ហ្វ្រ៉ង់ស៊ីស ហាល់ឡេ ៖ ដើមឈើមិនមានកម្មវិធីសម្រាប់ស្លាប់ទេ
អ្នកវិទ្យាសាស្រ្តរុក្ខវិជ្ជាដ៏ល្បីរបស់បារាំង លោកហ្វ្រ៉ង់ស៊ីស ហាល់ឡេ ទើបតែបានស្លាប់នៅអាយុ ៨៧ឆ្នាំ។ ព្រឹត្តិបត្តិ វិទ្យាសាស្រ្ត និងអនាគត ធ្លាប់បានសម្ភាសន៍លោកកាលពីឆ្នាំ២០០៨។ លោកបានលើកឡើងដោយភាពទន់ភ្លន់ និងអារម្មណ៍កំប្លែងតិចៗ អំពីវាសនាមនុស្សដែលនឹងត្រូវស្លាប់នៅថ្ងៃណាមួយ ចំណែកដើមឈើ ពួកវាមិនមានកម្មវិធីដើម្បីស្លាប់នោះទេ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយព្រឹត្តិបត្តិវិទ្យាសាស្រ្ត និងអនាគត លោកហ្វ្រ៉ង់ស៊ីស ហាល់ឡេ ធ្លាប់បានរៀបរាប់ប្រាប់ថា ៖
គេតែងរំពឹងថា ដើមឈើមិនសូវមានអាថ៌កំបាំងសម្រាប់យើងទៀតទេ ពីព្រោះពួកវាបានទាក់ទាញអ្នកទស្សនវិជ្ជា និងអ្នកវិទ្យាសាស្ត្រមកតាំងពីសម័យបុរាណ។ ក៏ប៉ុន្តែការកំណត់និយមន័យរបស់ដើមឈើមិនទាន់ក្លាយជាកម្មវត្ថុនៃការព្រមព្រៀងគ្នាទាំងស្រុងនៅឡើយទេ។តាំងពីប៉ុន្មានឆ្នាំមកហើយ របកគំហើញនានាបានកើតឡើងជាបន្តបន្ទាប់គ្នា អំពីរយៈពេលរស់នៅ ការលូតលាស់ហ្សែន និងជីវសាស្រ្តគីមីរបស់ដើមឈើ។ល។ រឿងរ៉ាវថ្មីរបស់ដើមឈើត្រូវបានគូរូបភាពឡើងវិញ។ វាជាការពិត រហូតមកត្រឹមដំណាច់សតវត្សឆ្នាំ១៩៥០ នៅបារាំង ការស្រាវជ្រាវអំពីដើមឈើជាតំបន់ការងារដែលទុកសម្រាប់តែអ្នកអភិរក្សព្រៃ ដែលមានសេវាកម្មស្រាវជ្រាវផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែអ្វីៗដែលជាទីចាប់អារម្មណ៍ច្រើនរបស់ពួកគេ គឺដើមឈើហ៊ុបមូល ដែលជាវត្ថុធាតុដើមសម្រាប់ធ្វើអាជីវកម្ម។ ពួកគេបានបោះបង់ផ្នែកដែលនៅសល់ ហើយបើកផ្លូវឱ្យអ្នកជីវវិទ្យាកោសិកា អ្នកហ្សែនវិទ្យា និងអ្នកវិទ្យាសាស្ត្រផ្សេងៗ ស្រាវជ្រាវអំពីដើមឈើ។
ដោយបេះយកស្លឹកតូចមួយនៅកំពូលដើមឈើចាស់ គេឃើញថា ជាលិការបស់វាមិនបង្ហាញភាពខុសគ្នាឡើយជាមួយស្លឹកថ្មីដែលទើបលូតលាស់បានពីការដាំគ្រាប់នោះទេ។ ចំណែកមនុស្សវិញ មនុស្សពេញវ័យមិនមានសរីរាង្គល្អណាអាចប្រៀបធៀបនឹងសរីរាង្គរបស់កូនក្មេងនោះឡើយ។ ពពួកសត្វពិតជាត្រូវបង្ខំឲ្យធ្លាក់ចូលក្នុងកម្មវិធីចាស់ជរា។ ចំណែកដើមឈើហាក់ដូចជាអាចរួចផុតពីការចាស់។ ដើមឈើផ្សេងៗគ្នាជាច្រើន ដែលមានការលូតលាស់តាមចង្វាក់ រាងយឺតនៅរដូវរងា អាចនឹងមានសក្ដានុពលរស់នៅជារៀងរហូត។ ពីព្រោះថា ពួកវាហាក់ដូចជាអាច បើកដំណើរការហ្សែនរបស់ពួកវាឡើងវិញនៅរដូវផ្ការីក។
លោកហ្វ្រ៉ង់ស៊ីស ហាល់ឡេ បានពន្យល់ថា ពីដើមដល់ចុងបញ្ចប់នៃជីវិតសត្វ ឬមនុស្ស ហ្សែនមួយចំនួនត្រូវបានបិទ ដោយយន្តការជីវគីមីមួយ ដែលគេឲ្យឈ្មោះថា មេទីឡេស្យិន ហើយយន្តការនេះ គឺជាប្រភពនៃកម្មវិធីចាស់ជរារបស់សរីរៈ។ ប៉ុន្តែនៅក្នុងដើមឈើ ដូចជាដើមស្រល់ ការលូតលាស់តាមចង្វាក់របស់ពួកវា ហាក់ដូចជា មានបញ្ចេញអង់ស៊ីម ដេមេធីឡាស។ យោងតាមអ្នកហ្សែនវិជ្ជា លោកហ្ស៊ីល អេរីក សេរ៉ាលីនី បានឲ្យដឹងថា អង់ស៊ីមនេះអាចជួយសម្អាត និងបង្កើតជាលិកាក្មេងពីហ្សែនដែលត្រូវបានបិទ ហើយអនុញ្ញាតឱ្យដើមឈើប្រយុទ្ធយ៉ាងមានប្រសិទ្ធភាពនឹងភាពចាស់ជរា។ តាមសេចក្តីសន្និដ្ឋានដែលមិនគួរឲ្យជឿ ប្រសិនបើដើមឈើស្លាប់នោះ គឺដោយសារហេតុផលពីខាងក្រៅ ដូចជា ការត្រជាក់ខ្លាំង ផ្គរលាន់ រោគផ្សិត ឬការកាប់បំផ្លាញ។ល។ ប្រសិនបើអ្នកលុបបំបាត់កត្តាខាងក្រៅ។ វាមិនមានហេតុផលណាមួយនឹងធ្វើឲ្យពពួកដើមឈើរលុបបាត់ដោយជរានោះទេ។
យន្តការមេទីឡេស្យិន និងអង់ស៊ីម ដេមេធីឡាស របស់ពពួកដើមឈើ កំពុងចាប់ផ្តើមទាក់ទាញការយកចិត្តទុកដាក់សិក្សាពីអ្នកជំនាញជីវវិទ្យា លើការចាស់ជរារបស់រុក្ខជាតិ មនុស្ស ឬក៏សត្វផងដែរ។