ជិតដាច់ឆ្នាំ កម្ពុជាស្វាគមន៍«កូនផ្សោត»ទី៨ កេីតក្នុងឆ្នាំ ២០២៥

កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។នេះបើយោងតាមក្រសួងកសិកម្មកម្ពុជា។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និង កំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់ ១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន៤ក្បាលផ្សេងទៀត។
យោងតាមក្រសួងកសិកម្មកម្ពុជា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង១៨ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិមានចំនួនសរុបកើនដល់ ១១២ក្បាល៕

Daily Program

Livesteam thumbnail