វៀតណាម ភ្លៀងកម្រិតឯកតកម្មបង្កឲ្យមានមនុស្សស្លាប់ ៣៥នាក់ និងផ្ទះសម្បែង ១២៨០០០ខ្នង ត្រូវជន់លិច
ភាគកណ្តាលនៃប្រទេសវៀតណាមបានប្រឈមមុខនឹងទឹកជំនន់ក្នុងវិសាលភាពមិនដែលធ្លាប់មាន ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតឯកតកម្ម។ ក្នុងមួយសប្តាហ៍ ទឹកជំនន់ បានធ្វើឲ្យមានមនុសស្លាប់ ៣៥នាក់ ពន្លិចលំនៅដ្ឋាន ១២៨០០០ខ្នង និងបង្កការខូចខាត យ៉ាងខ្លាំងក្លាលើដំណាំកសិកម្ម។
យោងតាមតុល្យការថ្មី ដែលផ្សព្វផ្សាយកាលពីសប្តាហ៍មុនដោយអាជ្ញាធររៀតណាម បានឲ្យដឹងថា ការធ្លាក់ភ្លៀងកម្រិតឯកតកម្ម និងទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម បានធ្វើឲ្យមានមនុស្សស្លាប់ ៣៥នាក់ នៅខណៈដែលមនុស្ស ៥នាក់ ទៀតកំពុងបាត់ខ្លួន។
អាជ្ញាធរវៀតណាមនៃការគ្រប់គ្រងមហន្តរាយ និងទំនប់ បានបង្ហាញឲ្យដឹងថា ខេត្តជាប់ ឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាម ទទួលរងការប៉ះពាល់ ដោយភ្លៀងព្យុះតាំងពីមួយសប្តាហ៍មកហើយ ជាមួយនឹងការធ្លាក់ភ្លៀងក្នុងកម្រិតឯកតកម្មដែលឈានដល់កម្ពស់ ១,៧ម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង នៅទីក្រុងទេសចរណ៍ ទីក្រុងវ៉េ ដែលស្ថិតនៅក្នុងអតីតបុរីអធិរាជវៀតណាម។ ចំណែកមនុស្សស្លាប់ ៣៥នាក់ គឺមាននៅក្នុងខេត្តវ៉េ ដាណាង ឡាំដុង និងខេត្តកាងទ្រី។
លក្ខខណ្ឌអាកាសធាតុអាប់អ៊ួរ បានបង្កជាទឹកជំនន់ និងការបាក់ដី ដែលបំផ្លាញលំនៅដ្ឋាន និងដំណាំកសិកម្ម។ នៅក្នុងទីក្រុងចាស់ ហ័យអាន ដែលត្រូវបានចាត់ថ្នាក់ជាបេតិកភណ្ឌពិភពលោកនៃអង្គការ យូនេសស្កូ (Unesco) ប្រជាជនធ្វើដំណើរនៅតាមដងផ្លូវដែលជន់លិចត្រឹមចង្កេះ។ ជាន់ក្រោមហាងទំនិញនានាត្រូវបានជន់លិច។
លោកជួង ង្វៀន ប្រជាជននៅខេត្តហ័យអាន អាយុ ៤៣ឆ្នាំ បានរៀបរាប់ថា ៖ “មនុស្សទាំងអស់រងការប៉ះទង្គិចបន្ទាប់ពីទឹកជំនន់។ មនុស្សម្នាបានត្រៀមខ្លួន ប៉ុន្តែពួកគេមិនបានរំពឹងថា កម្រិតទឹកជំនន់បានឡើងខ្ពស់ដល់ថ្នាក់នេះទេ។ ទាំងអស់គ្នាមានអារម្មណ៍ថា ល្ហិតល្ហៃប្រឈមនឹងវិសាលភាពនៃការខូចខាតលើកនេះ។”
យោងតាមរបាយការណ៍នៃអាជ្ញាធរវៀតណាមនៃការគ្រប់គ្រងមហន្តរាយ និងទំនប់ បានឲ្យដឹងថា ផ្ទះជាង ១៦៥០០ខ្នង ស្ថិតនៅក្នុងទឹកនៅឡើយនៅវៀតណាម។ ក្រសួងបរិស្ថានវៀតណាម រាយការណ៍ថា ផ្លូវថ្នល់ជាច្រើនគីឡូម៉ែត្រទទួលរងការខូចខាត និងរាំងស្ទះដោយទឹកជំនន់ និងការបាក់ដី ជាមួយនឹងផ្ទៃដីដំណាំច្រើនជាង ៥០០០ហិចតា ត្រូវបានបំផ្លាញ និងសត្វពាហនៈ ១៦០០០ក្បាល បានងាប់។ ភ្លាមៗ ប្រភពដដែល បានរាយការណ៍ថា ជាសរុប ផ្ទះ ១២៨០០០ខ្នង ត្រូវបានជន់លិច និងមានការបាក់ដី ជាង ១៥០កន្លែង ។
ចាប់តាំងពីខែតុលាមកម្ល៉េះ ចំណែកតំបន់នានានៅភាគខាងជើងប្រទេស ក៏ទទួលរងទឹកជំនន់ បន្ទាប់ពីការឆ្លងកាត់នៃព្យុះទីហ្វុន ប៊ូអាឡ័យ និងម៉ាតម៉ូ។ មហន្តរាយធម្មជាតិ និងជាសំខាន់ ខ្យល់ព្យុះ ទឹកជំនន់ ការបាក់ដី បានបង្កឲ្យមានការស្លាប់ និងការបាត់ខ្លួនមនុស្ស ១៨៧នាក់ នៅក្នុងប្រទេសនៃអាស៊ីភាគអាគ្នេយ៍មួយនេះនៅអំឡុង ៩ខែនៃឆ្នាំ។ ការបាត់បង់ខាងសេដ្ឋកិច្ចជាសរុបគឺត្រូវបានប៉ាន់ប្រមាណថា មានជិត 610លាន ដុល្លារ។
ទីតាំងភូមិសាស្រ្ត និងសណ្ឋានដីនៃប្រទេសវៀតណាមធ្វើឲ្យប្រទេសនេះក្លាយជាកន្លែងធម្មជាតិងាយរងគ្រោះដោយខ្យល់ព្យុះទីហ្វុន និងទឹកជំនន់។ ហើយស្ថានភាពក៏រិតតែធ្ងន់ធ្ងរខ្លាំងឡើងថែមទៀតដោយហេតុផលនៃការធ្លាក់ភ្លៀងដ៏ច្រើន និងជំរុញដោយការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្មដ៏រហ័សមិនអាចគ្រប់គ្រងបានរបស់វៀតណាមផង។
យោងតាមអ្នកវិទ្យាសាស្រ្ត ការឡើងកម្តៅអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពរបស់មនុស្ស ធ្វើឲ្យបាតុភូតឧតុនិយមកាន់តែកើនខ្លាំងហួសហេតុ កាន់តែញឹកញាប់ កាន់តែធ្វើឲ្យមនុស្សស្លាប់ច្រើន និងការតែបង្កការបំផ្លិចបំផ្លាញច្រើនឡើងៗផងដែរ។