ក្រសួង​សុខាភិបាល ណែនាំឱ្យមានការពង្រឹង​សន្តិសុខ សុវត្ថិភាពដល់​មន្រ្តីសុខាភិបាល អ្នកជំងឺ និង​គ្រួសារអ្នកជំងឺ​នៅតាមគ្រប់​មូលដ្ឋានសុខាភិបាល

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បាន​ណែនាំឱ្យ​​គណៈអភិបាលរាជធានី ខេត្តទាំងអស់​បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ​ដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ ដូចជាអ្នកជំងឺ និងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល។

យោងតាម​លិខិតរបស់លោក ឈាង រ៉ា ផ្ញើជូន​គណៈអភិបាលរាជធានីខេត្ត​ នាថ្ងៃទី​១៤ ខែឧសភា បាន​លើកឡើងថា ក្រសួងសុខាភិបាល បាននិងកំពុងជំរុញការផ្តល់ សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍ សុខភាព។

លោកបាន​បន្តថា ការ​ផ្តល់សេវាសុខាភិបាលនេះ ​ជាគ្រឹះនៃការឈានឆ្ពោះទៅការគ្របដណ្តប់សុ​ខភាពជាសកលនាពេលអនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋា​ភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឈាង រ៉ា បានបញ្ជាក់ថា ៖ «ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្រសួងសុខាភិបាលសូមឯកឧត្តម លោកជំទាវ មេត្តាបន្តណែនាំប​ន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ច តាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ ស​ង្កាត់ទូទាំងប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយ ជំនាញនៅកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល»។

លោកបានបន្តថា ៖ «ជាពិសេស មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែល ស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឱ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជាពលរដ្ឋ កាន់តែមានភាពកក់ក្ដៅ ទាំងនៅពេលថ្ងៃ និងពេលយប់ ប្រកបដោយសេចក្តីសុខសុវត្ថិភាព»៕

 

Daily Program

Livesteam thumbnail