ប្រសិនបើយើងបោះបង់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត

ការសិក្សាវិទ្យាសាស្រ្តជាច្រើនបានបញ្ជាក់ហើយថា ចំណីអាហារអាចផលិតបានផលទៅរួច បានច្រើនដូចគ្នា ដោយការ​មិនប្រើប្រាស់ផលិតផលថ្នាំសម្លាប់​សត្វល្អិត តែគេធ្វើក្នុងលក្ខខណ្ឌ​មានការផ្លាស់ប្តូរការអនុវត្តកសិកម្មសព្វថ្ងៃ។

ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានជាតិនៃ​ការសិក្សា ស្រាវជ្រាវអំពីកសិកម្ម ចំណីអាហារ និងបរិស្ថាន (Inrae) នៅប្រទេសបារាំង បានធ្វើតេស្តិ៍លើ​ប្រធានប​ទនេះ។ ក្នុងរយៈពេល ១២ឆ្នាំ ដំណោះស្រាយជំនួសនានា​ត្រូវបាន​សាកល្បង​នៅ​លើ​កសិដ្ឋានដកពិសោធន៍នានារបស់អង្គការ។ ជាសេចក្តីសន្និដ្ឋាន ៖ ការបោះបង់​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់ សត្វល្អិត គឺអាចធ្វើបាន ប៉ុន្តែរឿងនេះ​រួមបញ្ចូល​ការបម្រែបម្រួល​យ៉ាង​ស៊ីជម្រៅ នៃ​ការ​អនុវត្តកសិកម្ម។ ហើយគេត្រូវមានកសិដ្ឋានកសិកម្មឲ្យ​កាន់តែប្រកប​ដោយ​ឯកទេស​សម្រាប់​ដំណាំមួយចំនួនផងដែរ។

ផ្ទុយពីអ្វីដែលគេធ្លាប់គិត ការបោះបង់ថ្នាំសម្លាប់សត្វល្អិត ធ្វើឲ្យអ្នកស្រាវជ្រាវបានទទួលបាន ទិន្នផលស្រដៀងនឹងកសិកម្មប្រពៃណីតាមទម្លាប់ ដោយការបន្ថែមរយៈពេលការផ្លាស់ប្តូរ ឆ្លាស់​​ដំណាំពី ៧ឆ្នាំ ដល់ ៩ឆ្នាំ កែប្រែរយៈពេលដាំគ្រាប់ និងកំណត់កម្រិត ឬសូម្បី​តែ​បោះបង់​ការធ្វើដី ព្រមទាំងការប្រើប្រាស់ពូជដែលមានភាពធន់ទ្រាំ ឬ​សូម្បីតែដាំរុក្ខជាតិចម្រុះគ្នា​នៅ​លើ​ដីតែ​មួយ​កន្លែងផងដែរ។

ផលិតផល និងរបៀបនៃការគ្រប់គ្រងបែបជីវសាស្រ្ត ក៏នឹងជួយឲ្យចាកចេញពីផលិតផល​សម្លាប់​សត្វល្អិត​គីមីផងដែរ។ នេះក៏អាចមានន័យថា គេនឹងស្វែងរកសត្វល្អិតដែលជួយ​នៅក្នុង​បរិស្ថាន ជិតខាង ដែលពួកវាអាចស៊ី  សត្វល្អិតដែលវាយប្រហារដំណាំ ឬការអភិវឌ្ឍ​វិធីសាស្រ្ត​ដែល​នឹងអនុគ្រោះដល់សត្វ ឬសត្វល្អិត ដែលជាអ្នកការពារដំណាំ។ នៅខណៈពេលដែល​គេ​បាន​រាប់បានឃើញមាន ២០០០០ ករណី នៃការសិក្សាអំពីប្រធានបទនេះចាប់ពីឆ្នាំ១៩៦២ ដល់​​ឆ្នាំ២០២១ បច្ចុប្បន្ន​ក៏មានការបោះពុម្ពផ្សាយវិទ្យាសាស្ត្រលើសពី  ២០០០ករណីនៃការ​សិក្សា​ក្នុងមួយឆ្នាំៗ។ ទោះជាយ៉ាងណា ការគ្រប់គ្រងបែបជីវសាស្រ្តមានកម្រិតរចនាសម្ព័ន្ធ​មួយ​ចំនួនសម្រាប់កសិករ។  ដើម្បីលើកកម្ពស់ការប្រយុទ្ធផ្សំគ្នាទល់នឹងកត្តាបំផ្លាញ គេត្រូវ​ធ្វើឲ្យជីវចម្រុះប្រសើរឡើង ហើយដូច្នេះគេក៏ត្រូវទុកកន្លែងឲ្យធម្មជាតិ។ វាមានន័យថា គេអាច​ត្រូវ​ដាំរបងរស់ ឬព្រៃតូចៗ និងកាត់បន្ថយទំហំដីកសិកម្មជាដើម។

ចុងក្រោយ ការស្រាវជ្រាវមានមូលដ្ឋានមួយផ្នែក កំពុងសិក្សាអំពីបរិស្ថានជិតខាងរបស់រុក្ខជាតិ  ឬ​ដំណាំ គឺបរិស្ថាននៅជាប់គ្នា ដែលមានមីក្រូសរីរាង្គ វីរុស និងសត្វល្អិតតូចៗ ដែលតួនាទី​វិជ្ជមាន​​របស់វាទៅលើដំណាំរុក្ខជាតិ ធ្វើឲ្យគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ បច្ចុប្បន្នថ្នាំ និងការគ្រប់គ្រងបែបជីវសាស្រ្ត តំណាងឲ្យ១២% ដល់ ១៥% នៃទីផ្សារផលិតផល​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

ដំណាំត្រូពិកអាចត្រូវបានដាំដុះដោយមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបានដែរ។ ក្នុងការ​សិក្សា​អំពីការគ្រប់គ្រងក្សេតសាស្រ្តកសិកម្ម នៃដំណាំកាហ្វេ កាកាវ ចេក អង្ករ និងបន្លែ នៅ​អាម៉េរិកឡាទីន អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ (Cirad) បានកំណត់អត្តសញ្ញាណវិធីសាស្រ្តជំនួសមានជាង ២០​របៀប ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត។  

ទោះបីជាអាកាសធាតុត្រូពិចមានសភាពពិបាកជាងអាកាសធាតុអឺរ៉ុបក៏ដោយ ក៏មាន​កម្មវិធី​អឺរ៉ុប​ចំនួន២៧ ដែលមានអ្នកស្រាវជ្រាវប្រមាណ ២០០០នាក់ ចូលរួម ដើម្បីផ្តល់គន្លឹះ​សំខាន់ៗ​សម្រាប់​កសិកម្មគ្មានថ្នាំសម្លាប់គីមី ចាប់ពីឆ្នាំ២០៤០ តទៅ។

 

 

Daily Program

Livesteam thumbnail