លោក អ៊ាង សុផល្លែត៖ យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង១ឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់
យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង១ឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់ សម្រាប់ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
នេះជាការលើកឡើងពីសំណាក់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីសម្ពោធគម្រោង USAID អភិរក្ស (USAID Conserve) កាលពីថ្ងៃទី២៩ ខែឧសភាព ឆ្នាំ២០២៤ នារាជធានីភ្នំពេញ។
លោកបានថ្លែងថា ៖ «កម្ពុជាគឺជាប្រទេសដំបូងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានដាក់ចេញ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលមានទស្សៈវិស័យរយៈពេលវែង ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ»។
រដ្ឋមន្រ្តីដដែលបានបន្តថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ នោះគឺស្អាត បៃតង និងចីរភាព បានគិតគូគ្រប់ជ្រុងជ្រោយនូវ សកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្ត «បញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាប្រទេស «អព្យាក្រឹតកាបូននិងមានគម្របព្រៃចំនួន៦០%នៅឆ្នាំ២០៥០»។
លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណចំពោះដៃគូសហការទាំងអស់ ទន្ទឹមនឹងនេះ ទីភ្នាក់ងារ USAID ដែលបានសហការជាមួយនឹងក្រសួងបរិស្ថាន ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។
លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា ៖ «គោលបំណង និងសកម្មភាពរបស់គម្រោង USAID អភិរក្ស ដែលមានរយៈពេល ៥ឆ្នាំ នេះ អនុវត្តនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ តំបន់ទេសភាពព្រៃឡង់ និងតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប (តំបន់៣) មានភាពស៊ីចង្វាក់ជាមួយនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ជាសេនាធិការក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន៕