ក្រសួងការងារ ប្រកាសបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ដល់ពលករកម្ពុជា វិលត្រលប់មកស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលទៅដល់ពលករខ្មែរដែលបានវិលត្រលប់មកស្រុកកំណើតវិញ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នះ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃថា ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ តទៅ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលហើយ។
ក្រសួងបានបញ្ជាក់ថា ៖«បងប្អូនពលករកម្ពុជាដែលមានបំណងធ្វើដំណើរចេញ-ចូលប្រទេសថៃត្រូវបំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Pemit) នៅតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ឬតាមការិយាល័យអន្តោប្រវេសន៍នៅតាមបណ្តាខេត្តក្នុងប្រទេសថៃដែលបងប្អូនកំពុងស្នាក់នៅ មុនធ្វើដំណើរចេញពី ប្រទេសថៃ ដើម្បីរក្សាសុពលភាពទិដ្ឋាការការងាររបស់បងប្អូន»។
សូមរម្លឹកផងដែរថា បន្ទាប់ពីមានសំណូមពរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា, រាជរដ្ឋាភិបាលថៃ បា នអនុញ្ញាតលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់ពលករកម្ពុជាដែលធ្វើដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ការលើកលែងនេះ គឺដើម្បីអបអរសាទរនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បន្ទាប់ពីសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្នើទៅដល់នាយករដ្ឋមន្រ្តីថៃ ក្នុងឱកាសថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នានាពេលកន្លងមក៕