ក្រសួងការងារ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ នៅខែក្រោយនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យដឹងថា ក្រសួងនឹងរៀបចំប្រារព្ធទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
ទិវានេះ នឹងធ្វើឡើងក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
ក្រសួងបានបញ្ជាក់ថា ទិវាជាតិនេះ នឹងមានការដាក់តាំងបង្ហាញ និងការប្រកួតប្រជែងនូវស្នាដៃរបស់សិស្ស និស្សិត ដែលមាន គំនិតច្នៃប្រឌិត នវានុវត្តន៍ ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងវិស័យ ពាក់ព័ន្ធនានា និងអាចប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ បម្រើដល់ការងារសង្គម វិស័យ កសិកម្ម ពាណិជ្ជកម្ម សំណង់ និងឧស្សាហកម្មផងដែរ»។
ក្រសួងបន្ថែមថា ស្នាដៃទាំងនេះ នឹងត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការរៀបចំការប្រកួត និងការបោះឆ្នោតលើភាពពេញចិត្តពីសំណាក់អ្នកចូលរួមទស្សនា។
ចំពោះបេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបាននូវរង្វាន់លើកទឹកចិត្តផ្សេងៗ។ ក្នុងន័យនេះ សិស្ស និស្សិត និងយុវជន អាចមកដាក់ពាក្យស្នើសុំ ចូលរួមដាក់តាំងបង្ហាញ និងប្រកួតប្រជែង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែមិថុនា តាមលក្ខខណ្ឌកំណត់ដូចជា៖ ត្រូវមានស្នាដៃ ឧបករណ៍ សម្ភារ ជាបច្ចេកវិទ្យាថ្មីៗ និងមានភាពទាក់ទាញ ដែលបង្កើតបានដោយខ្លួនឯង ឬជាក្រុម។ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃពីក្រុមការងារមុននឹងទទួលបានការអនុញ្ញាតឱ្យចូលរួមដាក់តាំងបង្ហាញ និងប្រកួត និងមិនត្រូវជាប់កម្មសិទ្ធិបញ្ញា ឬចម្លងពីស្នាដៃដទៃឡើយ៕