អាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ការធ្លាក់ទៅក្នុងឡកម្តៅដ៏គួរឲ្យព្រួយបារម្ភ

តំបន់អាហ្វ្រ៊ិកខាងជើង និងមជ្ឈិមបូព៌ា  កើនកម្តៅក្នុងចង្វាក់ខ្លាំងក្លាជាង​ការកើន​កម្តៅ​មធ្យម​នៅ​លើ​ពិភពលោក។ នេះគឺជាសេចក្តីសន្និដ្ឋានពីរបាយការណ៍ថ្មីនៃអង្គការឧតុនិយម​ពិភពលោក (OMM) ដែលបានបង្ហាញនូវការកើនល្បឿននៃការប្រែប្រួលអាកាសធាតុ និង​ឥទ្ធិពល​របស់​វា​នៅក្នុងតំបន់ដែលរងកម្តៅក្តៅបំផុតនៅលើពិភពលោក។

ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតដែលមិនដែលធ្លាប់បានកត់ត្រា។ លោកស្រីសេឡេស សូឡូ ប្រមុខអង្គការឧតុនិយមពិភពលោក (OMM) បានរៀបរាប់ថា ៖ “សីតុណ្ហភាពនៅតំបន់​អាហ្វ្រ៊ិក​ខាង​ជើង និងមជ្ឈិមបូព៌ា កើនឡើងពីរដងលឿនជាងកំណើនសីតុណ្ហភាពមធ្យម​ពិភពលោក”។

យោងតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ សីតុណ្ហភាពមធ្យមនៅក្នុងផ្នែកតំបន់ទាំង​នេះ​ បានកើនឡើងលើសឆ្នាំមុនប្រមាណ 1,08 °C ពីសីតុណ្ហភាពមធ្យម​អំឡុង​ពេល​​ពីឆ្នាំ​១៩៩១ ដល់ឆ្នាំ២០២០។

ចាប់តាំងពីឆ្នាំ១៩៨១ រលកកម្តៅមិនដែលឈប់នឹងអូសបន្លាយពេល និងរីកវិសាលភាព​របស់​វា​​ឡើយ និងទៅដល់ចំណុច​ដែលនៅឆ្នាំ២០២៤ មានប្រទេសជាច្រើនបានឡើងហួស​ដល់​កម្រិត 50 °C ។ លោកស្រីសូឡូ បញ្ជាក់ដែរថា ៖ “សុខភាពមនុស្ស ប្រព័ន្ធបរិស្ថាន និង​សេដ្ឋកិច្ច មិនអាច​ទ្រាំទ្រ​នឹងរយៈពេលដែលបន្លាយវែងនៃសីតុណ្ហភាពដែលមាន​កម្រិតលើស​ពី​ 50 °C នោះ​ឡើយ។ វាគឺក្តៅខ្លាំងពេក។”

ការកើនឡើងនូវសីតុណ្ហភាព​ក៏នាំមកជាមួយនូវភាពធ្ងន់ធ្ងរនៃគ្រោះរាំងស្ងួតនៅក្នុងតំបន់​ទាំង​ពីរ​​ដែល​បានរងគ្រោះខ្លាំងបំផុតរួចហើយ​ដោយសារតែការខ្វះខាតទឹក។ ភាពញឹកញាប់​ និង​វិសាលភាពនៃរយៈពេលរាំងស្ងួតកើនឡើង​ដោយមើលឃើញយ៉ាងច្បាស់។

នៅឆ្នាំ២០២៤ គ្រោះរាំងស្ងួត​ប្រមូលផ្តុំ​នៅក្នុងតំបន់ភាគខាងលិចនៃទ្វីបអាហ្វ្រ៊ិកខាងជើង បន្ទាប់​ពី៦រដូវ​បន្ត​បន្ទាប់​​គ្នាដែលមានភ្លៀងធ្លាក់ខ្សោយ ហើយវាបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ​លើប្រទេសម៉ារ៉ុក អាល់ហ្សេរី និងទុយនេស៊ី។

មើលទៅលើជ្រុងម្ខាងទៀត ការភ្លៀងធ្លាក់ហួសហេតុ និងទឹកជំនន់បុកខ្លាំងភ្លាមៗ បាន​បណ្តាល​​ឲ្យមានមនុស្សស្លាប់ និងបំផ្លិចបំផ្លាញ​នៅក្នុងប្រទេសដែលមានភាព​ខ្សោះកក្រោះ​តាម​ធម្មតា ដូច​​ជា​ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បារ៉ែន និងអារ៉ាបរួម អេមីរ៉ាតជាដើម។ 

យោងតាមរបាយការណ៍នៃអង្គការឧតុនិយមពិភពលោក បានឲ្យដឹងថា មហន្តរាយ​អាកាស​ធាតុ​​បានកើនឡើង ៨៣% ក្នុងអំឡុងពេលពីឆ្នាំ២០០០ មកដល់ឆ្នាំ២០១៩ បើ​ប្រៀបធៀប​នឹងពីទសវត្សមុននេះ។ ហើយកាលពីឆ្នាំមុន ឆ្នាំ២០២៤ រលកកម្តៅ និងទឹក​ជំនន់​បាន​ប៉ះពាល់លើមនុស្សជាតិ ៣,៨លាននាក់ នៅតំបន់អាហ្វ្រ៊ិកខាងជើង និងមជ្ឈិមបូព៌ា និង​បង្ក​ឲ្យមានមនុស្សស្លាប់ជាង ៣០០នាក់ ផងដែរ។

របាយការណ៍មិនគ្រាន់តែបានបង្ហាញអំពីសភាពនៃស្ថានភាពបច្ចុប្បន្ននៃតំបន់ទាំងនេះទេ វា​ក៏​លើក​ឡើងអំពីការព្យាកររបស់ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ​ចំពោះ​ការវិវត្ត​នៃ​អាកាស​ធាតុ។ ការព្យាករគឺគ្រោងសម្រាប់សេណារីយ៉ូនៃការមានការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់។ នេះបង្កឲ្យមានកំណើនដ៏មានសក្តានុពលនៃសីតុណ្ហភាពមធ្យម​ដែលអាចឈាន​ដល់កើន  5°C ពីពេលនេះរហូតដល់ដំណាច់សតវត្ស​នៅក្នុងផ្នែកតំបន់ទាំងនេះនៃពិភពលោក។

ឯកសារដែលត្រូវបានរៀបរៀងឡើងដោយអង្គការឧតុនិយមពិភពលោក គឺសំដៅ​បំភ្លឺ​ឲ្យមាន​ការ​ប្រកាន់យកនូវ​ការសម្រេចចិត្តសម្រាប់តំបន់​ដែល​មាន​ប្រទេសចំនួន ១៥ ​ដែលខ្វះខាត​បំផុត​នូវ​ទឹកប្រើប្រាស់​នៅលើភពផែនដី។

 

Daily Program

Livesteam thumbnail