ការវាយប្រហារបង្ហូរឈាមទៅលើអូដឺសា ក្នុងអំឡុងទស្សនកិច្ចរបស់លោកហ្សេឡេនស្គី និងនាយករដ្ឋមន្រ្តីក្រិក
អូដឺសារងការវាយប្រហារនៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចការទូត របស់នាយករដ្ឋមន្ត្រីក្រិកនៅអ៊ុយក្រែន។ ការវាយប្រហាររបស់រុស្ស៊ី បានធ្វើឲ្យមនុស្ស ៥នាក់ ស្លាប់ កាលពីថ្ងៃទី៦ ខែមីនា នៅក្នុងភូមិអ៊ុយក្រែន ដែលប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី និងនាយករដ្ឋមន្រ្តីក្រិក លោក គីរីយ៉ាកូស មីតសូតាគីស កំពុងដើរ។
អ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែន លោកឌីមីត្រូ ប្លេតេនជុក បានថ្លែងថា៖ “យើងបញ្ជាក់អំពីការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៃទីក្រុងអូដឺសា។ យើងបញ្ជាក់អំពីការស្លាប់របស់មនុស្ស ៥នាក់។ ហើយក៏មានអ្នករងរបួសផងដែរ។”
លោកគីរីយ៉ាកូស មីតសូតាគីស នាយករដ្ឋមន្រ្តីក្រិក បានរៀបរាប់ថា នៅជិតចុងបញ្ចប់នៃដំណើរទស្សនកិច្ច យើងបានលឮសម្លេងស៊ីរ៉ែនកាំភ្លើងការពារអាកាស និងការផ្ទុះនៅជិតក្បែរយើង។ យើងមិនមានពេលវេលារកទីកន្លែងជ្រកផង។ ចេញពីការទម្លាក់គ្រាប់បែក លោកបានប្រាប់អំពីបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើល។
ចំណែកលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រតិកម្មថា យោធារុស្ស៊ីមិនដែលខ្វល់នឹងដឹងថា តើគោលដៅវាយប្រហារគឺជាយោធា ឬប្រជាជនស៊ីវិលនោះទេ ឬក៏ដឹងថា នេះគឺជាភ្ញៀវអន្តរជាតិ។ យោធារុស្ស៊ីមើលងាយគេណាស់។
នៅទីក្រុងមូស្គូ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងអំពីការបាញ់មីស៊ីលមួយគ្រាប់លើតំបន់កំពង់ផែពាណិជ្ជកម្ម និងបញ្ជាក់ថា បានប៉ះពាល់ដល់អគារមួយ ដែលនៅក្នុងនោះដ្រូនទាហានជើងទឹក ត្រូវបានរៀបចំដើម្បីប្រយុទ្ធដោយកងកម្លាំងយោធាអ៊ុយក្រែន។
លើសពីនេះ តំបន់នៅប្រទេសអ៊ុយក្រែនជាច្រើនត្រូវបានវាយប្រហារដោយដ្រូនរបស់រុស្ស៊ីនៅក្នុងយប់ថ្ងៃអង្គារឆ្លងចូលថ្ងៃពុធ។
ចំណែកទាហានអ៊ុយក្រែនបានពង្រីកវិសាលភាពនៃសកម្មភាពរបស់ពួកគេនៅពីក្រោយខ្សែត្រៀមរបស់រុស្ស៊ី ជាមួយនឹងការវាយប្រហារអត្តឃាតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី នៅទីក្រុងប៊ែរឌីយ៉ង ទៅលើមន្រ្តីដែលតែងតាំងដោយអាជ្ញាធររុស្ស៊ីសម្រាប់ការបោះឆ្នោត។ មន្រ្តីម្នាក់បានស្លាប់នៅក្នុងរថយន្តរបស់គាត់ និងមានការវាយប្រហារដោយដ្រូននៅលើឃ្លាំងប្រេងនៅក្នុងតំបន់គូស ព្រំដែនជាមួយអ៊ុយក្រែន។
យោងតាមអ្នកអង្កេតការណ៍ គ្រឿងផ្ទុះដែលច្នៃដោយដៃត្រូវបានបំពាក់នៅក្រោមយានយន្តរបស់សមាជិកនៃគណកម្មការបោះឆ្នោតតំបន់។ នៅខណៈដែលគាត់ឡើងទៅក្នុងឡាន វាក៏ផ្ទុះឡើង។
មេដឹកនាំតំបន់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងតំបន់នេះនៅភាគខាងត្បូងអ៊ុយក្រែន លោកអេវហ្គេនី បាលីតស្គី បានប្រកាសនៅលើតេឡេក្រាមថា វាគឺជាការវាយប្រហារភេរវកម្ម និងជាការប៉ុនប៉ង់គំរាមកំហែងសម្រាប់សប្តាហ៍នៃការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ មីនា ដែលនឹងប្រព្រឹត្តិទៅ នៅក្នុងដែនដីដែលរុស្ស៊ីកាន់កាប់នៅអ៊ុយក្រែន។
មន្រ្តីកាន់កាប់ដែនដីជាច្រើនរបស់រុស្ស៊ី ឬអ្នកសហការណ៍ជាមួយរុស្ស៊ីនៅអ៊ុយក្រែន រួមទាំងនៅគ្រីម៉េត្រូវបានស្លាប់ និងរងរបួសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងការវាយប្រហារ និងការធ្វើភេរវកម្មដែលត្រូវបានចោទប្រកាន់ថា ជាស្នាដៃរបស់ទីក្រុងគៀវ។
ប្រមាណ៦០០គីឡូម៉ែត្រនៅភាគខាងជើង នៅក្នុងតំបន់គូសរបស់រុស្ស៊ី គឺជាឃ្លាំងប្រេង ដែលបានឆាបឆេះកាលពីថ្ងៃពុធ ទី៦ មីនា បន្ទាប់ពីការវាយប្រហាររបស់ដ្រូនអ៊ុយក្រែន។ នេះគឺជាប្រភេទនៃប្រតិបត្តិការដែលកាន់តែមានញឹកញាប់ឡើងៗ។
ចាប់តាំងពីប៉ុន្មានខែមកហើយ មួយផ្នែកនៃយុទ្ធសាស្រ្តយោធាទីក្រុងគៀវ រួមបញ្ចូលការវាយប្រហារពីខាងក្រោយខ្សែត្រៀមសត្រូវ ឆ្ងាយពីសមរភូមិ។ នេះគឺជាមធ្យោបាយដែលធ្វើឲ្យរញ៉េរញ៉ៃដល់ការដឹកជញ្ជូនរបស់យោធារុស្ស៊ី ដែលផ្គត់ផ្គង់ដល់កងទ័ពជួរមុខនូវគ្រាប់រំសេវ និងប្រេងនៅតាមតំបន់ព្រំដែន។