ការវាយប្រហារថ្មីរបស់រុស្ស៊ីប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន

រដ្ឋមន្រ្តីក្រសួងថាមពលអ៊ុយក្រែន បានថ្លែងថា មីស៊ីល និងដ្រូន ត្រូវបានរុស្ស៊ី ដាក់គោលដៅ វាយប្រហារកាលពីថ្ងៃពុធលើ រោងចក្រ​អគ្គីសនី នៅក្នុងតំបន់ជាច្រើន នៅប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃពុធទី៨ ឧសភា កងទ័ពអាកាសអ៊ុយក្រែន បានថ្លែងថា បានបាញ់ការពារគ្រាប់​ដែល​វាយ​ប្រហារសំដៅលើរោងចក្រថាមពល។ កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការរាប់ឃើញថា សត្រូវបានប្រើប្រាស់​មធ្យោបាយវាយ​ប្រហារតាមអាកាសចំនួន ៧៦ ក្នុងនោះមាន មីស៊ីល​ចំនួន ៥៥គ្រាប់ និងដ្រូនចំនួន ២១។ កងទ័ពអាកាសអ៊ុយក្រែន បានបន្ថែមថា ប្រព័ន្ធ​ការពារ​អាកាសចាប់បានមីស៊ីលចំនួន ៣៩ និងដ្រូនចំនួន ២០។

អាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់ថា ហ្វូង​ដ្រូនបានវាយ​ប្រហារប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់អ៊ុយក្រែន។ លោកហ្គឺម៉ាន ហ្គាលូតចេនកូ រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បាន​សរសេរ​ថា ៖ ”សត្រូវមិនបានបោះ​បង់ចោល​ផែនការ​ដែលវាយសំដៅដើម្បី​ឲ្យអ៊ុយក្រែន​បាត់បង់​អគ្គីសនីប្រើប្រាស់។ នេះគឺជា​ការវាយ​ប្រហារថ្មីដ៏សម្បើម​ប្រឆាំងនឹង​ឧស្សាហកម្ម​ថាមពល​អ៊ុយក្រែន។” លោកបានបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ី គឺសំដៅលើ​រោងចក្រ​ផលិតកម្ម និងស្ថានីយ៍ចែកចាយថាមពល​នៅក្នុងតំបន់នានា។ ចំណែកអភិបាលទីក្រុង លោក​អូឡេចសានដ្រ៍ ប្រូកូឌីន បានថ្លែងថា ទីក្រុងខឺស៊ុន នៅភាគខាងត្បូង ក៏ត្រូវបាន​ដាច់​អគ្គីសនី​ដោយផ្នែក ដោយសារការវាយប្រហាររបស់សត្រូវផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលរបស់រដ្ឋ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​បង្ហាញ​ដោយជឿជាក់ថា សេវាកម្មទាំងអស់នឹងធ្វើការនៅទីកន្លែង​ផ្ទាល់ដើម្បីបញ្ចប់ផលវិបាក​នៃ​​ភេរវកម្ម​របស់រុស្ស៊ី។

អាជ្ញាធរតាមតំបន់បានបង្ហាញថា មានយ៉ាងហោចណាស់មនុស្ស ៦នាក់ រងរបួស។ ម្នាក់នៅ​ក្នុង​តំបន់ ឌីបនីប្រូភើត្រូវស្កួ៍ នៅភាគខាងត្បូង។​ ម្នាក់នៅគីរ៉ូវ៉ូហ្គ្រ៉ាដ​នៅភាគកណ្តាល។ ពីរ​នាក់​នៅប្រូវ៉ារី នៅជិតទីក្រុងគៀវ និងយ៉ាងហោចណាស ពីរនាក់ផ្សេងទៀត នៅក្នុងរដ្ឋធានី។ លោក​អភិបាលតំបន់ លោកអន់ឌ្រីអ៊ី រ៉ៃអ៊ីកូវីត បានថ្លែងថា មានក្មេងអាយុ ៨ឆ្នាំម្នាក់ ក៏​បាន​រង​របួស​​នៅក្នុងតំបន់ គីរ៉ូវ៉ូហ្គ្រ៉ាដ នៅភាគកណ្តាល។

ក្រុមហ៊ុន DTEK ដែលជាអ្នកវិនិយោគដ៏ធំបំផុតផ្នែកឯកជន​នៅក្នុងវិស័យថាមពល នៅ​អ៊ុយក្រែន បាន​ឲ្យ​ដឹងថា រោងចក្រអគ្គីសនី ៣ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន​នេះ បាន​បញ្ជាក់​ថា រោងចក្រត្រូវបានទទួលរងការវាយប្រហារ​ប្រមាណ ១៨០ដង ចាប់​តាំង​ពីការ​ចាប់​ផ្តើម​នៃសង្រ្គាមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយរងការវាយប្រហារ ៥ដង ក្នុងអំឡុង ៦​សប្តាហ៍ចុងក្រោយនេះ។

យោងតាមរដ្ឋបាលយោធានៃទីក្រុងគៀវ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់រុស្ស៊ី Tu-95MS បានបាញ់មីស៊ីលអន្តរទ្វីបជាច្រើនដងមកលើរដ្ឋធានី។ ចំណែកប្រព័ន្ធផ្លូវដែក​ត្រូវបាន​ដាក់​គោលដៅវាយប្រហារផងដែរនៅទីក្រុងខឺស៊ុន។ អភិបាលតំបន់ លោកអូឡេចសានដ្រ៍ ប្រូកូឌីន បានថ្លែងថា ៖ “ផ្លូវដែករងការខូចខាត”។ លោកបន្ថែមថា ចរាចរណ៍តាម​ខ្សែ​រត់​ត្រូវ​បាន​កម្រិត។

ថ្មីៗ នេះរុស្ស៊ី បានពង្រីកវិសាលភាព​នៃការវាយប្រហារ​ប្រឆាំងនឹង​ផ្លូវដែកអ៊ុយក្រែន ដែល​មាន​សារ​សំខាន់ចំពោះពាណិជ្ជកម្ម ការដឹកនជញ្ជូនស៊ីវិល និងការផ្គត់ផ្គង់ដល់យោធា។ គោលដៅ​គឺ​ធ្វើឲ្យខូចខាត​ការផ្គត់ផ្គង់ភស្តុភារខាងយោធាជាពិសេស​មកពីភាគខាងលិច។

មុននឹងការវាយប្រហារក្នុងទ្រង់ទ្រាយធំនេះ ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា រាល់ការ​យឺតយ៉ាវនៃការផ្គត់ផ្គង់អាវុធ នឹងធ្វើឲ្យអ៊ុយក្រែងបង់ថ្លៃខ្ពស់ និងទាំងបស្ចឹមប្រទេសដែល​ជា​សម្ព័ន្ធមិត្តផងដែរ។