ការរិះគន់ជាអន្តរជាតិកើនឡើងជុំវិញផែនការវាយលុកតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល

សំណើរបស់អ៊ីស្រាអែលនៅក្នុងការពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សាបានកំពុងតែទាក់ទាញការរិះគន់យ៉ាងខ្លាំងពីមេដឹកនាំអន្តរជាតិ មន្ត្រីយោធា និងគ្រួសារចំណាប់ខ្មាំងដែលត្រូវក្រុមហាម៉ាសចាប់ខ្លួនទៅ។
ផែនការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu ) ដែលត្រូវបានអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរយៈពេល ១០ ម៉ោង កន្លងមកគឺរួមបញ្ចូលទាំងផែនការកាន់កាប់ពេញលេញលើទីក្រុង ហ្គាហ្សា។
អ្នកវិភាគនិយាយថា ផែនការនេះនឹងធ្វើឱ្យតំបន់ហ្គាហ្សាស្ទ្រីបទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលយ៉ាងមានប្រសិទ្ធភាព ទោះជាពេលវេលាសម្រាប់ប្រតិបត្តិការនៅតែមិនច្បាស់លាស់ក៏ដោយ។
មន្ត្រីយោធាបានព្រមានថា យុទ្ធនាការនេះអាចចំណាយពេលរាប់ខែ ហើយក៏តម្រូវឲ្យមានការចូលរួមដោយពលរដ្ឋរាប់ពាន់នាក់ផងដែរ។
ផែនការនេះក៏ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនចេញពីទីក្រុងហ្គាហ្សា ដែលជាដែនជំរក របស់ជនជាតិប៉ាឡេស្ទីនប្រមាណ ៨00.000 នាក់។
ជុំវិញផែនការនេះអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រិច មឺស ( Friedrich Merz) បានប្រកាសបញ្ឈប់ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ដែលអាចប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក គឺស ស្តេមម័រ (Keir Starmer) បានហៅការសម្រេចចិត្តនេះថា "ខុស"។
ក្រសួងការបរទេសចិនបានរំលឹកឡើងវិញថា ហ្គាហ្សាជាកម្មសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ រីឯង ប្រទេសដាណឺម៉ាកក៏បានជំរុញឲ្យអ៊ីស្រាអែលច្រានចោលការសម្រេចចិត្តរបស់ខ្លួន៕
Daily Program
