ទ្វីបអាហ្វ្រិកប្រឈមមុខនឹងទឹកជំនន់ដ៏ខ្លាំងក្លា
យោងតាមស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន HCR បានឲ្យដឹង ថា គ្រួសារជាច្រើនត្រូវភៀសខ្លួន និងមានមនុស្សផ្លាស់ទីលំនៅនៅក្នុង ប្រទេសមួយចំនួននៃទ្វីបអាហ្រ្វិក។ ពួកគេបានប្រឈមមុខនឹងស្ថានភាពមហន្តរាយដោយសារហេតុផលនៃជម្លោះ ពូនផ្តុំ ការប្រែប្រួលអាកាសធាតុ និងស្ថានភាពទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅពេលនេះ។ ប្រជាជនរងគ្រោះត្រូវការជម្រកបន្ទាន់ ចំណីអាហារ ទឹក និងការព្យាបាលវេជ្ជសាស្រ្តភ្លាមៗ។
ទឹកជំនន់បានបង្កមហន្តរាយដល់សហគមន៍ បំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនហានិភ័យដោយគ្មានការការពារសម្រាប់ជនងាយរងគ្រោះបំផុត និងក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនដែលមានជីវភាពយ៉ាប់យឺនរួចហើយ ឲ្យផ្លាស់ទីលំនៅដោយបង្ខំ។
មនុស្សជាច្រើនក្នុងចំណោមជនភៀសខ្លួនទាំងនេះ ត្រូវជ្រកនៅកន្លែងដែលមានមនុស្សលើសចំណុះ គ្មានការប្រៀងទុក និងទទួលបានសេវាកម្មចាំបាច់មានកម្រិត។
នៅអំឡុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទីក្រុងហ្ស៉ឺណេវ លោកវីលៀម ស្ពីនឡើ អ្នកនាំពាក្យ HCR បានថ្លែងថា ៖ “ដោយពិចារណាទៅលើឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ភាពកាន់តែធ្ងន់ធ្ងរនៃអសន្តិសុខចំណីអាហារ និងហានិភ័យកើនឡើងនៃជំងឺដែលមានប្រភពពីទឹកមិនស្អាត វាមានសារសំខាន់ចាំបាច់នឹងថែរក្សានូវអ្វីដែលជនភៀសខ្លួន និងមនុស្សដែលផ្លាស់ទីលំនៅនៅខាងក្នុងប្រទេស ត្រូវការ ដែលមិនគួរធ្វេសប្រហែសឡើយ។”
នៅប្រទេសនីហ្សេរីយ៉ា ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រហារ រដ្ឋ២៩ ក្នុងចំណោម រដ្ឋ ៣៦នៃប្រទេស និងប៉ះពាល់ដល់មនុស្សច្រើងជាង ៦០០០០០នាក់។ យ៉ាងហោចណាស់មានមនុស្ស ២០០នាក់ បានស្លាប់ និងច្រើនជាង ២២៥០០០នាក់ បានផ្លាស់ទីលំនៅ ដែលមនុស្សជាច្រើន បានបាត់បង់អ្វីៗ ទាំងអស់ដោយសារជម្លោះ និងការប្រែប្រួលអាកាសធាតុ។
ការបំផ្លិចបំផ្លាញផ្ទៃដីកសិកម្មច្រើនជាង ១១៥០០០ ហិចតា នឹងអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរនូវស្ថានភាពសន្តិសុខចំណីអាហារនៅពេលដែលមនុស្ស ៣២លាននាក់នៅក្នុងប្រទេសបានប្រឈមមុខនឹងការអត់ឃ្លានស្រួចស្រាវរួចហើយ។
ចំណែកខេត្តចំនួន ២៣ នៃប្រទេសឆាតក៏ត្រូវបានប៉ះពាល់ដោយទឹកជំនន់ផងដែរតាំងពីខែកក្កដា។ យោងតាមអាជ្ញាធរឆាត និងដៃគូ មនុស្សច្រើនជាង ៩៦៤០០០នាក់ ត្រូវបានប៉ះពាល់ដោយទឹកជំនន់នៅថ្ងៃទី២៥ សីហា។ សហគមន៍ជនភៀសខ្លួននៅភាគខាងកើតប្រទេសឆាត គឺងាយរងគ្រោះជាពិសេស ជាមួយនឹងជនភៀសខ្លួនច្រើនជាង ៤០០០០នាក់ រងការប៉ះពាល់។ រហូតមកទល់នឹងពេលនេះ មនុស្ស ១៤៥នាក់ បានស្លាប់។ ផ្ទៃដីច្រើនជាង ២៥១០០០ហិចតា ត្រូវបានលិចទឹក ផ្ទះសម្បែងច្រើនជាង ៧០០០០ខ្នង ត្រូវបានបំផ្លាញ និងសត្វពាហនៈ២៩០០០ក្បាល ក៏បានងាប់។
នៅប្រទេសកាម៉ឺរូន រវាងថ្ងៃទី១១ និងទី២១ ខែសីហា ភ្លៀងលាយព្យុះ បានបំផ្លាញផ្ទះ ៨៦០០ខ្នង ពន្លិចដីកសិកម្ម និងដំណាំ រាប់ពាន់ហិចតា និងបង្កការខូចខាតសត្វចិញ្ចឹមរាប់ពាន់ក្បាល។ មនុស្សជិត ១៩០០០ គ្រួសារ ឬ ១៥៩០០០នាក់ ត្រូវបានប៉ះពាល់ និងមានជនភៀសខ្លួនជិត ៥០០០០នាក់។
អាជ្ញាធរតំបន់ និងដៃគូមនុស្សធម៌ ដាក់ចេញនូវផែនការអន្តរាគមន៍បន្ទាន់ ប៉ុន្តែបានប្រឈមនឹងការលំបាកខាងដឹកជញ្ជូនខ្លាំង ជាពិសេស ការលំបាកទៅដល់កន្លែងរងគ្រោះ និងហានិភ័យដែលកើនឡើងសម្រាប់ជំងឺឆ្លង។
នៅប្រទេសនីហ្ស៉េ ទឹកជំនន់ដ៏ខ្លាំងក្លាដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបង្កការបំផ្លិចបំផ្លាញដ៏សម្បើមជាពិសេសនៅក្នុងតំបន់ ម៉ារ៉ាឌី ដូសសូ ទីលឡាបឺរី និងហ្ស៊ីនឌើ។ ចាប់តាំងពីការធ្លាក់ភ្លៀងនៅខែកក្កដា មនុស្សច្រើនជាង ២១៧នាក់ បានស្លាប់ និងមនុស្សច្រើនជាង ៧០០០០០នាក់ បានរងការប៉ះពាល់។