ក្រសួងកិច្ចការនារី និង ធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង
ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង (Global Summit of Women 2024 Roundtable Ministerial Award) លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំ ឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម បានឱ្យដឹងថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននាំយកគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» អភិវឌ្ឍ ដោយធនាគារជាតិនៃកម្ពុជា បង្ហាញជូនដល់អង្គប្រជុំ នៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ដ្រី នៃកិច្ចប្រជុំ កំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា ក្រោយពីវាយតម្លៃ និងពិនិត្យយ៉ាងល្អិតល្អន់ដោយគណៈកម្មការនៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក រួចមក គម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈប្រព័ន្ធទូទាត់បាគង ត្រូវបានចាត់ទុកថា ជាគម្រោងដែលបានផ្ដល់អត្ថប្រយោជន៍ និងរួមចំណែកដ៏សំខាន់ ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រី និងសហគ្រិនស្ត្រី ជាពិសេសស្ត្រីដែលរស់នៅតាមតំបន់ជនបទ ហើយត្រូវបានគណៈកម្មការបាន សម្រេចផ្ដល់ពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» ដល់ស្ថាប័នទាំងពីរ។
គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាពលរដ្ឋឌីជីថល តាមរយៈការអភិវឌ្ឍមូលធនមនុស្សផ្នែកឌីជីថល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ស្ត្រី ព្រមទាំងក្រុមគ្រួសារ។
ការលើកម្ពស់ទាំងនោះរួមមានតាមរយៈ ១), ការផ្តល់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងជួយពួកគេឱ្យកាន់ តែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ២). ការជួយសហគ្រិនស្ត្រីឱ្យទទួលបានសេវា ទូទាត់តាមប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់ និង ៣). ការគាំទ្រស្រ្តីឱ្យ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការផ្សេងៗ ដូចជាសេវាឥណទាន និងសេវាប្រាក់បញ្ញើ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្ម ក៏ដូចជាវិនិយោគក្នុងការអប់រំ ឬត្រៀមទុកសម្រាប់គ្រាអាសន្ន៕