នៅបង់ក្លាដេស សមុទ្រលេបត្របាក់ដី​ល្បឿនមួយក្នុងចង្វាក់លឿនបំផុតនៅក្នុង ពិភពលោក

យោងតាមការសិក្សាមួយបានឲ្យដឹងថា នៅក្នុងតំបន់ឆ្នេរ​ដែលមានមនុស្សរស់នៅណែន ណាន់តាន់តាប់​នៅប្រទេសបង់ក្លាដេស មានមនុស្សជាង ១លាននាក់​ អាចនឹងត្រូវ ផ្លាស់​ទីលំ​នៅ​​ពីពេលនេះរហូតដល់ឆ្នាំ២០៥០។

ប្រជាជនក្នុងតំបន់ លោកអាប់ដុល អាហ្ស៊ីហ្ស ត្រូវបង្ខំចិត្តបោះបង់​ផ្ទះរបស់លោក​នៅ​ឆ្នេរ​បង់ក្លាដេស ដែលកំពុងលិច​ក្នុងទឹក ដោយសារតែកម្រិតទឹកសមុទ្រឡើង​ក្នុងល្បឿន​មួយ​ដ៏​លឿន​​បំផុតគ្មានអ្វីអាចទប់បាន។

យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយកាលពីខែមុន បានឲ្យដឹងថា ​នៅក្នុងតំបន់ឆ្នេរ​ដែល​មាន​ប្រជាជនរស់នៅតាន់តាប់​នៃប្រទេសនៅអាស៊ីខាងត្បូងមួយនេះ មានមនុស្ស​ច្រើនជាង ១​លាន​នាក់​​អាចនឹងត្រូវភៀសខ្លួន​ពីពេលនេះរហូតដល់ឆ្នាំ២០៥០ បើតាមចង្វាក់ទឹកឡើង​ដូច​សព្វ​​ថ្ងៃ។

បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូនដ៏បំផ្លិចបំផ្លាញ​នៅឆ្នាំ២០០៧ លោកអាហ្ស៊ីហ្ស អ្នកនេសាទ បានចេញ​ទៅតាំងទីលំនៅ កន្លះគីឡូម៉ែត្រ​ពីលំនៅដ្ឋានរបស់លោកដែលត្រូវបានបំផ្លាញ នៅលើដីគោក ដើម្បីការពារខ្លួនពីទឹកជន់ឡើង​ដោយសារតែខ្យល់ព្យុះ។ មួយឆ្នាំក្រោយមក ទឹកសមុទ្របាន​លេបត្របាក់សង្កាត់​ដែលជាអតីតលំនៅដ្ឋានរបស់លោកស្ថិតនៅ។ ដោយចង្អុលទៅកាន់​ភូមិ​របស់​លោកដែលត្រូវបានបាត់បង់ លោកបានរៀបរាប់ថា ៖ “ត្រីហែ​នៅក្នុងនោះ​​នៅក្នុងទឹក​ដែលលិចដីរបស់លោក។

នៅក្នុងការសិក្សាមួយ អគ្គនាយកនៃនាយកដ្ឋានបរិស្ថានរ​បស់ប្រទេសបង់ក្លាដេស បាន​សរសេរ​ថា ៖ “ប្រទេសតិចតួចប៉ុណ្ណោះដែលមានបទពិសោធន៍អំពីឥទ្ធិពលដ៏ធំធេង និងមិន​នឹង​នរ​​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដែលមានវិសាលភាពដ៏ធំ​ធេងដូចជាប្រទេស​បង់ក្លាដេស​នោះ។

ពឹងផ្អែកលើទិន្នន័យពីផ្កាយរណបដែលប្រមូលបានក្នុងរយៈពេល ២៥ឆ្នាំ ដោយទីភ្នាក់ងារ​អវកាស​ណាហ្សា និងទីភ្នាក់ងារអវកាសចិន CNSA អ្នកសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រទេស​​ដែលមានរយៈកម្ពស់ទាប នៅតំបន់មួយចំនួនរបស់ខ្លួន នឹងជួបការឡើង​នូវកម្រិត​ទឹក​សមុទ្រ ៦០% ច្រើនជាងកម្រិតកម្ពស់មធ្យមនៃការកើនឡើងកម្រិតកម្ពស់ទឹក​របស់​ពិភពលោក។

នៅលើផែនដី ការឡើងនូវកម្រិតទឹកសមុទ្រ មិនមានរបៀបដូចៗគ្នាទេ ដោយសារតែ​មាន​មណ្ឌលតំបន់ផ្សេង​ៗ មានទំនាញខុសៗគ្នានៅលើផែនដី និងមានការប្រែប្រួល​នៃ​ថាមភាព​មហាសមុទ្រនៅតំបន់ផ្សេងៗ ផងដែរ។

បើយោងតាមលោកអេខេអេម សៃហ្វ៊ូល អ៊ីស្លាម A K M Saiful Islam មន្រ្តីទទួលបន្ទុកម្នាក់​នៃ​ការ​សិក្សាស្រាវជ្រាវ​អំពីការកើនឡើងកម្រិតទឹកសមុទ្រ​នៅប្រទេសបង់ក្លាដេស បានឲ្យដឹងថា ការឡើងខ្លាំងនៃកម្រិតទឹកសមុទ្រជាងមធ្យមរបស់ពិភពលោកនៅប្រទេសបង់ក្លាដេស កើត​មាន​ឡើង​ដោយសារតែកត្តាជា​ច្រើន រួមមានការរលាយនៃផ្ទាំងទឹកកក ការរីកធំនូវ​បរិមាណ​ទឹក​​ដោយសារការកើនកម្តៅសមុទ្រ និងបរិមាណទឹកសាបដ៏ធំ ដែលចាក់ចូលទៅ​ក្នុងឈូង​សមុទ្រ​បឹងហ្គាល់​ ដោយសារតែមានរដូវភ្លៀងមូសុង។

សមាជិកនៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាល​អំពីការវិវត្តន៍នៃអាកាសធាតុ (Giec)  បានបង្ហាញ​ឲ្យ​​ដឹងដែរថា ប៉ុន្មានទសវត្សចុងក្រោយនេះ ការកើនឡើងនូវកម្រិតទឹកសមុទ្រនៅលើឆ្នេរ​បឹង​ហ្គាល់ គឺមាន ពី៤,២ មីលីម៉ែត្រ ទៅ ៥,៨ មីលីម៉ែត្រ ក្នុងមួយឆ្នាំ ទល់នឹងការកើនឡើង ៣,៧ មីលីម៉ែត្រ​​សម្រាប់​ការកើនឡើងជាមធ្យមនៅលើផែនដី។

បើយោងតាមអ្នកសិក្សាស្រាវជ្រាវ ការសិក្សានេះផ្តល់នូវសារច្បាស់ទៅដល់អ្នកសម្រេចចិត្ត​ខាង​​នយោបាយ​​ត្រូវតែ​ត្រៀមខ្លួនដើម្បី​កម្រិតផលវិបាក​នៃបាតុភូតនេះ និងសម្របខ្លួនផង​ដែរ។

 

Daily Program

Livesteam thumbnail