​ក្រសួងកសិកម្ម រៀបចំការ​ប្រកួតចៀរជ័រកៅស៊ូលើកទី១ ​នៅខេត្តត្បូងឃ្មុំ​

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតី បើកកម្មវិធីប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នេះជាការប្រកួតចៀរជ័រកៅស៊ូដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរៀបចំឡើងក្រោ​មការផ្ដួចផ្ដើមដោយលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមលោក ប្រាក់ ដាវីដ កម្មវិធីប្រកួតចៀរជ័រកៅស៊ូ រៀបចំឡើងដើម្បីស្វែងរកកម្មករចៀរជ័រកៅស៊ូ ដែលមានជំនាញ អាចចៀរជ័រកៅស៊ូតាមបច្ចេកទេសបានស្អាត និងលឿនរហ័ស។

លោកថា ៖ « បេក្ខជនចំនួន៦៩រូប ដែលមកពីក្រុមវិនិយោគលើដំណាំកៅស៊ូចំនួន៣៤ក្រុមហ៊ុន និងសហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់ អាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្របច្ចេកទេសពីគ្នាទៅវិញទៅមក»។

លោកក៏មានសុទិដ្ឋិនិយមដែរថា កម្មវិធីនេះនឹងអាចធ្វើឲ្យសាធារណជនទូទៅ យល់ដឹងអំពីអនុវិស័យកៅស៊ូ។​

បើតាមលោក ប្រាក់ ដាវីដ តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតនិងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។

ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។

សូមជម្រាបថា ផលិតផលកៅស៊ូក្នុងឆ្នាំ២០២៤របស់កម្ពុជា សម្រេចបានចំនួន ៤០៧ ២០៩តោន កើនឡើងចំនួន ១៥ ៤០៩តោន ស្មើនឹង ៣,៩៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារសហរដ្ឋអាមេរិក៕

 

Daily Program

Livesteam thumbnail