អង្គការសុខភាពពិភពលោកចេញសេចក្តីអំពាវនាវបន្ទាន់ស្វែងរកទឹកប្រាក់ ១,៥ ពាន់លានដុល្លារ ដើម្បីប្រឈមមុខនឹងវិបត្តិសុខភាពនៅឆ្នាំ២០២៥
អង្គការសុខភាពពិភពលោក OMS បានចេញសេចក្តីអំពាវនាវបន្ទាន់ឲ្យមានជំនួយជាទឹកប្រាក់ ១,៥ពាន់លានដុល្លារដើម្បីប្រឈមមុខនឹងវិបត្តិសុខភាពពិភពលោក ដែលមិនធ្លាប់មានពីមុននៅឆ្នាំ២០២៥។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានរាប់ឃើញមានមនុស្សមិនតិចជាង ៣០៥លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌បន្ទាន់នៅអំឡុងឆ្នាំថ្មីនេះ។
នៅក្នុងសេចក្តីប្រកាសមួយ អង្គការសុខភាពពិភពលោក OMS បានសម្តែងនូវការព្រួយបារម្ភថា ៖ “សង្រ្គាម ការប្រែប្រួលអាកាសធាតុ រោគរាតត្បាត និងការភៀសខ្លួន បានមកផ្តុំគ្នាដើម្បីបង្កើតបានជាវិបត្តិសុខភាពពិភពលោកដែលមិនដែលមានពីមុន”។
ដើម្បីប្រឈមមុខនឹងតម្រូវការពិសេសដាច់ដោយឡែកនេះ អគ្គនាយកនៃអង្គការសុខភាពពិភពលោក លោកតេដរ៉ូស អាដហានូម ហ្គឺប្រឺយេស៊ូស បានចេញសេចក្តីអំពាវនាវជាបន្ទាន់ដើម្បីសុខភាពសកលលោក ក្នុងការស្វែងរកទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដើម្បីគាំទ្រកិច្ចអន្តរាគមន៍សម្រាប់សុខភាពនៅឆ្នាំ២០២៥។
លោកតេដរ៉ូស អាដហានូម ហ្គឺប្រឺយេស៊ូស បានរាប់ឃើញមានតម្រូវការសុខភាពបន្ទាន់ចំនួន ៤២ ដែលកំពុងកើតមានឡើង ហើយក្នុងនេះ វិបត្តិកម្រិត ៣ គឺមានចំនួន ១៧ ដែលជាសេចក្តីត្រូវការបន្ទាន់ធ្ងន់ធ្ងរបំផុត ដែលទាមទារចាំបាច់នូវកម្រិតនៃការឆ្លើយតបខ្ពស់បំផុតដែរ។
នៅខណៈដែលប្រព័ន្ធសុខាភិបាលឈានដល់កម្រិតព្រំដែនរបស់វា និងធនធានហិរញ្ញវត្ថុពិភពលោកខ្សោះខ្សោយ ចំនួនទឹកប្រាក់ដែលស្នើសុំនេះនឹងអាចនាំមកនូវជំនួយដល់មនុស្សដែលប្រឈមនឹងស្ថានភាពដែលលំបាកបំផុត។
នាយកនៃអង្គការសុខភាពពិភពលោក OMS បានថ្លែងថា ៖ “សង្រ្គាម រោគរាតត្បាត មហន្តរាយអាកាសធាតុនានា និងសេចក្តីត្រូវការបន្ទាន់ខាងសុខភាពដទៃៗ ទៀត លែងជាស្ថានភាពកម្រ និងតាមរដូវទៀតហើយ។ ពួកវាកើតឡើងមិនឈប់មិនឈរ មានកំណើនឡើង និងពង្រីកវិសាលភាពផងដែរ”។ លោកបានបញ្ជាក់ថា ៖ “ជាក់ស្តែង សូម្បីការគ្រប់គ្រងជំងឺរាតត្បាតកូឡេរ៉ា ឬការផ្គត់ផ្គង់ការគាំទ្រខាងសុខភាពផ្លូវចិត្តនៅក្នុងតំបន់ជម្លោះ ការងាររបស់អង្គការសុខភាពពិភពលោក ក៏បានលាតសន្ធឹងលើសពីការព្យាបាលបន្ទាន់ភ្លាមៗ នៅនឹងកន្លែងហើយ”។
អង្គការសុខភាពពិភពលោកបានសន្យាផ្គត់ផ្គង់ជំនួយសុខភាពបន្ទាន់ មានជាអាទិ៍នៅក្នុងតំបន់មានជម្លោះដូចជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (RDC) ដែនដីប៉ាឡេស្ទីនដែលត្រូវត្រួតត្រា និងប្រទេសស៊ូដង់ផងដែរ។
ការឆ្លើយតបរបស់អង្គការសុខភាពពិភពលោកសម្រាប់ស្ថានភាពបន្ទាន់ចុះធ្វើនៅក្នុងក្របខណ្ឌនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ដែលកាន់តែទូលាយ និងផ្តល់អាទិភាពសម្រាប់ការព្យាបាលវេជ្ជសាស្រ្តចាំបាច់ ការព្យាបាលការខ្វះខាតសារជាតិចិញ្ចឹម ការគាំទ្រសុខភាពមាតា និងទារក ការដឹកនាំយុទ្ធនាការចាក់វ៉ាកសាំងដើម្បីត្រៀមបង្ការរោគរាតត្បាត និងការថែទាំសុខភាពផ្លូវចិត្តសម្រាប់ប្រជាជនដែលបានរងផលប៉ះពាល់ដោយភាពភ័យរន្ធត់។
សេចក្តីអំពាវនាវដែលធ្វើឡើងដោយអង្គការសុខភាពពិភពលោក បានបង្ហាញនូវការប្រឈម ៤ សំខាន់ៗ ដែលពិភពលោកសព្វថ្ងៃកំពុងតែប្រឈមមុខ ក្នុងនោះ មាន ការប្រែប្រួលអាកាសធាតុ សង្រ្គាម ការភៀសខ្លួនរបស់ប្រជាជន និងរោគរាតត្បាត។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានថ្លែងដែរថា ៖ “ជាមួយនឹងការគាំទ្រពីម្ចាស់ជំនួយ និងដៃគូ អង្គការសុខភាពពិភពលោករំពឹងថា នឹងបំពេញបាននូវតួនាទីពិសេសរបស់ខ្លួននៅក្នុងស្ថានភាពបន្ទាន់នៃវិបត្តិសុខភាព។”