កម្ពុជា បញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ ក្នុងអាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ការបញ្ជាក់ដូចនេះធ្វើឡើងនាថ្ងៃទី២៥ ខែមេសានេះ ក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EUROCHAM) ដែលបានធ្វើឡើងនៅ សណ្ឋាគារអ៊កវ៉ូត(Oakwood) ក្នុងរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ៖ «សេវាមិនតិចជាង១០ប្រភេទនោះទេដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលាដែលជាការអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានលើកឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន»។
ជាមួយគ្នានោះដែរ លោក ហេង សួរ បានបញ្ជាក់ថា ការកែសម្រួលសេវានឹងអាចប្រកាសនៅដើមសប្តាហ៍ក្រោយនៃខែមេសា ឆ្នាំ២០២៤នេះ។
បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ លោកក៏បានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំសិក្សារបស់ក្រសួងដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃតាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(ឌីប្លូម៉ា)។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃនិងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។
សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកការបណ្តុះបណ្តាលជំនាញគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ។