អង្គការ CI មានការភ្ញាក់ផ្អើល ដោយម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់សត្វកែះ នៅក្នុងឧទ្យានជាតិវើនសៃ សៀមប៉ាង

គំហើញគួរឱ្យភ្ញាក់ផ្អើលមួយពីកម្ពុជា  តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្រុមអ្នកស្រាវជ្រាវចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ (អង្គការ CI) និងអង្គការ Wild Earth Allies (WEA) បានថតជាប់សត្វកែះ (𝘾𝙖𝙥𝙧𝙞𝙘𝙤𝙧𝙣𝙞𝙨 𝙨𝙪𝙢𝙖𝙩𝙧𝙖𝙚𝙣𝙨𝙞𝙨) ដែលជាប្រភេទសត្វដែលមិនធ្លាប់ឃើញមាននៅក្នុងឧទ្យាននេះសោះឡើយ។ 

ប្រភពពីអង្គការ CI បានឱ្យដឹងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ថា សត្វ​កែះដ៏​កម្រ​នេះ​រស់នៅ​តាម​តំបន់​ព្រៃ​ឈើ​ពាសពេញ​ក្នុងប្រទេស​ប្រមាណ ១១ ប្រទេស ដែល​លាតសន្ធឹង​លើ​ជួរភ្នំ​ហិមាល័យ ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍។ ជាធម្មតា សត្វនេះដើររកស៊ីតែឯកឯងពេលព្រឹកព្រលឹម និងព្រលប់ ហើយចំនួនរបស់វាមានការថយចុះយ៉ាងខ្លាំងដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ គំហើញនាពេលនេះ ជាព័ត៌មានជំនួយសំខាន់បន្ថែមដល់ការសិក្សាស្រាវជ្រាវវត្តមានសត្វកម្រនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង។

ការណ៍នេះបង្ហាញពីសារៈសំខាន់នៃការការពារឧទ្យាន និងការស្រាវជ្រាវក្នុងតំបន់ដែលមិនទាន់មានការសិក្សាពីមុនមក។ អង្គការ CI សហការជាមួយអង្គការ WEA មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកបឹងទន្លេសាបខាងកើត នៃអគ្គនាយកដ្ឋានតំបន់ការពារ ក្រសួងបរិស្ថាន កំពុងតាមដាននូវជីវៈចម្រុះដ៏សម្បូរបែបរបស់ឧទ្យាននេះ ដើម្បីទុកជាភស្តុតាងវិទ្យាសាស្រ្តជំរុញការពារ និងអភិរក្សធនធានធម្មជាតិ ទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ ៕

Daily Program

Livesteam thumbnail