កម្ពុជា ស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកNguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
 
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ  ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោក សុខ ចិន្តាសោភា បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ៕

Daily Program

Livesteam thumbnail