តំបន់អាស៊ីខាងត្បូង ខ្យល់ព្យុះមូសុង បានធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់ចាប់តាំងពី​ខែមិថុនា

មនុស្សប្រមាណ ៦៥០នាក់ បានស្លាប់ នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងនេប៉ាល់ ដោយសារ​ភ្លៀង​​លាយខ្យល់ព្យុះ។

យោងតាមទិន្នន័យផ្លូវការកាលពីថ្ងៃទី១៣ ខែសីហា បានឲ្យដឹងថា ភ្លៀងលាយខ្យល់ព្យុះ បាន សម្លាប់មនុស្សរាប់រយនាក់ចាប់តាំងពីខែមិថុនា នៅតំបន់អាស៊ីខាងត្បូង ដែលទឹកជំនន់​ និង​ការ​បាក់​ដី​នៅរដូវខ្យល់មូសុងនេះ បានបង្កការខូចខាតជាទូទៅ។ មនុស្សប្រមាណ ៦៥០នាក់ បាន​​ស្លាប់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងនេប៉ាល់។

សេវាកម្មឧតុនិយមឥណ្ឌា បានចេញសេចក្តីព្រមាន នៅសប្តាហ៍នេះ សម្រាប់ខ្យល់ព្យុះ ​ជា​សំខាន់​កើតមាននៅរដ្ឋភាគខាងត្បូង និងរដ្ឋភាគឥសាន។ មន្រ្តីនៅស្រុក ស្ហ៊ីខា រ៉ាណា បាន​ប្រាប់​​ឲ្យដឹងថា កាលពីថ្ងៃអង្គារ អ្នកជួយសង្រ្គោះបានស្វែងរុករកមនុស្ស ២នាក់ ដែលបាន​បាត់​ខ្លួន បន្ទាប់ពី​មានការកើនឡើងនូវទឹកជំនន់ភ្លាមៗ ដែលបានសម្លាប់មនុស្ស ៩នាក់ នៅក្នុង​ស្រុក​​អ៊ុយណា នៅក្នុងរដ្ឋអ៊ីម៉ាស្ហ៉ាល់ ប្រាដេស។

យោងតាមសាក្សីនៅក្នុងរដ្ឋអ៊ុតតា ប្រាដេស ភាគខាងជើង បានឲ្យដឹងថា យានយន្តមួយ​គ្រឿង​ត្រូវបានចរន្តទឹកហូរនាំយកទៅ។ យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ បានស្លាប់​នៅ​ក្នុងទឹកជំនន់ចាប់តាំងពីសប្តាហ៍មុន។ នៅភាគខាងលិច តំបន់វាលលំហនៃរដ្ឋរ៉ាចាសឋាន ស្ថិត​នៅក្នុងទឹក។ បើយោងតាមអាជ្ញាធរតំបន់ បានឲ្យដឹងថា មនុស្សយ៉ាងតិច ២២នាក់ បាន​បាត់បង់​ជីវិតតាំងពីថ្ងៃអាទិត្យ។

យោងតាមតួលេខដែលបានប្រកាសដោយអាជ្ញាធរតំបន់ បានឲ្យដឹងថា នៅក្នុងភាគខាងជើង​នៃ​ប្រទេស​ឥណ្ឌា នៅក្នុងរដ្ឋអ៊ុយតារ៉ាខាន ក៏រងផលប៉ះពាល់ផងដែរ​ដោយទឹកជំនន់ ដែល​បាន​សម្លាប់មនុស្សយ៉ាងហោចណាស់ ៥១នាក់ តាំងពីខែមិថុនា។ ហើយ​នៅក្នុងខែកក្កដា មនុស្ស​ជាង ២០០នាក់ បានស្លាប់នៅក្នុងរដ្ឋភាគខាងត្បូង ខេរ៉ាឡា នៅខណៈដែល​ការបាក់ដី​បាន​វាយប្រហារភូមិជាច្រើន រួមទាំងចំការតែ។

កាលពីខែឧសភា និងមិថុនា ប្រទេសឥណ្ឌា ក៏បានទទួលរងរួចហើយនូវរលកកម្តៅដ៏ខ្លាំងក្លា រហូត​សីតុណ្ហភាពឡើងដល់ 49,2°C ដែលត្រូវបានវាស់វែងឃើញក្នុងរដ្ឋធានីញូ ដេលលី។ គ្រោះមហន្តរាយធម្មជាតិដែលពាក់ព័ន្ធនឹងឧតុនិយមកើតឡើងជាញឹកញាប់នៅរដូវនេះ និង​លាត​​សន្ធឹងពីខែមិថុនា ដល់ខែកញ្ញា។ យោងតាមអ្នកជំនាញ ការប្រែប្រួលអាកាសធាតុ បង្កើន​​ឡើង​នូវកម្រិតភាពញឹកញាប់ និងភាពធ្ងន់ធ្ងរផងដែរ។

ឥណ្ឌាគឺជាប្រទេសទី៣ ដែលបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនសំខាន់។ ប្រទេសនេះ ក៏បាន​តាំង​ចិត្ត​ធ្វើឲ្យសម្រេចនូវការបំភាយកាបូនសូន្យពីពេលនេះទៅដល់ឆ្នាំ២០៧០ ឬពីរទសវត្ស​ក្រោយ​ប្រទេស​ឧស្សាហកម្មភាគច្រើនៃលោកខាងលិច។

យោងតាមអាជ្ញាធរទទួលបន្ទុកគ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងថា នៅប្រទេសប៉ាគីស្ថាន​ជិត​​ខាង រដូវខ្យល់មូសុង បានសម្លាប់មនុស្ស ១៧៨នាក់ ដែលមាន ៩២នាក់ គឺជាកុមារ ចាប់​តាំង​ពី​ការ​មក​ដល់នូវភ្លៀងខែកក្កដា នៅក្នុងប្រទេស។

យោងតាមអាជ្ញាធរទទួលបន្ទុកមហន្តរាយធម្មជាតិក្នុងប្រទេស បានឲ្យដឹងថា ប្រទេសនេប៉ាល់​មានមនុស្ស ១៧១នាក់ បានស្លាប់ ចាប់តាំងពីការចាប់ផ្តើមនូវរដូវខ្យល់មូសុង កាលពីពាក់​កណ្តាល​ខែមិថុនា ក្នុងនោះ មនុស្ស ១០៩នាក់ បានស្លាប់ដោយសារការរអិលបាក់ដី។ មនុស្ស​ជាង ៤០នាក់ បានបាត់ខ្លួន និងយ៉ាងហោចណាស់ប្រជាជន ២០០នាក់ បានរងរបួស។

នៅក្នុងស្រុក ជីតវ៉ាន់ ភាគកណ្តាល រថយន្តពីរគ្រឿងត្រូវបានទឹកនាំយកទៅ​ក្នុងស្ទឹងកាលពី​ពាក់​កណ្តាលខែកក្កដា បន្ទាប់ពីបានឆ្លងកាត់ពីលើរនាំងសន្តិសុខបេតុង នៅពេលមានការ​រអិល​បាក់ដី។ ហើយគ្រោះថ្នាក់នេះ ក៏បានសម្លាប់មនុស្សប្រមាណ ៥០នាក់ ផងដែរ។

 

Daily Program

Livesteam thumbnail