ប្រទេសភូមា ប្រជាជនរងការលុកលុយពីសំណល់ប្លាស្ទីក
ការបំពុលដែលធ្វើឲ្យគេងមិនលក់។ សំណល់ប្លាស្ទីកបានលុកលុយសង្កាត់មួយរបស់ភូមា ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ នៅក្នុងសង្កាត់ដ៏មានប្រជាប្រិយមួយនៅក្នុងទីក្រុងរាំងហ្គូន គំនរប្លាស្ទីកកើនឡើងនៅមជ្ឈដ្ឋានរស់នៅរបស់ប្រជាជន។ សំណល់ទាំងនេះមួយផ្នែកធំមកពីសំរាមរបស់លោកខាងលិច។ យោងតាមការសិក្សាថ្មីៗ ក៏បានបរិហារអំពីការចរាចរណ៍សំណល់ខុសច្បាប់នៅក្នុងទ្រង់ទ្រាយធំ។
តាំងពីច្រើនឆ្នាំមកហើយ សង្កាត់ស្វេពយីថា នៅភាគខាងជើងរដ្ឋធានីសេដ្ឋកិច្ចភូមានេះ គេមើលឃើញភ្នំសម្រាមនានាកើនឡើង ដែលគ្របដណ្តប់លើដី និងចំការ បង្កើនហានិភ័យនៃការឆាបឆេះ និងគំរាមកំហែងដល់សុខភាពរបស់ប្រជាជន។
ប្រជាជនម្នាក់ដោយសូមមិនបញ្ចេញឈ្មោះដោយហេតុផលសន្តិសុខ បានប្រាប់ឲ្យដឹងថា ៖ “កាលពីមុននៅក្នុងអំឡុងរដូវភ្លៀង លោកអាចបេះបន្លែផ្លែឈើរុក្ខជាតិនៅក្នុងចំការតាមដីដើម្បីបរិភោគ តែឥឡូវ ដោយសារតែសម្រាម លោកលែងអាចបរិភោគបន្លែផ្លែឈើទាំងនោះទៀតហើយ។ ជំនួសមកវិញ ទីន្លែងពោរពេញដោយក្លិនស្អុយ។
ការអង្កេតមួយដែលផ្សព្វផ្សាយដោយរបាយការណ៍អង្គការបរិស្ថាន Lighthouse បានឲ្យដឹងថា មួយផ្នែកនៃសម្រាមទាំងនេះ មានប្រភពមកពីលោកខាងលិច។
ផលិតកម្មប្លាស្ទីកនៅលើពិភពលោក បានកើនឡើងមួយទ្វេជាពីរចាប់តាំងពីដើមសតវត្ស ដែលឈានដល់ ៤៦០ លានតោននៅក្នុងមួយឆ្នាំ ដែលលើសពីសមត្ថភាពនៃការច្នៃឡើងវិញរបស់ពិភពលោក និងរហូតដល់ធ្វើចរាចរណ៍សម្រាមខុសច្បាប់។
សម្រាមបានមកដល់ភូមានៅសង្កាត់ស្វេពនីថា ទោះបីជាមានច្បាប់ហាមឃាត់ជាគោលការណ៍រាល់ការនាំចូលសំណល់ប្លាស្ទីកនៅក្នុងប្រទេសនេះ លើកលែងតែសំណល់ស្អាត និងអាចកែច្នៃឡើងវិញបាន។ វិធានការនេះត្រូវបានប្រកាន់យកបន្ទាប់ពីចិនបានហាមឃាត់ការនាំចូលប្លាស្ទីកដែលប្រើប្រាស់ហើយនៅឆ្នាំ២០១៨ ដែលធ្វើឲ្យវិបប្លាសដល់ការនាំចេញសំណល់របស់លោកខាងលិច។
យោងតាមរបាយការណ៍ Lighthouse បានឲ្យដឹងថា រោងចក្រកែច្នៃក្នុងស្រុកជាច្រើនបានទទួលស្គាល់ថា សំណល់ដែលមិនអាចកែច្នៃ ជារឿយៗ ត្រូវបានគេគ្រវាត់ចោល ឬដុត។ ទីភ្នាក់ងារសារព័ត៌មានបារាំងបានចោទសួរសាជីវកម្មអន្តរជាតិជាច្រើនអំពីសម្រាមនៃផលិតផលរបស់ពួកគេ។
ក្រុមហ៊ុន Lidl បណ្តាញផ្សារទំនើបរបស់អាឡឺម៉ង នៅអង់គ្លេស បាននិយាយថា សោកស្តាយសម្រាប់ស្ថានភាពនេះ។ នៅក្នុងសេចក្តីប្រកាសមួយ ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា រាល់សម្រាមប្លាស្ទីករបស់ក្រុមហ៊ុនត្រូវបានកែច្នៃនៅចក្រភពអង់គ្លេស ហើយក្រុមហ៊ុន Lidl មាននយោបាយតឹងរ៉ឹងដែលហាមឃាត់ការបញ្ជូនសម្រាម ឬគ្រឿងដែលអាចកែច្នៃបានទៅកាន់អាស៊ី។
ប្រសិនបើគេមិនដឹងអំពីផ្លូវចរាចរណ៍ពិតអំពីសំណល់ដែលមកដល់ភូមា ការអង្កេតផ្តល់យោបល់ថា ប្រទេសថៃគឺជាច្រកឆ្លងកាត់គន្លឹះ។ សម្រាមជិត ៧៥០០តោន ជាផ្លូវការចូលមកដល់ភូមានៅឆ្នាំ២០២១។ យោងតាមទិន្នន័យចុងក្រោយរបស់អង្កការសហប្រជាជាតិ បានឲ្យដឹងថាសម្រាមនៅភូមាគឺមកពីព្រះរាជាណាចក្រជិតខាងភូមា។
ហើយព្រំដែនប្រវែង ២៤០០ គីឡូម៉ែត្ររវាងប្រទេសទាំងពីរ គឺមិនមានការយាមកាមល្អទេ ដែលទុកឲ្យមានតំបន់សេរីច្រើនសម្រាប់អ្នកជួញដូរខុសច្បាប់។ លោកវីលី វីលស៊ុន អតីតអនុប្រធាននៃក្រុមការងារលើឧក្រិដ្ឋកម្មការបំពុលរបស់ប៉ូលីស អ៊ីនធឺប៉ូល បានបង្ហាញថា ៖ “មិនមានការគ្រប់គ្រងទេ ហើយកន្លែងព្រំដែនគឺពោរពេញដោយភាពស្រអាប់ស្មុគស្មាញ”។