ការត្រឡប់មកវិញនូវការរាំងខ្ទប់អ៊ីរ៉ង់ អាម៉េរិក ចាប់ផ្តើមសមរភូមិ ដើម្បី​គ្រប់គ្រង​​ច្រក​សមុទ្រអ័រមូស

កាលពីយប់ថ្ងៃចន្ទ ទី១៥ ខែកក្កដា សហរដ្ឋអាម៉េរិកបានរាំងខ្ទប់កំពង់ផែអ៊ីរ៉ង់ និងចាប់ផ្តើមវគ្គ នៃការវាយប្រហារ និងសងសឹង នៅជុំវិញច្រកសមុទ្រអ័រមូស។ ទោះបីជាយ៉ាងណា  លោក ដូណាល់ ត្រាំ បានបោះបង់ចោលគម្រោងការយក​ពន្ធ​លើនាវានានា នៅនាទីចុងក្រោយ។

សហរដ្ឋអាម៉េរិកបានធ្វើការរាំងខ្ទប់​កំពង់ផែអ៊ីរ៉ង់ជាផ្លូវការ។ ការសម្រេចចិត្តដែលធ្វើឡើង ដោយ​លោកដូណាល់  ត្រាំ ប្រធានាធិបតីអាម៉េរិក ត្រូវបានយកទៅអនុវត្តដោយបញ្ជាការ កណ្តាលយោធាអាម៉េរិក សេនខម (Centcom) ដែលបានប្រកាសថា  កងកម្លាំងរបស់ខ្លួននឹង ធ្វើការរាំងខ្ទប់ លើនាវាដែលមានគោលដៅចេញ និងចូល  កំពង់ផែ  និងតំបន់ឆ្នេររបស់អ៊ីរ៉ង់។ 

បញ្ជាការកណ្តាលយោធាអាម៉េរិក សេនខម បានធ្វើការព្រមាននៅលើបណ្តាញសង្គម អ៊ិក  (X) និងប្រកាសថា  នាវាចម្បាំងជាង ២០គ្រឿង នៃកងកម្លាំងម៉ារីនអាម៉េរិក និងយន្តហោះ​យោធា​រាប់រយ ពេលនេះត្រូវបាន​ដាក់​ពង្រាយនៅតំបន់មជ្ឈិមបូព៌ា និងអះអាងថា កងកម្លាំង​អាម៉េរិក​ស្ថិតនៅយាមកាម អាចបាញ់ និងត្រៀមខ្លួនជាស្រេច។

សហរដ្ឋអាម៉េរិកធ្លាប់បានស្ថាបនាការរាំងខ្ទប់រួចហើយកាលពីពាក់កណ្តាលខែមេសា មុននឹង​ដកចេញវិញនៅពាក់កណ្តាលខែមិថុនា នៅថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បណ្ដោះអាសន្ន ដែលកំណត់ឲ្យមានការចរចារយៈពេល ៦០ ថ្ងៃ លើកម្មវិធីនុយក្លេអ៊ែរ​របស់ អ៊ីរ៉ង់។

ការលាប់ឡើងវិញនៃសង្រ្គាម ដែលគេអាចឃើញវាកើតឡើងជាបន្តបន្ទាប់ គឺថា ទីក្រុង​តេអេរ៉ង់ បាន​ប្រកាសបិទច្រកសមុទ្រអ័រមូស បន្ទាប់ពីការប្រយុទ្ធត្រូវបានបន្តកើតឡើងវិញ ដែល​បាន​ចាប់​​ផ្តើមសប្តាហ៍មុន ក្រោយពីមានការវាយប្រហារលើនាវាមួយពីអ៊ីរ៉ង់ក្នុងផ្លូវសមុទ្រ​អ័រមូស​ដ៏​សំខាន់នេះ។ ហើយកាលពីព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាន​បញ្ជាក់ថា ច្រក​សមុទ្រ​ស្ថិតនៅបិទរហូតដល់ទង្វើនៃការឈ្លានពានរបស់អាម៉េរិក​ត្រូវបាន​បញ្ចប់។ ពួកគេក៏​បាន​​គំរាមកំហែងបិទការនាំចេញថាមពលទាំងមូលពីតំបន់មជ្ឈិមបូព៌ា តាម​រយៈ​បិទផ្លូវ​យុទ្ធសាស្ត្រផ្សេ​ងៗទៀត។  

នៅក្នុងសេចក្តីប្រកាសមួយដែលផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាន ប្រកាសថា ការនាំចេញប្រេង និងឧស្ម័ននៅក្នុងតំបន់នឹងអាចមានសម្រាប់ទាំងអស់គ្នា ឬគ្មាន សម្រាប់ទាំងអស់គ្នា។”

អនុរដ្ឋមន្រ្តីកិច្ចការបរទេសអ៊ីរ៉ង់ លោកកាហ្ស៉េម ហ្គារីបាបាឌី ក៏បានព្រមានថា អនាគតនៃការ ចរចាខាងការទូតត្រូវបានរំខាន។ លោកបានថ្លែងថា ៖ “ប្រសិនបើសហរដ្ឋអាម៉េរិកស្រមៃថា ដោយការដាក់ទម្ងន់នៃវិធានការរបស់ពួកគេប្រឆាំងនឹងយើង ការមានសកម្មភាពយោធា និង ការរាំងខ្ទប់សេដ្ឋកិច្ច ធ្វើឲ្យយើងវិលមករកតុចរចា គឺពួកគេយល់ច្រឡំហើយ។”

ការស្ថាបនា​ការរាំងខ្ទប់អ៊ីរ៉ង់ត្រូវអមមកជាមួយនូវយុទ្ធនាការថ្មីនៃការវាយប្រហារ របស់អាម៉េរិក​យ៉ាងសាហាវក្នុងប្រទេសអ៊ីរ៉ង់។ បញ្ជាការកណ្តាលយោធាអាម៉េរិកនៅមជ្ឈិមបូព៌ា បានបញ្ជាក់​ថា បានវាយប្រហារលើគោលដៅរាប់សិបកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ រយៈពេល ៧ម៉ោង ដើម្បី​បន្ត​ធ្វើឲ្យចុះទន់ខ្សោយដល់សមត្ថភាពយោធារបស់អ៊ីរ៉ងដែលបានវាយប្រហារ​លើ​នាវាចរណ៍​ពាណិជ្ជ​កម្មផ្លូវសមុទ្រច្រកអ័រមូស។ ចំណែកលោកដូណាល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក​បាន​អះអាងថា យុទ្ធនាការយោធានឹងនៅតែបន្ត។ លោកបានបញ្ជាក់ថា ៖ “ការវាយ​ប្រហារ​នឹងនៅ​​តែ​បន្តរហូតដល់លោកនិយាយថា វាសមរម្យហើយ។" នៅលើបណ្តាញ​សារព័ត៌មាន ហ្វ៉កញូ (Fox News) លោកក៏បានថ្លែងថា លោកទុកគោលដៅ ថាមពលនៅអ៊ីរ៉ង់​នា​ពេលចុងក្រោយ ប៉ុន្តែយើងនឹងវាយប្រហារពួកវា។ សប្តាហ៍ក្រោយ នឹងជាមណ្ឌល​ថាមពល​អគ្គីសនី ស្ពាន រហូត​ដល់ពួកគេត្រឡប់មករកតុចរចា។”

 

 

Daily Program

Livesteam thumbnail