ការកែលម្អការតភ្ជាប់ផ្លូវគមនាគមន៍ នឹងជួយបើកច្រកសក្តានុពលសេដ្ឋកិច្ចនៅតំបន់ភូមិភាគឥសាននៃកម្ពុជា

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រូវបានរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកច្រកសក្តានុពលសេដ្ឋកិច្ចនៅតំបន់ភូមិភាគឥសាននៃប្រទេសកម្ពុជា តាមរយៈការជំរុញវិស័យទេសចរណ៍ កសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង គឺឡាវ និងវៀតណាម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A នៅក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃអង្គារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការកែលម្អផ្លូវថ្នល់ និងការតភ្ជាប់ការដឹកជញ្ជូន នឹងជួយជំរុញកំណើននៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក។

កំណាត់ផ្លូវទាំង ៣ ខ្សែនេះ មានប្រវែងសរុប ៩៨.៤០៥ គីឡូម៉ែត្រ និងត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានឥណទានសម្បទានពីធនាគារពិភពលោក។

បើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ការតភ្ជាប់ផ្លូវគមនាគមន៍ឱ្យបានល្អប្រសើរ នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនផលិផលកសិកម្ម វត្ថុធាតុដើម និងទំនិញកែច្នៃ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ជាពិសេសប្រទេសឡាវ និងវៀតណាម។

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ត្រូវបានរំពឹងថានឹងបង្កើនតម្លៃនៃការផលិតក្នុងស្រុក តាមរយៈការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការសម្រួលដល់ការទទួលបានវត្ថុធាតុដើម និងការពង្រីកការតភ្ជាប់ទីផ្សារសម្រាប់អាជីវកម្មនៅក្នុងខេត្តនាភូមិភាគឥសានផងដែរ។

សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «តំបន់នេះមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម ប៉ុន្តែការកែលម្អការតភ្ជាប់ផ្លូវគមនាគមន៍ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីទាញយកប្រយោជន៍ឱ្យបានពេញលេញពីឱកាសទាំងនេះ និងបញ្ចូលផលិតកម្មក្នុងស្រុកទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងតំបន់ឱ្យកាន់តែទូលំទូលាយ»។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក ប្រទេសកម្ពុជាក៏មានផែនការអភិវឌ្ឍកំពង់ផែពហុបំណងមួយនៅក្នុងខេត្តក្រចេះ ដែលរំពឹងថានឹងក្លាយជាច្រកទ្វារដ៏សំខាន់មួយទៀតសម្រាប់ការដឹកជញ្ជូនទំនិញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ភូមិភាគឥសាន។

សម្តេចធិបតី ក៏បានលើកឡើងអំពីលើកទឹកចិត្តវិនិយោគ រួមមានវិធានការពន្ធដារ និងគយ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ព្រមទាំងការសម្រួល និងកាត់បន្ថយនីតិវិធីរដ្ឋបាល ដែលជាវិធានការសំខាន់ៗក្នុងការលើកកម្ពស់ការវិនិយោគពីវិស័យឯកជនឱ្យកាន់តែធំ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចតំបន់។

គិតត្រឹមថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ គម្រោងវិនិយោគសរុបចំនួន ៧២ ដែលមានទុនវិនិយោគប្រមាណ ២.៧ ប៊ីលានដុល្លារអាមេរិក ត្រូវបានស្នើឡើងនៅក្នុងខេត្តទាំង ៤ នៃតំបន់ភូមិភាគឥសានរបស់កម្ពុជា ដោយគម្រោងទាំងនោះត្រូវបានរំពឹងថានឹងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានច្រើនជាង ៨០ ០០០ កន្លែង។

 

Daily Program

Livesteam thumbnail
khmer popup image