កាឌីណាល់ Ferrão ជំរុញឱ្យព្រះសហគមន៍អាស៊ីរស់នៅក្នុង "ស៊ីណូដាល"

នៅក្នុងពិធីបើកមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោក​អភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ២១ ខែកក្កដា កាឌីណាល់ Filipe Neri Ferrão បានអំពាវនាវ​ឲ្យ​ព្រះសហគមន៍នៅអាស៊ីធ្វើដំណើររួមគ្នា ឱ្យហួសពីការពិភាក្សា ហើយប្រែក្លាយវាឱ្យទៅជាការពិតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃតាមព្រះសហគមន៍មូលដ្ឋានតាម​ភូមិភាគព្រះសហគមន៍កាតូលិក និងតាមគ្រួសារនីមួយៗ។

កាឌីណាល់​ហ្វើរ៉ាវ​ បានគូសបញ្ជាក់ថា ជំនួបនេះគឺជាដំណើរផ្លូវខាងវិញ្ញាណ ជាជាងជំនួបរៀបចំការងាររដ្ឋបាលធម្មតា៖ «យើងមិនបានមកជួបជុំគ្នាគ្រាន់តែដើម្បីពិភាក្សាអំពីអនាគតនៃព្រះសហគមន៍នៅអាស៊ីនោះទេ។ ប៉ុន្តែ យើងបានមកជុំគ្នាដើម្បីស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្ត្រទ្រង់»។

ដោយបញ្ជាក់យ៉ាងច្បាស់ថា ស៊ីណូដាល មិនមែនជាកម្មវិធី អភិបាលកិច្ច ឬជាការកែទម្រង់រដ្ឋបាលនោះទេ លោកបានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ដែលមហាសន្និបាតកំពុងជួបប្រទះថា៖

«សំណួរពិតប្រាកដនៅចំពោះមុខយើង មិនមែនជាសំណួរថាតើស៊ីណូដាលនេះមានសារៈសំខាន់ឬយ៉ាងណានោះទេ ប៉ុន្តែគឺថាតើវាអាចចាក់ឫសយ៉ាងជ្រៅនៅក្នុងភូមិភាគ ព្រះសហគមន៍ គ្រឹះស្ថាន គ្រួសារអ្នកបួស និងគ្រួសាររបស់យើងដោយរបៀបណានោះទេ»។

ដោយផ្អែកលើប្រធានបទនៃមហាសន្និបាត  «ការត្រាស់ហៅ​ឱ្យមានការផ្លាស់ប្តូរចិត្តគំនិតក្នុងដំណើររួមគ្នា​ និងបេសកកម្ម​ធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅអាស៊ី»  លោកបានសង្កត់ធ្ងន់ថា ការអធិស្ឋាន កិច្ចសន្ទនា និងការរួមគ្នាពិចារណាស្វែងរកការពិត គឺជាចំណុចសំខាន់បំផុត៖ «ទាំងនេះមិនមែនគ្រាន់តែជាការរៀបចំលេងៗ​ក្នុងកម្មវិធីនោះទេ»។

នៅក្នុងបរិបទនៃភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែប និងបញ្ហាប្រឈមសង្គម នយោបាយដ៏ស្រួចស្រាវនៅអាស៊ី លោកបានរំលេចពីការអំពាវនាវជាបន្តបន្ទាប់របស់ព្រះសហគមន៍ថា៖ «ព្រះសហគមន៍នៅអាស៊ី ត្រូវបាន​អំពាវនាវ ឱ្យធ្វើ ជាស្ពានផង និងជាអ្នកកសាងស្ពានផង»។

ជាចុងក្រោយ កាឌីណាល់ ហ្វើររ៉ាវ បានកត់សម្គាល់ថា ជោគជ័យនៃមហាសន្និបាតនេះ នឹងត្រូវវាស់វែងដោយមើលថា តើតំណាងដែលចូលរួមទាំងអស់ ត្រឡប់ទៅផ្ទះវិញដោយមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះព្រះវិញ្ញាណដ៏វិសុទ្ធ និងមានការរៀបចំខ្លួនបានល្អជាងមុនក្នុងការធ្វើជាអ្នកកសាងស្ពាននៅទូទាំងទ្វីបអាស៊ីដែរឬទេ។

Daily Program

Livesteam thumbnail