កម្ពុជាចាប់ផ្តើមការនាំចេញកសិផលតាមផ្លូវគោកទៅកាន់ប្រទេសចិន តាមរយៈប្រទេសឡាវ
ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែមិថុនា បានចាប់ផ្តើមការនាំចេញកសិផលតាមផ្លូវគោកជាលើកដំបូងទៅកាន់ប្រទេសចិន តាមរយៈប្រទេសឡាវ ដែលជាជំហានមួយត្រូវបានរំពឹងថានឹងជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនសម្រាប់កសិផលក្នុងស្រុកយ៉ាងច្រើន។
លោក ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានប្រកាសថា ការដឹកជញ្ជូនទុរេនស្រស់ចំនួន ៤កុងតឺន័រ បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារប្រទេសចិនហើយ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីតំណាងក្រុមហ៊ុនដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ក្រុមហ៊ុន។
ក្រសួងកសិកម្មចាត់ទុកថា នេះជាសមិទ្ធផលដ៏ធំធេង ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មរវាងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ។
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងបើកផ្លូវ និងសម្របសម្រួលនីតិវិធី ដើម្បីបើកច្រកទ្វារថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់នូវកសិផលកម្ពុជាចំនួន ៦ប្រភេទ ទៅកាន់ទីផ្សារចិន រួមមាន៖ ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
ទន្ទឹមនឹងនេះដែរ នេះជាសញ្ញាវិជ្ជមាន និងជាឱកាសថ្មីស្រឡាងមួយសម្រាប់កសិករ ក៏ដូចជាម្ចាស់អាជីវកម្មកសិកម្មក្នុងប្រទេសកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលនៃកសិផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។