កាឌីណាល់ម៉ាឡេស៊ី និង អគ្គអភិបាលព្រះសហគមន៍អូស្ត្រាលី ថ្លែងស្របគ្នា៖ ព្រះសហគមន៍កាតូលិកត្រូវការគ្រួសារ និងកុមារ
ក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុង បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ (Great Pilgrimage of Hope) នៅក្រុងប៉េណាំង កាឌីណាល់ សេបាស្ទៀន ហ្វ្រាន់ស៊ីស ជាអគ្គអភិបាលភូមិភាគប៉េណាំង និងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ត្រូវបានសួរអំពីក្តីសង្ឃឹមរបស់លោកសម្រាប់ ទិវាយុវជនពិភពលោក (World Youth Day) នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០២៧។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល កាឌីណាល់បានមានប្រសាសន៍ថា ការជួបជុំគ្នានេះ នឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់ព្រះសហគមន៍កាតូលិកនៅទ្វីបអាស៊ី ដើម្បីរកឃើញឡើងវិញនូវតម្លៃ និងភាពបន្ទាន់សម្រាប់ស្វាគមន៍កុមារ។
កាឌីណាល់ សេបាស្ទៀន ហ្វ្រាន់ស៊ីស បានព្រមានអំពីការថយចុះអត្រាកំណើតទូទាំងអាស៊ីបូព៌ា ដោយកត់សម្គាល់ថា ប្រទេសដូចជាកូរ៉េខាងត្បូង និងជប៉ុន កំពុងមានអត្រា «ធ្លាក់ចុះៗ»។
ដោយសង្កត់ធ្ងន់លើ អត្ថន័យខាងវិញ្ញាណ របស់កុមារ លោកបានទទូចថា «យើងត្រូវការកុមារ បើមិនដូច្នោះទេ នឹងគ្មានអនាគតទេ»។ លោកបានពណ៌នាថាកុមារគ្រប់រូបជា សញ្ញានៃវត្តមានរបស់ព្រះជាម្ចាស់ និងជាការកែប្រែថ្មីរបស់ព្រះសហគមន៍កាតូលិក។
ទោះបីជាមានការថយចុះប្រជាសាស្ត្រក៏ដោយ កាឌីណាល់បានចង្អុលបង្ហាញពីការចូលរួមយ៉ាងខ្លាំងក្លារបស់យុវជននៅក្នុងព្រឹត្តិការណ៍នានា ដូចជាទិវាយុវជនពិភពលោក ជាសក្ខីភាពរស់រវើកនិងក្តីសង្ឃឹមដ៏មានឥទ្ធិពល។
សាររបស់លោកគឺ៖ ព្រះសហគមន៍កាតូលិក និងសង្គមដែលឈប់ទទួលស្វាគមន៍កុមារ គឺបានបាត់បង់អនាគតរបស់ពួកគេហើយ ចំណែកឯគ្រួសារ និងយុវជននៅតែជាសញ្ញាព្យាករណ៍ សម្រាប់ជីវិតនិងជំនឿរបស់ព្រះសហគមន៍ដែលនៅតែបន្តស្ថិតស្ថេរ។
អគ្គអភិបាលព្រះសហគមន៍ ប្រូវស៍៖ តម្លៃរបស់អាស៊ីចំពោះគ្រួសារ និងកុមារ
នៅថ្ងៃចុងក្រោយនៃសមាជបេសកកម្មអាស៊ី លើប្រធានបទ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ នៅក្រុងប៉េណាំង អគ្គអភិបាលគ្រីស្តហ្វើរ ប្រូវស៍ នៃរដ្ឋកង់បេរ៉ា-ហ្គុលប៊ឺន (Canberra–Goulburn) បានថ្លែងសារបិទមួយ ក្រោមប្រធានបទ «ចេញដំណើរទៅមុខ» ដោយកោតសរសើរព្រះសហគមន៍កាតូលិកអាស៊ីចំពោះសក្ខីភាពដ៏រស់រវើករបស់ខ្លួន។
ក្នុងនាមជាអ្នកនៅក្រៅប្រទេស លោកបានមានប្រសាសន៍ថា «ពីទស្សនៈរបស់ខ្ញុំ ក្នុងនាមជាអ្នករស់នៅក្រៅទ្វីបអាស៊ី ខ្ញុំបានឃើញថា អាស៊ីបានចេញដំណើរទៅមុខក្នុងអង្គព្រះគ្រីស្តរួចហើយ»។
អគ្គអភិបាលបានថ្លែងអំណរអរគុណចំនួនបីចំណុច ដែលស្របនឹងការអំពាវនាវរបស់កាឌីណាល់ សេបាស្ទៀន ដែលផ្តល់តម្លៃគ្រួសារ និងកុមារ។
ចំណុចទីមួយ លោកបានអរគុណទ្វីបអាស៊ីចំពោះការឲ្យតម្លៃ អាពាហ៍ពិពាហ៍ ជីវិតគ្រួសារ និង ព្រះអំណោយទាននៃកុមារ ដោយជំរុញថា «កុំបោះបង់ចោលរឿងនេះឡើយ»។
ទីពីរ លោកបានបញ្ជាក់ពី ជំនឿជ្រាលជ្រៅជាច្រើនជំនាន់របស់អាស៊ី ដែលបានបន្តតាមរយៈគ្រួសារ ដែលជាសក្ខីភាពដ៏កម្រមានណាស់នៅក្នុងបស្ចិមប្រទេស។
ទីបី លោកបានកោតសរសើរ ព្រះសហគមន៍ក្នុងតំបន់ ដែលមានភាពរស់រវើក និងមានចលនាកាតូលិករបស់អាស៊ី ដែលចិញ្ចឹមបីបាច់គ្រួសារ និងការផ្សាយដំណឹងល្អ។
រឿងកំប្លែងមួយអំពីការយល់ច្រឡំរវាងរទេះរុញឆ្កែ និងរទេះរុញទារក បានគូសបញ្ជាក់ពីកង្វល់របស់លោកអំពីសង្គមដែលមានកូនតិច និងចំនួនគ្រួសាររួមកាន់តូចទៅៗ។ ទាក់ទងនឹងបញ្ហានេះ លោកបានមានប្រសាសន៍ថា ភាពក្លាហានរបស់គ្រួសារអាស៊ី ក្នុងការចិញ្ចឹមកូន ធ្វើអន្តោប្រវេសន៍ ការកសាងសហគមន៍ និងការកាន់ជំនឿរបស់ពួកគេបានផ្តល់ជូនពិភពលោកនូវសញ្ញាដ៏មានឥទ្ធិពលនៃក្តីសង្ឃឹម៕