កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានចាប់ដៃគូគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដែលជាជំហានវិជ្ជមានមួយឈានទៅរកការសម្រេចបាននូវគម្រោង «ប្រទេសពីរ គោលដៅតែមួយ»។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃទី១៦ ខែមិថុនា ដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា។

តាមរយៈកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងទទួលបានផ្លែផ្កានេះ ភាគីទាំងពីរបានប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែង តាមរយៈការង្រឹងកិច្ចសហការដើម្បីរួមគ្នាលើកកម្ពស់សក្តានុពលទេសចរណ៍ បង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងជំរុញឱ្យមានជើងហោះហើរត្រង់កាន់តែញឹកញាប់ និងទៀងទាត់។ លើសពីនេះ ភាពជាដៃគូនេះក៏ផ្តោតលើការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗក្នុងការអភិវឌ្ឍ និងការវិនិយោគលើវិស័យទេសចរណ៍ ព្រមទាំងការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាអតិបរមា ជាពិសេសគឺការជម្រុញការអនុវត្តគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» ឱ្យកាន់តែរហ័ស។

កម្ពុជា និងមីយ៉ាន់ម៉ា បានរក្សាទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៧១ឆ្នាំមកហើយ ដោយបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងវិស័យទេសចរណ៍ តាមរយៈយន្តការទ្វេភាគី និងក្របខ័ណ្ឌតំបន់។

 

Daily Program

Livesteam thumbnail