ការវាយប្រហារនៅរុស្ស៊ី ប្រឆាំងនឹងលោកពូទីន
កងកម្លាំងរុស្ស៊ីគាំទ្រអ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃទី១២ ខែមីនា ថាបានគ្រប់គ្រងភូមិមួយ។ កងកម្លាំង សេរីភាពសម្រាប់រុស្ស៊ី ដែលត្រូវបង្កើតឡើងជាសំខាន់ពីក្រុមអ្នកប្រយុទ្ធរុស្ស៊ីប្រឆាំងនឹងលោកពូទីន បានផ្សព្វផ្សាយវិដេអូដែលបង្ហាញថា ទាហានរុស្ស៊ីចាកចេញពីសង្កាត់ តេតគីណូ ដែលជាទីប្រជុំជននៃតំបន់ គូស ពីជ្រុងម្ខាងទៀតនៃភាគខាងឥសាននៃប្រទេសអ៊ុយក្រែន ក្នុងដែនដីរុស្ស៊ី។
អ្នកជំនាញនៃវិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម ដែលជាមជ្ឈមណ្ឌលអាម៉េរិក វិភាគយោធា បានបញ្ជាក់ថា កងកម្លាំងនៃក្រុមផ្សេងៗ ដែលគាំទ្រអ៊ុយក្រែន មានដូចជា អង្គភាពស្ម័គ្រចិត្តរុស្ស៊ី និងកងអនុសេនាធំ ស៊ីបេរី ក៏បានប្រកាសអំពីការជ្រៀតចូលវាយប្រហារនៅក្នុងតំបន់ គូស និងបេលហ្គារ៉ូដ។ ការវាយប្រហារធ្វើឡើងជាមួយការគាំទ្រពីរថក្រោះ រថពាសដែក និងដ្រូន។
ទីក្រុងមូស្គូ ពីដំបូង បានបដិសេធការពិតនៃការជ្រៀតចូលវាយប្រហារនេះ មុននឹងបញ្ជាក់ថា កងកម្លាំងសត្រូវទាំងនេះត្រូវបានវាយរុញច្រានត្រឡប់ទៅវិញអស់ហើយ។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ៖ “ដោយសារតែការបូជាជីវិតរបស់ទាហានរុស្ស៊ី រាល់ការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនត្រូវបានវាយរុញច្រានត្រឡប់ទៅវិញ”។
ស្ថានភាពនៅលើសមរភូមិផ្ទាល់ហាក់ដូចជាមានភាពច្បាស់លាស់តិចតួច បើតាមការបកស្រាយរបស់អាជ្ញាធររុស្ស៊ី។ លោកស៊ីម តាក ដែលជាអ្នកវិភាគយោធាសម្រាប់ការវិភាគកងកម្លាំង ដែលជាអង្គការតាមដានជម្លោះនានា បានធ្វើសេចក្តីសង្ខេបថា ៖ “សព្វថ្ងៃនេះ ការប្រយុទ្ធមានជាប់ជាប្រចាំនៅតំបន់ តេតគីណូ ហើយកងកម្លាំងរុស្ស៊ីគាំទ្រអ៊ុយក្រែនហាក់ដូចជាអាចគ្រប់គ្រងមួយផ្នែកនៃទីប្រជុំជននេះផង។”
លោកហ៊ូសេអ៊ីន អាលីយ៉េវ ដែលជាអ្នកឯកទេសសង្រ្គាមអ៊ុយក្រែននៅសកលវិទ្យាល័យហ្លាហ្គោ បញ្ជាក់ថា ជាការពិត បេសកកម្មនេះ គឺស្រដៀងគ្នាណាស់នឹងអ្វីដែលបានកើតមានឡើងនៅឆ្នាំ២០២៣។ នៅពេលនោះ កងកម្លាំងរុស្ស៊ីគាំទ្រអ៊ុយក្រែន បានឆ្លងកាត់ព្រំដែនចូលប្រទេសរុស្ស៊ីភាគខាងត្បូង នៅក្នុងតំបន់បេលហ្គារ៉ូដ ហើយបានដណ្តើមយកមកគ្រប់គ្រងជាបណ្តោះអាសន្ននូវភូមិមួយ មុននឹងដកថយមកវិញក្រោមសំពាធរបស់កងកាំភ្លើងរុស្ស៊ី។ ការជ្រៀតចូលរបស់កងកម្លាំងប្រឆាំងលោកពូទីន បានដាក់សំពាធទៅលើរុស្ស៊ី ដោយចង់ប្រាប់ថា ទឹកដីជាតិរុស្ស៊ីត្រូវបានការពារមិនល្អទេ។ ថាមភាពនៃសង្រ្គាម ស្ថិតនៅលើអ៊ុយក្រែនដែលមានប្រៀបដែលយោធាអ៊ុយក្រែនអាចនាំមុខរុស្ស៊ី។ ការវាយប្រហារនេះ អាចចាប់ផ្តើមមុនបន្តិចនឹងការចាប់ផ្តើមបើកការវាយបក និងអាចបង្ហាញថា អ៊ុយក្រែនអាចវាយប្រហារបាននៅគ្រប់ទីកន្លែង។
លោកហ៊ូសេអ៊ីន អាលីយ៉េវ កត់សម្គាល់ថា ស្ថានភាពបានផ្លាស់ប្តូរ។ ការវាយបកបានឆេះឡើង ហើយអ៊ុយក្រែនពីពេលនេះទៅក៏ស្ថិតនៅលើទីតាំងការពារយ៉ាងល្អ។ ហើយទីក្រុងមូស្គូក៏បានស្ថាបនាខ្សែការពារ ស្រដៀងនឹងការស្ថាបនានៅលើទឹកដីអ៊ុយក្រែនដែរ មានប្រមាណជា ២០គីឡូម៉ែត្រជាង នៅខាងក្នុងទឹកដីរុស្ស៊ី។
កងកម្លាំងគាំទ្រអ៊ុយក្រែន មិនបានជ្រើសរើសវាយប្រហារ សង្កាត់តេតគីណូ ដោយចៃដន្យទេ។ សង្កាត់នេះ ស្ថិតនៅពីមុខខ្សែការពារនៅក្នុងតំបន់ទ្រនាប់ ដែលរុស្ស៊ីការពារខ្សោយ ប៉ុន្តែវាក៏អាចនឹងត្រូវទម្លាក់គ្រាប់បែកដែរបើអ៊ុយក្រែនហ៊ានវាយប្រហារចូលមក។
លោកស៊ីមតាក់ កត់សម្គាល់ថា កងកម្លាំងសេរីភាពសម្រាប់រុស្ស៊ី និងអនុសេនាធំរបស់កងកម្លាំងរុស្ស៊ីប្រឆាំងលោកពូទីនដទៃៗ ទៀត បានជ្រើសរើសយកគោលដៅដែលងាយស្រួលវាយប្រហារ និងគ្រប់គ្រង។ អ្វីដែលនៅសល់ គឺចង់ដឹងថា ពួកគេអាចឈជើងបានយូរប៉ុណ្ណា?។ ប្រសិនបើពួកគេជិះរថពាសដែក នេះគឺក៏ដើម្បីបង្ការដកថយឲ្យបានរហ័សដែរ។ ដូច្នេះវាគឺគ្មានការសង្ស័យ ពួកគេនឹងមិនអាចគ្រប់គ្រង សង្កាត់ តេតទីណូ បានទេ។