អ្នកអធិដ្ឋានសម្រាប់ជនរងគ្រោះនៅនេប៉ាល់ជំរុញឱ្យគ្រីស្តបរិស័ទប្រែក្លាយសាមគ្គីភាពទៅជាសកម្មភាពស្តារ និងទប់ស្កាត់គ្រោះមហន្តរាយ
គ្រីស្តបរិស័ទ ១៥០ នាក់មកពីប្រទេសនានា នៅទ្វីបអាស៊ី បានចូលរួមកម្មវិធីអធិដ្ឋានសម្រាប់ជនរងគ្រោះដោយគ្រោះទឹកជំនន់ និងបាក់ដីនៅនេប៉ាល់ កាលពីថ្ងៃទី ១៥ ខែកញ្ញា តាមកម្មវិធីអនឡាញមួយ។ នៅក្នុងកម្មវិធីនោះ អ្នកចូលរួមបានអំពាវនាវដល់គ្រីស្តបរិស័ទនៅអាស៊ី ឱ្យប្រែក្លាយការសោកសៅ ទៅជាសកម្មភាពស្តារគ្រោះមហន្តរាយឡើងវិញ និងសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងកម្មវិធីនោះ អ្នកចូលរួមត្រូវបានអញ្ជើញឱ្យ «កាន់ទុក្ខ ស្តាប់ និងរិះគិតជាមួយគ្នា អំពីគ្រោះមហន្តរាយនេះ» ជាមួយនឹងប្រជាជននេប៉ាល ហើយក៏មានការឆ្លុះបញ្ចាំងពីរបៀបដែលការអធិស្ឋានអាចនាំទៅរកការគាំទ្រជាក់ស្តែងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់។
ថ្លែងចេញពីប្រទេសនេប៉ាល់ លោកបូជាចារ្យ បូប៊ី ចូសេប ថាដាធីល (Boby Joseph Thadathil) នាយកសាលាសន្តហ្សាវីយេ (St. Xavier) ក្នុងទីក្រុងកាដមណ្ឌូ (Kathmandu) បានពណ៌នាអំពីគ្រោះមហន្តរាយនេះថាជាពេលវេលាដើម្បីប្រែក្លាយក្តីមេត្តាទៅជាសកម្មភាពជួយសង្គ្រោះ។ លោកបានមានប្រសាសន៍ថា «នេះគឺជាពេលវេលាដើម្បីបង្ហាញពីទឹកចិត្តមនុស្សធម៌ ក្តីមេត្តា និងការបម្រើអ្នកដទៃ»។
លោកបូជាចារ្យបានលើកឡើងថា គ្រោះមហន្តរាយនេះមិនត្រឹមតែប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់លំនៅដ្ឋាន ជីវភាពរស់នៅ ការអប់រំ ការថែទាំសុខភាព ប្រព័ន្ធទឹក និងសេវាកម្មចាំបាច់ផ្សេងៗទៀតផងដែរ។ លោកបានអំពាវនាវឱ្យមានសាមគ្គីភាពបន្តទៀត ក្នុងអំឡុងពេលដ៏យូរនៃការស្តារ និងកសាងឡើងវិញ។ លោកបានគូសបញ្ជាក់ពីតម្រូវការរបស់កុមារដែលបានបាត់បង់ឪពុកម្តាយ និងគ្រួសារដែលកំពុងជួបការលំបាកក្នុងការស្វែងរកជម្រក អាហារ ការថែទាំសុខភាព និងទឹកស្អាតសម្រាប់ផឹក។ លោកបានជំរុញឱ្យសហគមន៍នៅក្រៅប្រទេសនេប៉ាល់ ផ្តល់ការគាំទ្រជាក់ស្តែងលើវិស័យនានា រួមមាន លំនៅដ្ឋាន ការអប់រំ ការថែទាំសុខភាពផ្លូវចិត្ត និងសង្គម ជីវភាពរស់នៅ អនាម័យ និងការត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយ។
លោកស្រី សេស៊ីលៀ ស្រេថា (Cecilia Shrestha) ជានាយិកានៃអង្គការការីតាសនេប៉ាល់ បានភ្ជាប់គ្រោះមហន្តរាយនេះទៅនឹងភាពងាយរងគ្រោះកាន់តែខ្លាំងឡើងរបស់សហគមន៍ ចំពោះគ្រោះថ្នាក់ដែលទាក់ទងនឹងអាកាសធាតុ។ លោកស្រីបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុមិនមែនជាការគំរាមកំហែងនៅឆ្ងាយ ឬនៅពេលអនាគតសម្រាប់សហគមន៍នេប៉ាល់ទៀតទេ វាបាននិងកំពុងប៉ះពាល់ដល់អាយុជីវិត និងធម្មជាតិផ្ទាល់តែម្តង។
លោកស្រីក៏បានជំរុញឱ្យអ្នកចូលរួមពង្រឹងវិធានការជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ដែលរួមមានការត្រួតពិនិត្យការប្រើប្រាស់ថាមពល ការបង្កើនប្រសិទ្ធភាពថាមពល ការប្រើប្រាស់ថាមពលកកើតឡើងវិញ ថាមពលពន្លឺព្រះអាទិត្យ និងការប្រើប្រាស់យានយន្តអគ្គិសនី។
