ក្រសួង​បរិស្ថាន បានប្រកាសដាក់ចេញ​យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើ​ប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ។

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស ប្រជា​ពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ​

ពិធី​ប្រកាសបើកយុ​ទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលនឹង​​ចាប់អនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ បានប្រារព្ធឡើង​ក្រោម​អធិបតីភាព​ ​លោក អ៊ាង សុផ្លែត​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន។

លោកបានមានប្រសាសន៍ថា ៖ «យុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន នេះ បានបង្ហាញយ៉ាងច្បា​ស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាយើងបានចូលរួមទប់ស្កាត់ ការពា​រ​ការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចហើយ»។

លោកបាន​បញ្ជាក់ទៀតថា ជោគជ័យដែលទទួលបាននោះគឺយុទ្ធនាការបន្តថ្មីមួយទៀតនេះ បា​ន​ដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិ​ស្សា​នុសិស្ស និងប្រជាជនចំនួនជាង ៨លាន នាក់នៅទូទាំងប្រទេសកម្ពុជា។ ​

នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត បានលើកឡើងផងដែរ​ថា ភាពស្អាត និងសុខភាពប្រ​ជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិ​ត្តទុកដាក់។

«ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំ​ណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រ​សើ​រ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន»។ លោក អ៊ាង សុផ្លែត បានបញ្ជាក់បន្ថែម៕

Daily Program

Livesteam thumbnail