កម្ពុជា ទទួលបាន វត្ថុបុរាណខ្មែរ ចំនួន២បន្ថែមទៀត បញ្ចូនមកពីសារមន្ទីរសិល្ប:មេត្រូប៉ូលីតាន សហរដ្ឋអាម៉េរិក

កម្ពុជាបានស្វាគមន៍ចំពោះការវិលត្រឡប់មកវិញនៃវត្ថុបុរាណខ្មែរចំនួនពីរ បន្ថែមទៀត ពីសារមន្ទីរសិល្បៈ Metropolitan (MET) ក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីមានការដកហូតដោយការិយាល័យព្រះរាជអាជ្ញាខណ្ឌ Manhattan។

ពិធីប្រគល់ និងទទួលជាផ្លូវការមួយត្រូវបានប្រារព្ធឡើងនៅការិយាល័យព្រះរាជអាជ្ញាខណ្ឌ Manhattan ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១០ ខែមិថុនា ដោយមានការចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ឯកឧត្តម កុយ គួង។ ការធ្វើមាតុភូមិនិវត្តន៍នេះ ធ្វើឡើងបន្ទាប់ពីការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន ១៤ គ្រឿងដោយសារមន្ទីរ MET កាលពីខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ។

វត្ថុបុរាណទាំងពីរដែលបានវិលត្រឡប់មកវិញ រួមមាន ធ្នឹមថ្មភក់មួយដែលមានក្បាច់ក្បាលកាលា (ទាម) មកពីសម័យមុនអង្គរ ដែលមានចំណាស់តាំងពីសតវត្សរ៍ទី ៧ ឬទី ៨ និងបដិមាថ្មភក់សម័យអង្គរនាសតវត្សរ៍ទី ១០ មួយទៀត ដែលត្រូវបានគេស្គាល់ថាជា អសុរៈ ហិរណ្យកសិពុ (Hiranyakaśipu) មកពីប្រាសាទចិន នៃរមណីយដ្ឋានប្រាសាទកោះកេរ។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភស្តុតាងដែលបង្ហាញដោយអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៃការិយាល័យព្រះរាជអាជ្ញាខណ្ឌ Manhattan បានផ្សារភ្ជាប់វត្ថុទាំងពីរនេះ ទៅនឹងបណ្តាញជួញដូររបស់លោកស្រី ណានស៊ី វីនណឺ (Nancy Wiener)។ បន្ទាប់ពីការពិនិត្យឡើងវិញ សារមន្ទីរ MET បានយល់ព្រមប្រគល់វត្ថុទាំងនោះត្រឡប់មកកម្ពុជាវិញ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ការស៊ើបអង្កេតដោយអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ទៅលើបណ្តាញពាក់ព័ន្ធនឹងលោកស្រី Nancy Wiener, លោក ឌូគ្លីស ឡាចហ្វដ (Douglas Latchford) និងក្រុមហ៊ុន ស្ភីង អ៊ែន សាន់ (Spink & Son) បានរួមចំណែកដល់ការទាមទារបានមកវិញនូវវត្ថុបុរាណវប្បធម៌ខ្មែររាប់សិបគ្រឿង។ លោកស្រី Nancy Wiener ធ្លាប់ត្រូវបានផ្តន្ទាទោសពីបទជួញដូរទ្រព្យសម្បត្តិវប្បធម៌។

ក្រសួងបានសម្តែងការដឹងគុណចំពោះព្រះរាជអាជ្ញាខណ្ឌ Manhattan លោក អាលវីន ប្រេក (Alvin Bragg) និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេសជំនួយការព្រះរាជអាជ្ញា លោក ម៉ាថាយូ បុកដាណូស (Matthew Bogdanos) និងក្រុមអ្នកស៊ើបអង្កេត សម្រាប់ការគាំទ្រជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរទ្រព្យសម្បត្តិវប្បធម៌ខុសច្បាប់។

ក្រសួងក៏បានកោតសរសើរផងដែរចំពោះសារមន្ទីរសិល្បៈ Metropolitan ដែលបានទទួលស្គាល់ភស្តុតាង និងសហការក្នុងការប្រគល់វត្ថុបុរាណទាំងនោះត្រឡប់មកវិញ ព្រមទាំងបានស្វាគមន៍ចំពោះការបន្តពិនិត្យឡើងវិញរបស់សារមន្ទីរ ទៅលើវត្ថុបុរាណខ្មែរដទៃទៀតនៅក្នុងការប្រមូលរបស់ខ្លួន។

លើសពីនេះ ក្រសួងក៏បានថ្លែងអំណរគុណចំពោះអ្នកជំនាញការកម្ពុជា និងអន្តរជាតិ ដែលបានចូលរួមក្នុងដំណើរការទាមទារមកវិញនេះ រួមមានលោក ប្រេដលី ជេ ហ្គរដុន (Bradley J. Gordon) នៃក្រុមហ៊ុន Edenbridge Asia, លោកស្រី ម៉ាលីណា អង់តូញ៉ាឌីស (Malina Antoniadis) នៃក្រុមហ៊ុន NOSTOS Strategies និងលោក អេរីក ប៊ូដូណូ (Éric Bourdonneau) ជនជាតិបារាំង ជាអ្នកប្រវត្តិសាស្ត្រ និងជាអ្នកបុរាណវិទ្យានៃសាលាបារាំងចុងបូព៌ា (EFEO) សម្រាប់ការស្រាវជ្រាវគាំទ្រដល់ការកំណត់អត្តសញ្ញាណនៃបដិមាប្រាសាទកោះកេរនេះ។

 

Daily Program

Livesteam thumbnail