ការឆ្ពោះទៅមុខខ្លាំងរបស់ទាហានរុស្ស៊ីនៅខណៈដែលអឺរ៉ុបដាក់សំពាធលើលោកត្រាំ

ទាហានរុស្ស៊ីបានបង្កើនល្បឿនវាយឆ្ពោះទៅមុខនៅអ៊ុយក្រែន។ រុស្ស៊ីបានធ្វើចលនាបោះជំហានទៅមុខបានច្រើនបំផុតក្នុងរយៈពេលជាងមួយឆ្នាំមកនេះ នៅខណៈដែលអឺរ៉ុប និងលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ព្យាយាមបញ្ចុះបញ្ចូលលោកដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១៣ ខែ សីហា តាមវិដេអូអនឡាញ ដើម្បីការពារផលប្រយោជន៍របស់ទីក្រុងគៀវ ទល់នឹងលោកវ្លាឌីមៀ ពូទីន។
យោងតាមការវិភាគពីទីភ្នាក់ងារសារព័ត៌មានបារាំងពីទិន្នន័យដែលទទួលបានពីវិទ្យាស្ថាន អាម៉េរិកសម្រាប់ការសិក្សាអំពីសង្រ្គាម (ISW) បានឲ្យដឹងថា មុនប៉ុន្មានថ្ងៃនៃកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីអាម៉េរិក និងសមភាគីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលធ្វើនៅរដ្ឋ អាឡាស្កា សហរដ្ឋអាម៉េរិក កងទ័ពរុស្ស៊ីសម្រេចបានការរីកចម្រើនទៅមុខដ៏ខ្លាំង ក្នុងរយៈពេល ២៤ម៉ោង នៅលើទឹកដីអ៊ុយក្រែនតាំងពីជាងមួយឆ្នាំមកហើយ។
ទាហានរុស្ស៊ីដែលវាយឆ្ពោះទៅមុខបានកើនល្បឿន បាននិយាយថា ខ្លួនបានដណ្តើមទឹកដីអ៊ុយក្រែនបានជាង ១១០ គម២ បន្ថែម នៅថ្ងៃទី១២ ខែសីហា។
នៅអំឡុងពេលនេះ សកម្មភាពការទូតក៏ធ្វើឡើងពេញទំហឹងក្រោយពីការប្រកាសអំពីការមានកិច្ចប្រជុំកំពូល នៅទីក្រុងអេនចូរ៉ាហ្ស៍ នៃរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក ដែលអឺរ៉ុបដាក់ការ សង្ស័យ ថា វានឹងលេចចេញនូវដំណោះដែលមិនអនុគ្រោះសម្រាប់អ៊ុយក្រែន បន្ទាប់ពី ៣ឆ្នាំ កន្លះ នៃសង្រ្គាម។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រាប់ថា មានការផ្លាស់ប្តូរយោបល់ ជាង ៣០ដង និងការប្រឹក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនប៉ុន្មានថ្ងៃចុងក្រោយនេះ។ ចំណែកលោកវ្លាឌីមៀ ពូទីន បានរក្សាទំនាក់ទំនងជាមួយដៃគូជិតស្និទ្ធបំផុត ដូចជា លោកស៊ី ជីនពីង ប្រធានាធិបតីចិន លោកណេរ៉េដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា លោកល្វីហ្ស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា ប្រធានាធិបតីប្រេស៊ីល និងលោកគីម ជុងអ៊ុន ប្រធានាធិបតី កូរ៉េខាងជើង។
កាលពីថ្ងៃពុធ លោកអធិបការបតីអាឡឺម៉ង់ ហ្វ្រ៊ីឌ្រីច មឺហ្ស បានទទួលជួបលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅទីក្រុងប៊ែរឡាំង សម្រាប់ជំនួបតាមអនឡាញជាមួយលោកដូណាល់ ត្រាំ និង មេដឹកនាំសំខាន់ៗនៃអឺរ៉ុប សហភាពអឺរ៉ុប និងអង្គការណាតូ។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ៖ ”យើងសង្ឃឹមថា ប្រធានបទចម្បងនៃការប្រជុំ នៅ អាឡាស្កា នឹងជាបទការឈប់បាញ់បន្ទាន់ ហើយទណ្ឌកម្មនានាត្រូវតែដាក់ចុះ និងពង្រឹងខ្លាំងឡើង ប្រសិនបើរុស្ស៊ីបដិសេធបទឈប់បាញ់នេះ”។
លោកហ្វ្រ៊ីឌ្រីច មឺហ្ស បានថ្លែងថា អ៊ុយក្រែនត្រូវតែស្ថិតនៅតុចរចាដែរ នៅអំឡុងកិច្ចប្រជុំ ធ្វើឡើងលើកក្រោយៗ។ លោកហ្វ្រ៊ីឌ្រីច មឺហ្ស ក៏បាននិយាយផងដែរថា អ៊ុយក្រែនត្រៀមខ្លួនពិភាក្សាអំពីបញ្ហាទឹកដី ប៉ុន្តែមិនមែនទទួលស្គាល់ឲ្យស្របច្បាប់នូវការកាន់កាប់របស់រុស្ស៊ីលើតំបន់រាប់រយរបស់អ៊ុយក្រែននោះទេ។ ចំណែកលោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងបាននិយាយថា ៖ “បញ្ហាទឹកដីដែលដណ្តើមយកពីអ៊ុយក្រែន មិនអាចចរចាបាននោះទេ ហើយបើចរចាគឺតែតាមរយៈប្រធានាធិបតីអ៊ុយក្រែន ហើយសម្រាប់លោក សព្វថ្ងៃនេះ មិនមានរូបភាពនៃការដោះដូរទឹកដីស្ថិតនៅលើតុចរចាជាក់ច្បាស់នោះទេ។
លោកអាឡិចសីអ៊ី ហ្វ៉ាដៃអីអេវ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ី បាននិយាយយកភាពត្រឹមត្រូវថា ការប្រឹក្សារបស់អឺរ៉ុបជាមួយទីក្រុងវ៉ាស៊ីនតុន គឺគ្មានតម្លៃ និងបញ្ជាក់ថា សហភាពអឺរ៉ុប បានធ្វើឲ្យខូចខាតកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងមូស្គូ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។
ចំណែកលើបណ្តាញសង្គមរបស់ខ្លួន Truth Social លោកដូណាល់ ត្រាំ បានអធិប្បាយថា ៖ “ប្រជាជនអឺរ៉ុបគឺជាមនុស្សអស្ចារ្យដែលប្រាថ្នាមើលឃើញកិច្ចព្រមព្រៀងសម្រេចមួយ”។
Daily Program
