សត្វព្រៃចំនួន ១០៨ ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ
សត្វព្រៃចំនួន ១០៨ ប្រភេទថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងនោះមានសត្វប្រភេទកំពុងរងការគំរាមកំហែងជាសាកល ដូចជា សត្វពង្រូល សត្វដំរីអាស៊ី និងសត្វឆ្កែព្រៃដែលជាមំសាសីចុងក្រោយមួយនៅកម្ពុជាផង។
របាយការណ៍ និងកំណត់ត្រាជារូបភាពដំបូងបង្អស់ដែលកើតពីការស្រាវជ្រាវនៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល បានបង្ហាញពីសត្វព្រៃសំខាន់ចំនួន ១០៨ ប្រភេទ ដែលក្នុងនោះ ២៣ ប្រភេទត្រូវបានចុះបញ្ជី(ពីប្រភេទងាយរងគ្រោះ ដល់ប្រភេទជិតផុតពូជបំផុត) ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
របាយការណ៍នេះ គូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់ជួរភ្នំក្រវាញកណ្តាល ថាជាទីជម្រកសំខាន់បំផុតមួយ សម្រាប់ជីៈវចម្រុះ និងប្រភេទសត្វកម្រដែលមានតម្លៃជាសាកល និងកំពុងរងការគំរាមកំហែង។ នេះបើយោងតាមសេចក្តីថ្លែងសារព័ត៌មានរួមស្តីពីរបាយការណ៍ស្រាវជ្រាវដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញភស្តុតាងវិទ្យាសាស្រ្តពី «ទីជម្រកដ៏សំខាន់» សម្រាប់សត្វព្រៃ និងសត្វជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្តាល។
របាយការណ៍ប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាលដែលចេញផ្សាយដោយក្រសួងបរិស្ថាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) អង្គការអភិរក្សអន្តរជាតិកម្ពុជា និងដៃគូ បង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វល្មូនមាន ៥ ប្រភេទ។
ក្នុងកំណត់ត្រារូបភាពនោះអ្នកស្រាវជ្រាវកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ(មំសាសី)ចុងក្រោយបង្អស់មួយនៅកម្ពុជា និងមានសត្វប្រភេទចំណីដូចជាសត្វជ្រូកព្រៃ និងសត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។
តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៅរក្សាបាន៩៥% នៃព្រៃឈើទម្រង់ដើម ហើយវានៅតែជាទីក្នុងចំណោមតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើតិចតួចបំផុតនៅក្នុងប្រទេស។ តំបន់នេះត្រូវបានគេទទួលស្គាល់ថាជាតំបន់អេកូឡូស៊ីសំខាន់មួយក្នុងចំណោមតំបន់អេកូសាស្រ្តសំខាន់ជាសកលទាំង២០០ ជាជម្រកនៃសត្វព្រៃជាង៥០០ប្រភេទ ហើយវាក៏ជាលំនៅនៃជនជាតិដើមភាគតិច ជង និងព័រដែលមានចំនួនជិត ៤ពាន់នាក់។
អ្នកស្រី ថោង រ៉េត ជាអ្នកដឹកនាំការស្រាវជ្រាវនៃរបាយការណ៍នេះបានលើកឡើងថា ៖ «របាយការណ៍នេះ គឺជាភស្តុតាងវិទ្យាសាស្រ្តមួយអាចបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញកណ្តាល គឺជាទីជម្រកសំខាន់នៃជីវៈចម្រុះដ៏សំខាន់ដែលមានតម្លៃជាសាកល និងជាទីតាំងអាទិភាពក្នុងការអភិរក្ស។ យើងបានថតជាប់នូវសត្វព្រៃចំនួន ១០៨ប្រភេទ ហើយពួកវាតំណាងឱ្យតែផ្នែកខ្លះនៃសត្វដែលមានវត្តមាននៅទីនេះប៉ុណ្ណោះ»។
អ្នកស្រីថា យ៉ាងណាម៉ាស៊ីនថតស្វ័យប្រវិត្តរបស់យើង មិនអាចចាប់យករូបភាពសត្វល្អិត សត្វថ្នាក់កង្កែប និងមច្ឆាកម្រៗដទៃទៀតដែលរស់នៅទីនេះបានឡើយ។ [យើង]ត្រូវការការស្រាវជ្រាវយ៉ាងទូលំទូលាយបន្ថែមទៀត ដើម្បីស្វែងយល់ពីភាពសម្បូរបែបនៃប្រភេទសត្វ និងផ្តល់ព័ត៌មានវិទ្យាសាស្រ្តដើម្បីរក្សាការពារឱ្យបាននូវទីមនោរម្យនៃជីវៈចម្រុះដ៏សំខាន់នេះ»។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍សង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការងារអភិរក្ស និងកិច្ចគាំពារបរិស្ថានធម្មជាតិថា៖ «លទ្ធផលនៃរបាយការណ៍នេះសបញ្ជាក់ជាថ្មីថា ព្រៃឈើកម្ពុជាមិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះនៃភពផែនដីរបស់យើងផងដែរ។
លោកថា របាយការណ៍នេះឆ្លុះបញ្ចាំងផងពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត ពិសេសក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ។
លោកបានបន្តទៀតថា៖ «ការសិក្សានេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយទៀត ដែលមានឧត្តមប្រយោជន៍ និងរួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តរបស់យើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។ ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួមរបស់យើងប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃការរួមគ្នាជាធ្លុងមួយដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវបរិស្ថានធម្មជាតិ។»
លោក អ៊ុំ សូនី នាយកប្រចាំប្រទេស នៃអង្គការអភិរក្សអន្តរជាតិ កម្ពុជា បានលើកឡើងដែរថា ការសិក្សានេះបង្កើតនូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការតាមដានចំនួនសត្វព្រៃនាពេលអនាគត និងបង្ហាញផងនូវតម្រូវការនៃការអភិរក្សយូរអង្វែងនៅតំបន់នោះ។
អង្គការអភិរក្សអន្តរជាតិ បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង និងអនុវត្តយុទ្ធសាស្ត្រអភិរក្សប្រកបដោយប្រសិទ្ធភាពនៅតំបន់ជួរភ្នំក្រវាញកណ្តាលនេះ។
លោកថា ៖ «យុទ្ធសាស្រ្តរបស់យើង គឺផ្តោតផងលើការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដោយនិរន្តរភាព បង្កើតភាពជាដៃគូវិស័យសាធារណៈ និងឯកជន រួមនិងការប្រើប្រាស់ហិរញ្ញប្បទានចម្រុះដើម្បីជំរុញឱ្យមានដំណោះអាកាសធាតុ»។
សូមរម្លឹកថា ក្រុមការងារស្រាវជ្រាវបានដាក់ពង្រាយ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១៤៧ តាមបទដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត ដែលចាប់យកវីដេអូចំនួន ៥៥ ០០០ និងរូបភាពជាង ២២ ២០០ ចាប់ពីខែកុម្ភៈ ដល់ខែធ្នូ ឆ្នាំ២០២៣ មុននឹងយកទិន្នន័យមកវិភាគ និងចងក្រងក្នុងរបាយការណ៍នេះ។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានលើកឡើងថា ការគាំទ្ររបស់ USAID នៅតំបន់ជួរភ្នំក្រវាញកណ្តាលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិរក្សជីវៈចម្រុះនៅកម្ពុជាដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រព័ន្ធធម្មជាតិ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកស្រីថា USAID ពិតជាមានមោទនភាពក្នុងការគាំទ្រកម្មវិធីដែលការពារធនធានធម្មជាតិនិងប្រភេទសត្វជិតផុតពូជរបស់កម្ពុជា ហើយថែមទាំងផ្តល់សិទ្ធិដល់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យរីកចម្រើនពីធម្មជាតិ។
លោក ចែម សំផន សមាជិកសហគមន៍តាតៃ និងជាអ្នកដែលបានចូលរួមដាក់ពង្រាយ ម៉ាស៊ីនថតស្វ័យប្រវត្តិបានបង្ហាញអារម្មណ៍របស់លោកក្នុងការរួមចំណែកក្នុងការស្រាវជ្រាវនេះថា៖ «ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយក្រុមអភិរក្សសត្វព្រៃនៅស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្ត ឱ្យតែបានឃើញសត្វព្រៃ ហើយបានចូលរួមជាមួយក្រុមការងារស្រាវជ្រាវ ដើម្បីការពារសត្វព្រៃទាំងនោះ។ ខ្ញុំសង្ឃឹមថា កូនចៅរបស់ខ្ញុំ និងមនុស្សជំនាន់ទៅមុខទៀតនឹងនៅតែអាចឃើញវត្តមានសត្វដ៏កម្រទាំងអស់នោះ»៕