ស្ត្រីអាស៊ីចំនួន១៥រូបបានក្លាយជាសមាជិកនៃក្រុមគ្រួសារបុព្វជាតាកូនស្រីហ្រ្វង់ស៊ីស្កូនៃសន្តីអេលីហ្សាបេត

ស្ត្រីដើមកំណើតអាស៊ីចំនួន ១៥ នាក់មកពីប្រទេសឥណ្ឌូនេស៊ី និងវៀតណាមបានក្លាយជាសមាជិកនៃក្រុមគ្រួសារបុព្វជាតាហ្រ្វង់ស៊ីស្កូនៃសន្តីអេលីហ្សាបេត ( Franciscan Daughters of St. Elizabeth) ដោយពិធីនេះបានរៀបចំឡើងនៅព្រះវិហារអូញ៉េសានទី (Ognissanti) ក្នុងទីក្រុង ផ្លរ៉េន  (Florence) ភាគកណ្តាលប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៧ ខែមិថុនា។

សមាជិកដូនជីថ្មីទាំង១៥រូប ត្រូវបានគេដឹងថា ៩នាក់មក ពីប្រទេសឥណ្ឌូនេស៊ី និង ៦ នាក់មកពីប្រទេសវៀតណាម។

ពិធីសច្ចារនេះត្រូវបានរៀបចំឡើងដោយលោកអគ្គអភិបាល ជីរ៉ាដូ ហ្គាបេលី ( Gherardo Gambelli) អភិបាលព្រះសហគមន៍ ក្រុង ផ្លរ៉េន និងការចូលរួម ដោយបូជាចារ្យប្រហែល ៣០ នាក់។

ក្រៅពីនោះពិធីថ្វាយអភិបូជានាឱកាសនោះក៏មានការចូលរួមដោយមន្រ្តីអ៊ីតាលីសំខាន់ៗ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំ សន្តអាសនៈ លោក ម៉ាឃើល ត្រៀស គុនកាហ៊ីណូ ( Michael Trias Kuncahyono) ផងដែរ ។​

នាឱកាសនោះ លោកអគ្គអភិបាលបានឆ្លុះបញ្ចាំងពីអត្ថន័យនៃការប្តេជ្ញាចិត្តរបស់ដូនជីទាំងអស់ ដែលបានសច្ចា បម្រើព្រះជាម្ចាស់ បម្រើគ្រីស្តបរិស័ទ ដោយស្មោះត្រង់រហូតដល់ទទួលមរណៈភាព។

លោកបានពន្យល់ថា ការយល់ដឹងអំពីព្រះគម្ពីរអំពីការប្រែចិត្តគំនិតគឺជាដំណើរការត្រង់ត្រាប់និងធ្វើការ ផ្លាស់ប្តូរចិត្ត និងគំនិតដែលនាំទៅរករបៀបរស់នៅថ្មីមួយនៅក្នុងព្រះសហគមន៍។

លោកអគ្គអភិបាលនិយាយថា ជីវិតដែលបានញែកចេញចាប់ផ្តើមដោយឆន្ទៈក្នុងការកំណត់តាមផ្លូវនៃ ជំនឿ និងទុកចិត្តលើការណែនាំរបស់ព្រះជាម្ចាស់ គឺជាអំណោយផលមួយសម្រាប់សង្គម ហើយលោកបានលើកទឹកចិត្តដូនជីទាំងអស់ ឱ្យបើកចំហរចំពោះការប្រែចិត្តគំនិតនេះជាបន្តបន្ទាប់តាមរយៈការអធិស្ឋាន និងការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។

ក្រុមគ្រួសារបុព្វជាតាហ្រ្វង់ស៊ីស្កូនៃសន្តីអេលីហ្សាបេត ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ១៨៨៨ នៅ តំបន់ កាសាលីណូ (Casalino ) ដែលជាភូមិភ្នំមួយ ក្នុងខេត្ត អារ៉េហ្សូ ( Arezzo) ភាគកណ្តាលប្រទេសអ៊ីតាលី ហើយសព្វថ្ងៃគឺមានមូលដ្ឋាននៅទីក្រុងផ្លរ៉េន ហើយបានបញ្ជូនបងស្រីទៅចូលរួមសកម្មភាពបម្រើព្រះសហគមន៍និងកម្មវិធីមនុស្សធម៌នានា នៅប្រទេសអ៊ីតាលី បូលីវី ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ដែនដីបរិសុទ្ធ និងម៉ាដាហ្គាស្ការ៕

Daily Program

Livesteam thumbnail