ក្រសួងមហាផ្ទៃ ​សម្រេច​ផ្អាក​ការងារ​លោកឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ​បណ្ដោះអាសន្ន

ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការងារ ​និង​មុខតំណែង​លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាលទេសចរណ៍​ ជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។ ​ ការសម្រេចផ្អាកមុខតំណែង ​និង​ភារកិច្ចបណ្តោះអាសន្ននេះ​ គឺធ្វើឡើងដើម្បីអនុវត្ត​តាមនីតិ​វិធី​នៃ​ការ​ស្រាវជ្រាវ ​និង​ពិនិត្យមើលភាពមិនប្រក្រតីនានា។​

កាលពីថ្ងៃទី១៣ ​ខែកក្កដា ​ឆ្នាំ២០២៦ នៅចន្លោះពី ១៧:០០ នាទី ដល់ ១៨:០០ នាទី នៅចំណុច​ក្រោយ​ក្រុមហ៊ុនទូរស័ព្ទសែលកាត ​មានក្រុមមនុស្សមួយក្រុមអះអាងថាខ្លួនជា «នគរបាល​ទេសចរណ៍» ​ដឹកនាំដោយឈ្មោះ រុន រ័ត្នវាសនា បានមកចាប់បង្ខំជនរង​គ្រោះ​បញ្ចូលឡាន​ រួចនាំ​យក​ទៅបង្ខាំងទុកនៅនាយកដ្ឋាននគរបាលទេសចរណ៍ នៃក្រសួងមហាផ្ទៃ ដោយគ្មានដីកា ឬការ​ដឹងឮពីព្រះរាជអាជ្ញានោះឡើយ។ ​

ក្រោយមក ក្រុម«នគរបាល​ទេសចរណ៍» ​ឈ្មោះ លីម កុក ជាំង, ឡាច បុប្ផាភក្ដី, រុន រ័ត្នវាសនា ​បានព្យាយាមសម្លុត និងបង្ខំឱ្យជនរងគ្រោះបើក​លុយពីគណនីធនាគារ​អេស៊ីលីដារបស់​បងស្រី​ជនរង​គ្រោះ (ឈ្មោះ សុខ គីម)។ ​ពួកគេថែមទាំងបាននាំជនរងគ្រោះ​ទៅបង្ខាំងទុក​បន្តនៅ​អគ្គស្នង​ការដ្ឋាននគរបាលជាតិ ព្រមទាំងបង្ខំឱ្យបងស្រីជនរងគ្រោះ​មកផ្តិតមេដៃលើ​ឯកសារមួយ​ចំនួន​ទៀត​ផង។​

​លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមជនសង្ស័យបាននាំខ្លួន​ជនរងគ្រោះ​ទៅ​កាន់ធនា​គារអេស៊ីលីដា ​ទីស្នាក់ការកណ្តាលដូនពេញ ​ដើម្បីបង្ខំឱ្យបងស្រីជនរងគ្រោះដកប្រាក់ចំនួន ៥០៥ ០០០ ដុល្លារ (ហាសិបម៉ឺន ប្រាំពាន់ ដុល្លារអាមេរិក) ដោយបានគំរាមថា បើមិនដកប្រាក់ឱ្យទេ ពួកគេ​នឹង​យកជនរងគ្រោះទៅដាក់គុក ២០ ឆ្នាំ។ ​ក្រោយពីទទួលបានប្រាក់ហើយ​ ទើបពួកគេព្រម​ដោះ លែង​ជនរងគ្រោះឱ្យមានសេរីភាពវិញនៅវេលាម៉ោងប្រហែល ១៦:០០ នាទីរសៀល។ 

ពាក់ព័ន្ធនឹងបញ្ហានេះ ​នាយកដ្ឋាននគរបាលទេសចរណ៍ ​បានចេញសេចក្តីបំភ្លឺ​ បដិសេធទាំង​ស្រុងចំពោះការ​ចោទប្រកាន់លើ​បណ្តាញសង្គមថា ​សមត្ថកិច្ចបានធ្វើការចាប់ខ្លួន ​បង្ខាំង និង​គំរាម​កំហែងជំរិតទារប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ​ដោយបញ្ជាក់ថា​ ​នេះជាករណីសម្របសម្រួលដោះស្រាយ ករណីបុគ្គលិកសង្ស័យលួចប្រាក់ក្រុមហ៊ុនជិត ២លានដុល្លារ។​

​ក្នុងអំឡុងពេលនៃការផ្អាកការងារបណ្តោះអាសន្ននេះ ​លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ត្រូវ​ចូល​ខ្លួនមកបង្ហាញមុខនៅគ្រប់ម៉ោងធ្វើការ ដើម្បីរង់ចាំការកោះហៅ​ និងចូលរួមសហការក្នុង​នីតិវិធី​ស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ រហូតដល់មានសេចក្តីសម្រេចជាថ្មី៕

 

 

Daily Program

Livesteam thumbnail