NatureLife រកឃើញសំបុកសត្វក្រៀលចំនួន៦សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់
ក្នុងរដូវបន្តពូជ ឆ្នាំ២០២៥ ក្រុមការងារសិក្សាជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានរកឃើញសំបុកសត្វក្រៀលសរុបចំនួន៦សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ក្នុងចំណោម៦សំបុកនេះ ញាស់កូនបានដោយជោគជ័យចំនួន៥សំបុក ដែលមានចំនួនកូនសរុបចំនួន៦ក្បាល។
លទ្ធផលជាវិជ្ជមាននេះបង្ហាញថា ចំនួនសត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងស្ថានភាពថេរបើយើងប្រៀបធៀបនឹងទិន្នន័យឆ្នាំ២០២៤។ សត្វក្រៀល (Sarus Crane) គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក និងអាចហើរបាន សត្វក្រៀលក៏ជាប្រភេទសត្វកំពុងទទួលរងនូវការគំរាមកំហែង និងប្រឈមនឹងការផុតពូជលើសកលលោក បច្ចុប្បន្នកំពុងមានវត្តមានពងកូននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីតាំងអង្គការជីវិតធម្មជាតិនៅកម្ពុជាអនុវត្តគម្រោងឥណទានកាបូនលំផាត់ (Lomphat REDD+) ក្នុងគោលបំណងចូលរួមការពារទីជម្រកសំខាន់ៗ។
ប្រភពដដែលបន្តទៀតថា យ៉ាងណាមិញ ក្រុមការងារអង្គការ NatureLife យើងក៏បានសង្កេតឃើញថា មានកត្តារំខានមួយចំនួនដល់ការបន្តពូជរបស់សត្វក្រៀលដូចជា ការរំខានដោយមនុស្សចូលព្រៃប្រមូលអនុផលព្រៃឈើ និងការរំខានពីសត្វព្រៃ។ ជាក់ស្ដែងក្នុងរដូវបន្តពូជឆ្នាំ២០២៥នេះ សំបុកសត្វក្រៀលមួយសំបុកត្រូវបានបរាជ័យដោយសារមានការចូលស៊ីពងដោយសត្វជ្រូកព្រៃ។ សូមចូលរួមការពារសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅជិតផុតពូជនិងទីជម្រករបស់វានៅដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា៕