យោងតាមទូតសន្តិភាពផ្នែកអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ គឺ បរាជ័យ

លោកហ្សង់ ឡឺមៀរ៍ ជាទូតផ្នែកអាកាសធាតុ និងជាអ្នកសម្របសម្រួលឲ្យរដ្ឋាភិបាល​នៃ​ក្រុម​បរិស្ថាន​អន្តរជាតិនៃខេត្តកេបិច ប្រទេស​​កាណាដា ធ្វើការវាយតម្លៃថា ទោះបីមាន​ការ​សន្យា​អំពី​ការផ្លាស់ប្តូរថាមពលស្អាត ការតាំង​ចិត្ត​របស់រដ្ឋនានា និងការព្រមានដែល​កើតឡើងម្តង​ហើយ​ម្តង​ទៀតរបស់អ្នកវិទ្យាសាស្រ្ត ការ​ប្រយុទ្ធ​ប្រឆាំងរបស់ពិភពលោកលើ​ការធ្លាក់អន់ថយ​ខាង​អាកាសធាតុ បានជួបការបរាជ័យ។

នេះក៏ជាឱកាសមួយសម្រាប់រូបលោក​ហ្ស៉ង ឡឺមៀរ៍ ​​​ដែល​​ជាសិល្បករភាពយន្ត ជាអ្នក​ជីវសាស្រ្ត និង​សព្វថ្ងៃក្លាយជាទូតសន្តិភាព​ផ្នែក​​អាកាស​ធាតុ និងបញ្ហានៅផែនដីភាគខាងជើង ដើម្បីមកពិភាក្សារឿងរ៉ាវ​បរិស្ថាន​អំពី​ទសវត្សមួយ ដែលបានកន្លងផុតទៅ។

រយៈពេលច្រើនជាង ១០ឆ្នាំបន្តិចកន្លងទៅ សិល្បករភាពយន្តរូបនេះធ្លាប់បានបញ្ចប់នូវ​គម្រោង​ឯកសារ​ជាភាគ ដែលមានចំណងជើងថា ១០០០ថ្ងៃ សម្រាប់ភពផែនដី ដែលកុន​ឯកសារ​នេះ​បាន​ចងក្រងសភាពនៃតំបន់ស្ថានជីវចម្រុះ និងការគំរាមកំហែងសំខាន់ៗខាងបរិស្ថាន រួម​ទាំង​ការគំរាមកំហែងពីការឡើងកម្តៅអាកាសធាតុដែលមិនអាចប្រកែកបាន និង​បណ្តាលមក​ពី​សកម្ម​ភាពរបស់មនុស្ស។ នៅជំនាន់នោះ សហគមន៍អន្តរជាតិធ្លាប់បានចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីស​ ដែលបានផ្តល់នូវជំហានដែលប្រកបដោយ​មហិច្ចតា​​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹងការកើនកម្តៅនៃភពផែនដី។ ដោយក្លាយជាបេ​សកជន​សម្រាប់ការ​ប្រែប្រួល​អាកាស​ធាតុ និងបញ្ហានៅផែនដី​​ភាគខាង​ជើង នៃរដ្ឋបាលកេបិច នៅឆ្នាំ២០១៧ លោកហ្ស៉ង់ ឡឺមៀរ៍ ធ្លាប់បានសង្ឃឹមថា កិច្ចព្រមព្រៀង​ដ៏​​មិន​ធ្លាប់​មាននេះ អាចអនុញ្ញាតឲ្យយើងកំណត់​ការ​ធ្លាក់អន់ថយខាងអាកាសធាតុ​ឲ្យនៅក្នុង​កម្រិត​ដែលមនុស្សនៅអាចរស់រានបាន។

ថ្ងៃនេះ លោកបានអធិប្បាយថា ព្រឹត្តិការណ៍ជាក់ស្តែងមិនមានករណីបែបនេះទេ។ លោក​បាន​ព្រមានថា ៖ “គេមាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមាននូវការតាំងចិត្តជាច្រើន ដែល​ត្រូវ​បាន​ប្រកាន់យក។ ទោះបីជាបែបនេះ គេក៏នៅតែធ្វើដំណើរទៅកាន់ការកើនកម្តៅច្រើនជាង ៣°C ដដែល។”

យោងតាមការវិភាគនៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលលើការវិវត្តន៍នៃអាកាសធាតុ GIEC បាន​​ឲ្យ​ដឹងដែរថា ការកើនឡើងខ្ពស់នូវសីតុណ្ហភាពមធ្យមបែបនេះ នឹងធ្វើឲ្យពិភពលោកលោក​លែង​​អាច​​​មើលយល់។ រឿងនេះនឹងធ្វើឲ្យធ្លាក់ថយចុះនូវគុណភាពជីវិត និងអាយុសង្ឃឹម​រស់​របស់​មនុស្ស និងបង្កើត​ជាសង្រ្គាមដើម្បីដណ្តើមនូវធនធានចាំបាច់សម្រាប់ជីវិត និងការ​កើន​ឡើង​​​នូវ​​​អសមភាពសង្គម។ល។

លោកឡឺមៀរ៍ បន្ថែមថា ការកើនកម្តៅគឺកាន់តែរហ័សនៅក្នុងតំបន់ភាគខាងជើងនៃផែនដី និង​​ក៏​រួម​មានតំបន់អាកទិក និងអង់តាកតិកផងដែរ។ លោកបាននិយាយថា ៖ “នេះគឺបេះ​ដូង​នៃ​ម៉ាស៊ីនអាកាសធាតុដែលកំពុងរត់ធ្លាក់ផ្លូវ”។ លោកក៏បានរំឭកអំពីប្រព័ន្ធបរិស្ថានដែលបានរង​​វិបប្លាស​ដែលមិនអាចជួសជុលបាន​ដោយ​វិបត្តិអាកាសធាតុ។ នៅមុនមួយថ្ងៃនៃទិវាពិភពលោកសម្រាប់សមុទ្រ ដែលបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែមិថុនា លោក​ក៏បានលើកឡើងអំពីឥទ្ធពលនៃការរលាយ​ទឹកកក​សមុទ្រនៅតំបន់ប៉ូល ដែលបាន​វាយ​​ប្រហារ​មួយទំហឹងទៅលើស្ថានជីវចម្រុះបរិស្ថាន។

បើតាមលោកហ្ស៉ង់ ឡឺមៀរ៍ វាគឺជាការបរាជ័យប្រាកដណាស់។ តាមធម្មតា យើងគួរ​តែបាន​ជោគជ័យ​ក្នុងការធ្វើឲ្យការប្រយុទ្ធប្រឆាំងនឹងការក្តៅឡើងនៃអាកាសធាតុ ដែលវាជា​អាទិភាព​លើ​អាទិភាពទាំងអស់។ ប៉ុន្តែយើងបានបរាជ័យ។

ហើយអ្វីជាលទ្ធផល? យើងពិតជាត្រូវរងការគំរាមកំហែង។ មានគេនិយាយប្រាប់លោកឡឺមៀរ៍ ថា គាត់ជាគឺមនុស្សមហន្តរាយនិយម នៅពេលលោកប្រើភាសាទាំងនេះ។ ប៉ុន្តែអ្វី​ដែល​វិទ្យាសាស្រ្ត​បានបង្ហាញយើងនៅខណៈនេះ គឺថា យើងពិតជាស្ថិតនៅក្នុងស្ថានភាព​មហន្តរាយ​មែន។

 

 

Daily Program

Livesteam thumbnail