កំណត់ត្រាកើនឡើងនៃចំនួនចំនួនប្រជាសាស្រ្តសត្វត្រយងចង្កំកសគឺសមិទ្ធផលជោគជ័យយ៉ាងធំ

ប្រទេសកម្ពុជា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) សូមប្រកាស អំពីការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជាគឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni) ។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី1 ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសម្មិទ្ឋិផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសំរាប់សកលលោកនិងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង ៤០សំបុក។ ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។

ការបន្តពូជរបស់សត្វត្រយងចង្កំកសក៍មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន ១៧៥ក្បាលបានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកសបានសរុបចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរអោយចាប់អារម្មណ៍ព្រោះវាស្មើនិង ៨៧​ ទៅ ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ»។

នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជា រួមមានក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាបានបញ្ចាក់ថា "កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាក្នុងឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់ពូជសត្វត្រយងចង្កំកសដោយជោគជ័យ ដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននិងកំពុងដំណើរការបន្តយ៉ាងល្អ"។

"ភាពជោគជ័យនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិក្នុងការលើកកម្ពស់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជទាំងនេះ និងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីប្រមូលធនធាន និងបង្កើនកិច្ចសហការណ៍លើការងារអភិរក្សសត្វត្រយងជិតផុតពូជទាំងពីរប្រភេទនេះ ក្រុមការងារយើងពឹងផ្អែកលើរបាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំនេះដើម្បីតាមដានវឌ្ឍនភាពនៃការអភិរក្សឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយងដែលបានដាក់ចេញ។ លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារយើង ក្នុងការអភិរក្សនិងការពារទីជម្រករបស់ពួកវាបន្តទៀតដើម្បីធានាវត្តមានរបស់ពួកវានៅក្នុងប្រទេសកម្ពុជា»។

សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្សដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណះដែរសត្វត្រយងចង្កំកសបាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត។ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG) សូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះដើម្បីការពារ និងធានាថាសត្វស្លាបដ៏អស្ចារ្យទាំងនេះ មានការកើនឡើងនាពេលអនាគត។ យើងសូមលើកទឹកចិត្តដល់អ្នកធ្វើការសម្រេចចិត្ត និងអ្នកសិក្សាស្រាវជ្រាវធ្វើការពិគ្រោះជាមួយរបាយការណ៍នេះ នៅពេលដែលរៀបចំផែនការគ្រប់គ្រងតំបន់ទេសភាព យុទ្ធសាស្រ្តវិនិយោគ និងគម្រោងស្រាវជ្រាវនានា។

ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) និងបន្តជំរុញកិច្ចសហការណ៍រួមគ្នាក្នុងការអភិរក្សបេតិកភណ្ឌធម្មជាតិរបស់កម្ពុជាមួយនេះ តាមរយះកិច្ចប្រជុំទៀងទាត់ និងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធានាថាទាំងសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ត្រូវបានការពារយ៉ាងប្រសើរ។ របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារសត្វត្រយងកម្ពុជានេះ មិនត្រឹមតែគូសបញ្ជាក់ពីសមិទ្ធផលនៃឆ្នាំកន្លងទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់ដំណាក់កាលនៃសកម្មភាពអភិរក្សនាពេលអនាគតផងដែរ៕

 

Daily Program

Livesteam thumbnail