អង្គការសហប្រជាជាតិព្រមានអំពីគ្រោះមហន្តរាយរីកធំនៃស្រ្តេសពីកម្តៅនៅពេលធ្វើការងារ

នៅក្នុងរបាយការណ៍រួម​ដែលមានឈ្មោះថា ការប្រែប្រួលអាកាសធាតុ និងស្រ្តេសពី​កម្តៅនៅ​ពេល​ធ្វើការ ដែលផ្សព្វផ្សាយកាលពីចុងសប្តាហ៍ អង្គការ​ពិភពលោកសម្រាប់សុខភាព (OMS) និងអង្គការឧតុនិយម​ពិភពលោក (OMM) បានចងក្រងនូវការសន្និដ្ឋានមួយដែល​ប្រកាស​អាសន្ន។ ការកើន​កម្តៅអាកាសធាតុបានបន្លាយពេល និងរលកកម្តៅបានរីកវិសាលភាព ជាមួយ​នឹង​ឥទ្ធិពល​​ដែលមើលឃើញ​រួចហើយ ទៅលើចំការ នៅការដ្ឋាន និងក៏ដូចជាតាម​កំពង់ផែ​នេសាទ។ល។

អ្នកធ្វើការងារដែលប៉ះពាល់បំផុតមានដូចជា កម្មករកសិកម្ម ជាងកំបោរ និងអ្នកនេសាទ ដែល​បាន​រងគ្រោះ​រួចហើយ។ ចំណែកកុមារ មនុស្សចាស់ និងសហគមន៍ក្រីក្រនៅប្រទេស​ភាព​ខាង​ត្បូង ក៏ស្ថិតនៅខ្សែត្រៀមទី១ ប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ស្ងៀមស្ងាត់នេះ។

សាស្រ្តាចារ្យ ជេរ៉េមី ហ្វ៉ារ៉ា មកពីអង្គការសុខភាពពិភពលោក បានព្រមានថា ៖ “ស្ត្រេសពីកម្តៅ​បំផ្លាញ​​សុខភាព និងបំផ្លាញមធ្យោបាយរស់រានមានជីវិតរបស់អ្នកធ្វើការ​រាប់ពាន់​លាន​នាក់ ជាពិសេស​នៅក្នុងសហគមន៍ដែលងាយរងគ្រោះបំផុត។

ការកំណត់ទិសសិក្សាថ្មីៗទាំងនេះផ្តល់នូវដំណោះស្រាយជាក់ស្តែង ដែលមានមូលដ្ឋានលើ​ភស្តុតាង ដើម្បីការពារជីវិត កាត់បន្ថយអសមភាព និងពង្រឹងភាពធន់របស់អ្នកធ្វើការ​នៅក្នុង​ពិភពលោកដែលកំពុងកើនកម្តៅ។”

ទិន្នន័យទាំងនេះគឺមិនអាចតវ៉ាបានទេ។ អង្គការឧតុនិយមពិភពលោកបញ្ជាក់ថា ឆ្នាំ២០២៤ គឺ​ជាឆ្នាំដែលក្តៅបំផុតដែលមិនធ្លាប់បានកត់ត្រា ជាមួយនឹងសីតុណ្ហភាពមធ្យមនៅលើផែនដី កើន 1,55 °C លើសមុនយុគសម័យឧស្សាហកម្ម។ ថ្ងៃជាច្រើនដែលមានសីតុណ្ហភាពលើស​ពី 40 °C បានក្លាយជាទម្លាប់ធម្មតា ហើយនៅតំបន់ខ្លះ សីតុណ្ហភាពលើប្រដាប់វាស់ស្ទង់ បាន​ឡើង​​លើស 50 °C

លោកស្រីកូ បារ៉េត អនុអគ្គលេខានៃទីភ្នាក់ងារឧតុនិយមពិភពលោក បានបញ្ជាក់ថា ៖ “ស្រ្តេស​​​ពីកម្តៅដែលទាក់ទងនឹងការងារ បានក្លាយជាការលំបាករ​បស់ពិភពលោក ដែលលែង​កម្រិត​តែសម្រាប់ប្រទេសដែលនៅជិតខ្សែអេក្វាទ័រទៀតហើយ គឺវាក៏បង្ហាញអំពី​វត្តមានរលក​កម្តៅ​ថ្មីៗនៅអឺរ៉ុប។ ការពារអ្នកធ្វើការទល់នឹងកម្តៅហួសហេតុមិនគ្រាន់តែជាការចាំបាច់បន្ទាន់សម្រាប់សុខភាព​សាធារណៈនោះទេ វាក៏ជាភាពចាំបាច់សម្រាប់សេដ្ឋកិច្ចផងដែរ។

វិបាករបស់វាមានច្រើនយ៉ាង ដូចជា ការធ្លាក់ចុះនូវផលិតភាពការងារ ការជះកម្តៅភ្លាមៗ ការ​ខ្សោះ​ជាតិទឹក វិបត្តិសរសៃប្រសាទ និងការធ្លាក់ខ្សោយនៃតម្រងនោម។ យោងតាមរបាយ​ការណ៍​​បានឲ្យដឹងថា ផលិតភាពការងារធ្លាក់ចុះពី ២% ទៅ ៣% សម្រាប់​ការកើនឡើង​កម្តៅ​មួយ​​អង្សារ​ៗ បន្ថែមលើពី 20 °C។ ប្រជាជនជិតពាក់កណ្តាលនៃពិភពលោក​បានទទួល​រង​គ្រោះ​​ថ្នា​ក់រួចហើយចំពោះឥទ្ធពលដ៏ចង្រៃនៃសីតុណ្ហភាពហួសកម្រិត។

ដើម្បីទប់ស្កាត់មហន្តរាយនេះ អង្គការសុខភាពពិភពលោក និងឧតុនិយមពិភពលោក អំពាវនាវ​ឲ្យមានផែនការសកម្មភាពនានាដែលកំណត់គោលដៅ​តាមវិស័យ និងតាមតំបន់។ អនុសាសន៍​របស់ពួកគេគឺការដាក់ឲ្យដំណើរការនូវនយោបាយសម្របខ្លួនសម្រាប់លក្ខខណ្ឌ​តំបន់ ការការពារដែលត្រូវបានពង្រឹងសម្រាប់អ្នកធ្វើការដែលមានវ័យចំណាស់ និងដែលមាន​ជំងឺ​​រ៉ាំរ៉ៃ ហើយត្រូវចេញពីការបណ្តុះបណ្តាលគ្រូពេទ្យ និងអ្នកបម្រើការ ឲ្យពួកគេធ្វើរោគ​វិនិច្ឆ័យ​​លើ​ស្រ្តេស​​ពីកម្តៅ ដែលជារឿយៗ មានការលំបាកនឹងកំណត់អត្តសញ្ញាណដែរ។

គេក៏បានផ្តល់អនុសាសន៍ឲ្យមានការរួមបញ្ចូលក្នុងផែនការនូវសហជីប និងអាជ្ញាធរតំបន់ ដើម្បី​អនុគ្រោះឲ្យមានដំណោះស្រាយដែលអាចទទួលបាន មានចីរភាព និងត្រូវមានការ​ពង្រឹង​​ការ​ស្រាវជ្រាវ​ដើម្បីវាយតម្លៃលើប្រសិទ្ធភាពនៃវិធានការផងដែរ។

Daily Program

Livesteam thumbnail