺជាការសុំការគាំទ្រការទូតពីទីក្រុងមូស្គូ។

នៅទីក្រុងវ៉ាស៊ីងតុន អ្នកនាំពាក្យនៃនាយកដ្ឋានរដ្ឋ លោកម៉ាថីវ មីលើ បានថ្លែងថា សហរដ្ឋ​អាម៉េរិកគាំទ្រយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពដែនដីនៃ​ប្រទេសម៉ូលដាវី​នៅ​ក្នុង​​ព្រំដែនអន្តរជាតិដែលត្រូវបានទទួលស្គាល់”។

ប្រទេសអឺរ៉ុបដំបូង ដែលប្រតិកម្មជាផ្លូវការ មានប៉ូឡូញ តាមរយៈនាយករដ្ឋមន្រ្តីរបស់ខ្លួន លោក​ដូលណាស់ ទូស្ក៍ បានវិនិច្ឆ័យថា នេះគឺជាគ្រោះថ្នាក់ ដែលមានភាពតានតឹង​នៅក្នុង​តំបន់។

ចំណែកនៅទីក្រុងគៀវ ការទូតអ៊ុយក្រែនបានព្រមានប្រឆាំងរាល់​ការជ្រៀតជ្រែកពីខាងក្រៅ​ដែល​បំផ្លិចបំផ្លាញនៅត្រង់នីស្ទ្រី។ ក្រសួងការបរទេសអ៊ុយក្រែន បានអំពាវនាវឲ្យមានដំណោះ​ស្រាយ​ដោយសន្តិភាពនៅលើបញ្ហាសេដ្ឋកិច្ច សង្គម និងមនុស្សធម៌រវាងម៉ូលដាវី និង​ត្រង់នីស្ទ្រី និងគ្មានការជ្រៀតចូលដ៏បំផ្លិចបំផ្លាញពីខាងក្រៅ គឺនិយាយគឺសំដៅទៅដល់រុស្ស៊ី។  ក្រសួងការបរទេសអ៊ុយក្រែនបានបន្ថែមថា ៖ “យើងធ្វើ និងបន្តធ្វើរាល់អ្វីៗ តាមលទ្ធភាព​របស់​យើង​ដើម្បីរារាំងរាល់ការប៉ុងប៉ងធ្វើឲ្យបាត់ស្ថិរភាពរបស់ប្រទេសម៉ូលដាវី ឬប្រទេសដទៃៗ ទៀតនៅក្នុងតំបន់របស់យើង។” ក្រសួងការបរទេសអ៊ុយក្រែនក៏បានរំឭក​ឲ្យមានការដកកង​កម្លាំង​​រុស្ស៊ីជាបន្ទាន់ចេញពីត្រង់នីស្ទ្រី ផងដែរ។

ត្រង់នីស្ទ្រី គឺជាសន្ទះដែនដី​ដែលស្ថិតនៅចន្លោះប្រទេសម៉ូលដាវី និងអ៊ុយក្រែន។ ត្រង់នីស្ទ្រី បាន​បែកចេញពីម៉ូលដាវី ​បន្ទាប់ពីសង្រ្គាមរយៈពេលខ្លី​នៅឆ្នាំ១៩៩២ ប្រឆាំងទាហានម៉ូលដាវី។ យោងតាមតួលេខផ្លូវការ រុស្ស៊ីបានទុកទាហានខ្លួនជានិច្ចកាល ១៥០០នាក់ ហើយនិយាយថា គឺ​ដើម្បីធានាបេសកកម្ម​រក្សាសន្តិភាព។

ប៉ុន្តែចាប់តាំងពីការវាយប្រហារនៅខែកុម្ភៈ ឆ្នាំ២០២២ ប្រឆាំងនឹងទីក្រុងគៀវ ការ​បញ្ជូន​ទាហាន​បន្ថែមមានជាទៀងទាត់សម្រាប់ការវាយប្រហារជាយថាហេតុ ដែលរុស្ស៊ី​អាចធ្វើ​ប្រតិបត្តិការ​ចេញ​ពីត្រង់នីស្ទ្រីឆ្ពោះទៅកាន់ទិសដៅសំដៅទីក្រុងកំពង់ផែដ៏ធំរបស់អ៊ុយក្រែន អូដឺសា នៅលើសមុទ្រខ្មៅ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រធានាធិបតីក្រុមបំបែកខ្លូន លោកវ៉ាឌីម ក្រាស្ណូសេល​ស្គី ដែលលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានអះអាងថា ដែនដីត្រង់នីស្ទ្រី​ធ្លាប់ទទួល​រង​នយោបាយប្រល័យពូជសាសន៍ តាមរយៈ​សំពាធសេដ្ឋកិច្ច រូប យុត្តិធម៌ និងតុលាការ។

 

Daily Program

Livesteam thumbnail