តំបន់ដីសើមនៃវាលទំនាបបឹងទន្លេសាប ជាតំបន់ទីជម្រកចុងក្រោយបង្អស់នៅអាស៊ីអាគ្នេយ៍សម្រាប់សត្វខ្សឹប

តើអ្នកដឹងទេថា តំបន់ដីសើមនៃវាលទំនាបបឹងទន្លេសាប គឺជាទីជម្រកចុងក្រោយបង្អស់ដែលទ្រទ្រង់ដល់ការរស់រានមានជីវិតរបស់សត្វខ្សឹប (Bengal Florican) ដែលជាប្រភេទបក្សីកំពុងរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក (Critically Endangered) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ?។ 

ប្រព៊ភពពី អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ថា ក្នុងពេលដែលចំនួនសរុបនៃប្រភេទពូជបក្សីនេះនៅលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តំបន់វាលស្មៅធម្មជាតិជុំវិញបឹងទន្លេសាបបានក្លាយជាទីតាំងដ៏សំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវា ដោយទ្រទ្រង់ចន្លោះពី ៧០ភាគរយ ទៅ ៨០ភាគរយ នៃចំនួនសត្វខ្សឹបសរុបនៅលើពិភពលោក ខណៈដែលចំនួនដ៏តិចតួច និងដាច់ដោយឡែកពីគ្នា កំពុងមានវត្តមាននៅប្រទេសឥណ្ឌា និងណេប៉ាល់ ។

ដើម្បីតាមដាន និងការពារបក្សីដ៏មានសារៈសំខាន់នេះ អង្គការសមាគមអភិរក្សសត្វព្រៃ WCS ប្រចាំកម្ពុជា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងសហគមន៍មូលដ្ឋាន បានរួមគ្នាធ្វើជំរឿនសត្វខ្សឹបប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៣ មក។ ការតាមដានរយៈពេលវែងនេះ ត្រូវបានធ្វើឡើងនៅក្នុងទីតាំងជាច្រើនដែលត្រូវបានកំណត់ជា «តំបន់ការពារសត្វខ្សឹប» (BFCAs) ទាំងនៅផ្នែកខាងជើង និងខាងត្បូងនៃបឹងទន្លេសាប។

នៅក្នុងឆ្នាំ២០២៦នេះ ចាប់ពីខែមីនា ដល់ខែមិថុនា ក្រុមការងារដែលពោរពេញដោយការប្តេជ្ញាចិត្តរបស់យើង បានចុះបំពេញបេសកកម្មនៅលើវាលទំនាប ដើម្បីធ្វើជំរឿនប្រចាំឆ្នាំ។ អំឡុងពេលនេះ គឺចំពេលរដូវបន្តពូជ ដែលសត្វខ្សឹបឈ្មោលមានសកម្មភាពយ៉ាងខ្លាំងក្នុងការរាំពត់ពេនបង្អួតរោមដើម្បីទាក់ទាញញី ដែលអនុញ្ញាតឱ្យយើងអាចកំណត់រាប់ចំនួនរបាយសត្វ និងវាយតម្លៃលើប្រសិទ្ធភាពរយៈពេលវែងនៃយុទ្ធសាស្ត្រអភិរក្សរបស់យើង។

អង្គការ WCS សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ និងសហគមន៍មូលដ្ឋាន សម្រាប់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនៅលើវាលទំនាប។ សកម្មភាពជំរឿនក្នុងឆ្នាំនេះ ទទួលបានការគាំទ្រដោយមោទនភាពពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិ Margaret A. Cargill Philanthropies (MACP) ៕

 

Daily Program

Livesteam thumbnail