ក្រសួងទេសចរណ៍ចាត់ទុកជាទូតសុឆន្ទៈទេសចរណ៍ម្នាក់របស់កម្ពុជាផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក តាមរយៈជិះកង់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានថ្លែងចាត់ទុក លោក ទីវ តារារិទ្ធ គឺជាទូតសុឆន្ទៈទេសចរណ៍ម្នាក់ប្រកបដោយការប្តេជ្ញាចិត្ត និង ឆន្ទៈខ្ពស់ តាមរយៈបេសកកម្មជិះកង់ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកអនុញ្ញាតជូនលោក ទីវ តារារិទ្ធ អ្នកធ្វើដំណើរដោយជិះកង់ជុំវិញពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ព្រមទាំងចែករំលែកបទពិសោធពីការជិះកង់ពីទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវ 58,000 km ដោយឆ្លងកាត់ប្រទេសសរុប ៤០ និងប្រើរយៈពេល ២ ឆ្នាំពេញ ឬស្មើនឹង ៧៣០ថ្ងៃ។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ ឆន្ទៈខ្ពស់ បទពិសោធ ការតស៊ូ និងស្មារតីស្រឡាញ់ជាតិពីសំណាក់ លោក ទីវ តារារិទ្ធ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានា ដើម្បីផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គម។ក្រសួងទេសចរណ៍ ស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការនាំយកអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ លោករដ្ឋមន្ត្រី ក៏បានគាំទ្រដល់បេសកកម្មនៃការបើកបរទោចក្រយានយន្ត ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ Esposizione Internazionale delle Due Ruote (EICMA) ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Calypso Motors និងក្រុមហ៊ុន ជីប ម៉ុង ។
សម្រាប់ក្រសួង ព្រឹត្តិការណ៍ទាំងនេះ គឺពិតជាបានចូលរួមចំណែកជំរុញការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការវិនិយោគនៅកម្ពុជា។ក្រសួងទេសចរណ៍ នឹងបន្តខិតខំជំរុញគំនិតផ្តួចផ្តើម និង គាំទ្រនូវរាល់បេសកកម្មនានាដែលនាំ អច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក ដើម្បី នាំពិភពលោកមកកម្ពុជាវិញ៕