កម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរួមគ្នា
កម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។
ការចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោកស្រីរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ៖ «អនុស្សរណៈនៃការយោគយល់គ្នានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច»។
លោកស្រី ចម និម្មល បានបន្តថា ៖ «គណៈកម្មាធិការពាណិជ្ជកម្មចម្រុះដែលបង្កើតឡើងដោយអនុស្សរណៈនេះ នឹងក្លាយជាយន្តការមួយ ដែលអនុញ្ញាតឱ្យភាគីទាំងពីរស្វែងរកមធ្យោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងអ្នកវិនិយោគ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកមូលដ្ឋានផលិតកម្ម និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរ»។
ជាមួយនឹងការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជានិងប៉ាគីស្ថាន នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចូលរួមយ៉ាងសកម្មជាមួយវិស័យឯកជន រួមមាន៖ សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរព័ត៌មានអំពីពាណិជ្ជកម្ម លើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងបើកដំណើរការនូវស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាពសម្រាប់វិធានការ/បទប្បញ្ញត្តិស្តីពីអនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការនាំចេញ៕