ការអភិវឌ្ឍប្រជាពលរដ្ឋឱ្យក្លាយជាមូលធនមនុស្ស ប្រៀបដូចជាការច្នៃគ្រាប់ពេជ្រឱ្យមានតម្លៃឥតគណនា
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការបំប្លែងប្រជាពលរដ្ឋខ្មែរឱ្យទៅជាមូលធនមនុស្សពិតប្រាកដ គឺមានតម្លៃស្មើនឹងការច្នៃគ្រាប់ពេជ្រឱ្យមានពន្លឺចិញ្ចាចចែងចាំង និងបង្កើតតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាន សម្រាប់ទ្រទ្រង់ដល់ការកសាងសង្គមស៊ីវីល័យនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលតែងតែផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកថាជា «ដង្ហើមសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម»។ ក្នុងន័យនេះ ការពង្រឹងគុណភាពប្រជាពលរដ្ឋត្រូវផ្ដោតលើសសរស្តម្ភគន្លឹះចំនួនបី រួមមាន ទីមួយ សុខភាព ទីពីរ ចំណេះដឹងនិងបំណិន និងទីបី គឺឱកាសការងារ ឬអាជីពពិតប្រាកដ។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា៖ «ការកសាងធនធានមនុស្សដែលជាគ្រឹះដ៏រឹងមាំរបស់ជាតិ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាសុខភាព។ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋម្នាក់ៗមានសុខភាពល្អបរិបូរណ៍ ដើម្បីក្លាយជាបង្អែកដ៏រឹងមាំសម្រាប់គ្រួសារ និងសង្គមជាតិ ជាជាងការធ្វើឱ្យខ្លួនទៅជាបន្ទុក ព្រោះថាសុខភាពទន់ខ្សោយ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ»។
សន្ទុះនៃការអភិវឌ្ឍលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កំពុងបង្ហាញលទ្ធផលយ៉ាងវិជ្ជមាន។ យោងតាមរបាយការណ៍គិតត្រឹមខែឧសភា ឆ្នាំ២០២៦ នេះ គ្រឹះស្ថាន TVET នៅទូទាំងប្រទេសក្រោមការគ្រប់គ្រងរបស់ក្រសួង មានចំនួនសរុប ២៦២ គ្រឹះស្ថាន។ ក្នុងនោះរួមមាន គ្រឹះស្ថានសាធារណៈចំនួន ៣៧ គ្រឹះស្ថាន គ្រឹះស្ថានឯកជនចំនួន ២០១ គ្រឹះស្ថាន និងគ្រឹះស្ថានដំណើរការដោយអង្គការ ឬសមាគមចំនួន ២៤ គ្រឹះស្ថាន។
តាមរយៈបណ្តាញគ្រឹះស្ថានទាំងនេះ កម្ពុជាបាននឹងកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញទាំងវគ្គខ្លី មធ្យម និងវែង ដល់សិស្ស-និស្សិតជាមធ្យមប្រមាណ ៦ ម៉ឺននាក់ក្នុងមួយឆ្នាំ ព្រមទាំងការហ្វឹកហ្វឺនកូនជាងបានប្រមាណជាង ៣ ម៉ឺននាក់បន្ថែមទៀត។ សមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ (ចាប់ពីឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៦) កម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សគ្រប់កម្រិតបានសរុបចំនួនប្រមាណ ៦៩,៨ ម៉ឺននាក់ រួចរាល់ហើយ ដែលនេះជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។