ការិយាល័យប្រព័ន្ធផ្សព្វផ្សាយថ្មីមួយនៅបរិវេណវិទ្យុវ៉ារីតាសអាស៊ីបានទទួលពិធីប្រសិទ្ធពរ

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអាស៊ីថ្មីត្រូវបានប្រារព្ធពិធីប្រសិទ្ធពរកាលពីថ្ងៃទី ១២ ខែកញ្ញា នៅបរិវេណស្ថានីយវិទ្យុវ៉ារីតាសអាស៊ី ក្នុងទីក្រុង គេហ៊្សុន ប្រទេសហ្វីលីពីន ។

លោកអភិបាល ម៉ាសេលីណូ អេនតូនីញ៉ូ ជូនី ម៉ារ៉ាលីត ( Marcelino Antonio “Junie” Maralit Jr.) ដែលជាប្រធានការិយាល័យនោះផ្ទាល់ បានដឹកនាំពិធីប្រសិទ្ធពរនៅអគារ​ សន្តយូសេប ស្របពេលជាមួយគ្នានឹងការប្រារព្ធពិធីមហាសន្និបាតអ្នកផ្សព្វផ្សាយសាសនាកាតូលិកតាមប្រព័ន្ធឌីជីថលនៅអាស៊ីលើកទីមួយ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា។

បន្ទាប់ពីពិធីប្រសិទ្ធពរ លោកអភិបាល បានសម្តែងក្តីសង្ឃឹមថា ការិយាល័យថ្មីនេះនឹងជួយពង្រឹង និងពង្រីកកិច្ចការងាររបស់ ការិយាល័យ ខណៈដែលព្រះសហគមន៍កាតូលិកកំពុងតែខិតខំឆ្លើយតបទៅនឹងបរិបទទំនាក់ទំនងដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

នាឱកាសនោះ លោកបូជាចារ្យ យូហាន មី​ សេន ( John Mi Shen) ដែលជាលេខាធិការប្រតិបត្តិនៃ ការិយាល័យនោះ និងជានាយកកម្មវិធីរបស់វិទ្យុវ៉ារីតាស បានពណ៌នាការិយាល័យថ្មីនេះថាជាជំហានដ៏សំខាន់មួយក្នុងការការពង្រឹងការងារ និងកិច្ចសហប្រតិបត្តិការរបស់ការិយាល័យនៅទូទាំងទ្វីបអាស៊ី។

លោកបូជាចារ្យ បានមានប្រសាសន៍បន្ទាប់ពីពិធីប្រសិទ្ធពរថា ការិយាល័យនេះផ្តល់ឱ្យយើងនូវទីកន្លែងមួយដែលយើងអាចធ្វើការរួមគ្នាបានកាន់តែជិតស្និទ្ធ សម្របសម្រួលគំនិតផ្តួចផ្តើមនានា និងបម្រើដល់កិច្ចការងារទំនាក់ទំនងរបស់ព្រះសហគមន៍កាតូលិកនៅអាស៊ីបានកាន់តែប្រសើរឡើង។

Daily Program

Livesteam thumbnail
khmer popup image