កម្ពុជា និងILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់ប្រព័ន្ធអប់រំ និងកិច្ចគាំពារសង្គម ជាដើម។
នេះជាការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកស្រី Chihoko Asada-Miyakawa បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។
ជាមួយគ្នានោះដែរ លោកស្រីឧបការីអគ្គនាយក ក៏បានស្នើសុំនូវមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី Chihoko Asada-Miyakawa និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។
ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត
សម្តេចធិបតី បានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់ប្រព័ន្ធអប់រំ និងកិច្ចគាំពារសង្គម ជាដើម»។
ពាក់ព័ន្ធនឹងការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស លោកក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងនូវសុខុដុមនីយកម្មនៅតាមរោងចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាកាសការងារដ៏ល្អសម្រាប់និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងនូវលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងជូនបងប្អូនកម្មករ-និយោជិតគ្រប់រូប។
សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនៅពេលមានវិវាទការងារកើតឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល៕