ការសម្ពោធវិហារតូចឈ្មោះ «សន្តបុគ្គលបីរូប» របស់វិទ្យុវីរៈបុរសអាស៊ី (RVA)

កាលពីថ្ងៃទី ១២ ខែមេសា ត្រូវនឹងថ្ងៃបុណ្យព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ​ វិទ្យុវីរៈបុរសអាស៊ី (Radio Veritas Asia) បានប្រារព្ធពិធីសម្ពោធ និងប្រទានពរដល់ ព្រះវិហារ​តូច​ដែលមានឈ្មោះថា «សន្តបុគ្គលបីរូប» ដែលទើបនឹងជួសជុលថ្មី នៅក្នុងទីក្រុងកេហ្ស៊ូន ប្រទេសហ្វីលីពីន។ ពិធីនេះមានការចូលរួមពីគ្រីស្តបរិស័ទជាង ២០០ នាក់ ដើម្បីអបអរសាទរខួបលើកទី ៥៧ នៃការបង្កើតស្ថាប័ននេះ។

អភិបូជាអរព្រះគុណនេះ ត្រូវបានដឹកនាំដោយលោកអភិបាលអេលីយ៉ាស អាយុបាន (Elias L. Ayuban Jr.) នៃភូមិភាគគូបាវ (Cubao)។ ក្នុងសុន្ទរកថាស្វាគមន៍ លោកឪពុកហ្វេលម៉ា ហ្វីល (Felmar Fiel) នាយកទូទៅនៃ RVA បានបញ្ជាក់ថា ក្រោយការរង់ចាំអស់រយៈពេលជាង ១៥ ឆ្នាំ វិហារនេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង ចាប់តាំងពីការលាបថ្នាំ ការក្រាលកម្រាលព្រំ រហូតដល់ការដំឡើងរូបចម្លាក់ផ្លូវឈើឆ្កាង ដើម្បីបម្រើដល់បេសកកម្មផ្សាយដំណឹងល្អក្នុងទ្វីបអាស៊ី។

ការឧទ្ទិសថ្វាយចំពោះសន្តៈបីរូប​

ចំណុចដ៏ពិសេសបំផុតនៃពិធីនេះ គឺការប្រកាសឧទ្ទិសវិហារនេះថ្វាយទៅកាន់សន្តបុគ្គល​ ៣ រូបនៃសតវត្សទី២០ ដែលធ្លាប់បានយាងមកកាន់ការិយាល័យ RVA ដោយផ្ទាល់ រួមមាន៖

១. សន្តសម្តេចប៉ាប ប៉ូលទី៦ (Pope Paul VI)

២. សន្តសម្តេចប៉ាប យ៉ូហាន ប៉ូលទី២ (Pope John Paul II)

៣. សន្តី​តេរេសានៃក្រុង​កាលគូតា (Mother Teresa)

លោកអភិបាលអាយុបាន ក៏បានតម្កល់អដ្ឋិធាតុ​របស់សន្តបុគ្គលទាំងនេះនៅក្នុងជញ្ជាំងវិហារ ដើម្បីទុកជាទីសក្ការៈ និងជាការរំលឹកដល់គំរូនៃសេចក្តីស្រឡាញ់ និងការបម្រើព្រះជាម្ចាស់។

ក្នុងធម្មទេសនា លោកអភិបាលបានសង្កត់ធ្ងន់លើសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ ដោយលើកឡើងនូវសម្រង់សម្តីដ៏ល្បីល្បាញរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ថា៖ «ព្រះជាម្ចាស់មិនដែលនឿយណាយនឹងអត់ទោសឱ្យយើងឡើយ មានតែយើងទេដែលនឿយណាយនឹងការសុំការអភ័យទោសពីទ្រង់។»

លោកបានបន្តទៀតថា យើងមិនគួរមានភាពខ្មាសអៀនចំពោះ "របួស" ឬកំហុសក្នុងជីវិតរបស់យើងឡើយ ព្រោះមុខរបួសទាំងនោះហើយ គឺជាច្រកផ្លូវដែលព្រះជាម្ចាស់ប្រទានព្រះគុណ និងសេចក្តីសង្គ្រោះមកកាន់យើង៕

https://www.rvasia.org/asian-news/philippines-rva-central-office-inaugurates-three-saints-chapel-divine-mercy-sunday

Daily Program

Livesteam thumbnail