យោងតាមអង្គកាឧតុនិយមពិភពលោក OMM ខែមករា ឆ្នាំ២០២៥ គឺការចាប់ផ្តើមនៃឆ្នាំដែលក្តៅបំផុតមិនដែលធ្លាប់បានកត់ត្រា

យោងតាមសម្រង់ចុងក្រោយនៃវិទ្យាស្ថានអឺរ៉ុប កូពែនីគូស (Copernicus) បានឲ្យដឹងថា ខែមករា ឆ្នាំ២០២៥ គឺជាខែមករា ដែលក្តៅបំផុតដែលមិនដែលធ្លាប់បានកត់ត្រា នៅលើពិភព លោក។ ទន្ទឹមពេលគ្នានេះដែរ ទីភ្នាក់ងារទទួលបន្ទុកឧតុនិយមនៃអង្គការសហប្រជាជាតិ បានឲ្យដឹងថា វានៅតែក្តៅ ទោះបីជាមានការវិលត្រឡប់នៃបាតុភូតអាកាសធាតុឡានីណា (La Nina ដែលអាកាសធាតុចុះត្រជាក់ជាងធម្មតា)។ ជាទូទៅ បាតុភូតឡានីណានេះ សីតុណ្ហភាពមធ្យមនៅលើផែនដីចុះត្រជាក់ជាបណ្តោះអាសន្ន។
យោងតាមអង្គការឧតុនិយមពិភពលោក OMM ដែលចែករំលែកទិន្នន័យពីវិទ្យាស្ថានអឺរ៉ុបកូពែរនីគូស (Coperinicus) បានឲ្យដឹងថា កាលពីខែមុន ខែមករា ឆ្នាំ២០២៥ សីតុណ្ហភាពឡើង 1,75°C លើសកម្រិតសីតុណ្ហភាពមធ្យមមុនយុគសម័យឧស្សាហកម្ម និងឡើង 0,79°C លើសកម្រិតសីតុណ្ហភាពមធ្យមសម្រាប់ខែមករា ចន្លោះឆ្នាំ១៩៩១ និងឆ្នាំ២០២០។
សីតុណ្ហភាពខ្យល់នៅលើផ្ទៃផែនដីគឺ 13,23 °C ឬ 0,79 °C ឡើងបន្ថែមទៀតលើកម្រិតមធ្យមសម្រាប់ខែមករា ដែលវាស់វែងនៅអំឡុងរយៈពេលពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។
ខែមករា ឆ្នាំ២០២៥នេះ ក៏ជាខែទី១៨ បន្តបន្ទាប់គ្នាដែលសីតុណ្ហភាពឡើងលើសកម្រិតកំណត់មិនឲ្យសីតុណ្ហភាពឡើងមិនលើស 1,5 °C បើប្រៀបធៀបនឹងសីតុណ្ហភាពមុនយុគសម័យឧស្សាហកម្ម។
នៅក្នុងសេចក្តីប្រកាសមួយ លោកស្រី សាម៉ានថា បឺហ្ស៉េស មន្រ្តីយុទ្ធសាស្រ្តអាកាសធាតុនៅមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការព្យាករឧតុនិយមរយៈពេលមធ្យម ឬមជ្ឈមណ្ឌល CEPMMT បានគូសបញ្ជាក់ថា ៖ ”ខែមករា ឆ្នាំ២០២៥ នេះគឺជាខែដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ដែលបន្តឯកតកម្មសីតុណ្ហភាពដែលត្រូវត្រួតពិនិត្យឃើញនៅអំឡុង ២ឆ្នាំ ចុងក្រោយនេះ ទោះបីជាមានការអភិវឌ្ឍនៃលក្ខខណ្ឌបាតុភូត ឡានីណា នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីកត្រូពិក និងឥទ្ធពលរបស់ពួកវាក្នុងការធ្វើឲ្យចុះត្រជាក់ជាបណ្តោះអាសន្នសម្រាប់សីតុណ្ហភាពជាទូទៅនៅលើពិភពលោក។
នៅទ្វីបអឺរ៉ុប សីតុណ្ហភាពមធ្យមសម្រាប់ខែមករា ឆ្នាំ២០២៥ គឺ 1,80 °C ឬ 2,51 °C ឡើងលើសសីតុណ្ហភាពមធ្យមនៅរវាងឆ្នាំ១៩៩១ និងឆ្នាំ២០២០។
នេះគឺជាសីតុណ្ហភាពមធ្យមឡើងលើសលើកទី២ ខាងកម្តៅឡើង សម្រាប់ខែនេះ បន្ទាប់ពីខែមករា ឆ្នាំ២០២០ ដែលនៅពេលនោះសីតុណ្ហភាពមធ្យមឡើងលើស 2,64 °C ឡើងលើសកម្រិតមធ្យម។
សីតុណ្ហភាពដែលកើនឡើងខ្ពស់បំផុត នៅលើទឹកដីអឺរ៉ុប ត្រូវបានស្រង់នៅឃើញនៅភាគខាងត្បូង និងខាងកើតអឺរ៉ុប ព្រមទាំងភាគខាងលិចនៃប្រទេសរុស្ស៊ី។
ក៏ប៉ុន្តែសីតុណ្ហភាពទាំងនេះ ស្ថិតនៅក្រោមសីតុណ្ហភាពមធ្យមនៅប្រទេសអ៊ីស្ល៉ង់ ចក្រភពអង់គ្លេស នៅអៀឡង់ និងនៅភាគខាងជើងនៃប្រទេសបារាំង។
ក្រៅពីប្រទេសអឺរ៉ុប សីតុណ្ហភាពក៏កើនឡើងខ្ពស់ជាងសីតុណ្ហភាពមធ្យមនៅភាគខាងឥសាន នៃប្រទេសកាណាដា នៅតំបន់អាឡាស្កា និងនៅស៊ីបេរី។
ពួកវាក៏ខ្ពស់ជាងសីតុណ្ហភាពមធ្យមនៅភាគខាងត្បូងនៃទ្វីបអាម៉េរិកខាងត្បូង នៅអាហ្វ្រិក នៅតំបន់មួយផ្នែកធំនៃប្រទេសអូស្រ្តាលី និងនៅទ្វីបអង់តាកទិក។
ប៉ុន្តែ នៅសហរដ្ឋអាម៉េរិក និងនៅក្នុងតំបន់ដែលស្ថិតនៅចុងបូព៌ាបំផុតនៃប្រទេសរុស្ស៊ី តំបន់ ទ្ចូកូតកា និងកំត្ចាតកា សីតុណ្ហភាពស្ថិតនៅទាបច្រើនប្រើប្រៀបធៀបនឹងសីតុណ្ហភាពមធ្យម។
ទីភ្នាក់ងារកូពែរនីគូស បញ្ជាក់ដែរថា ៖ “ជ្រោយឧបទ្វីបអារ៉ាប៊ីក និងអាស៊ីអាគ្នេយ៍ដីគោក ក៏កត់ត្រាឃើញសីតុណ្ហភាពនៅទាបជាងសីតុណ្ហភាពមធ្យមដែរ”។
Daily Program
